Signal បាន​ប្រកាស​មុខងារ​ថ្មី ដែល​អាច​លាក់​លេខ​ទូរស័ព្ទ និង​ប្រើ​ឈ្មោះ (username) ជំនួស​វិញ

គួរ​រំលឹកថា Signal តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ផ្តល់​លេខទូរស័ព្ទ​ដើម្បី​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​នេះ នឹង​យក​លេខ​ទូរស័ព្ទ​នោះ ​ធ្វើ​ជា​អត្តសញ្ញាណ​របស់​ពួក​គេ​នា​ពេល​កន្លង​មក។ ទោះ​បី​ជា​កម្មវិធី​នេះ​ ត្រូវ​បាន​ទទួល​ស្គាល់​ថា​ ជា​កម្មវិធី​ផ្ញើសារ​មួយ​ដែល​មាន​សុវត្ថិភាព​ខ្ពស់​ក៏​ដោយ ក៏​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​នៅ​តែ​មាន​កង្វល់ ​ពី​ការ​បង្ហាញ​លេខ​ទូស័ព្ទ​ផ្ទាល់​ខ្លួន  ​ទៅ​អ្នក​ផ្សេង​ដែល​មាន​ក្នុង​បញ្ជី​ទំនាក់​ទំនង Signal របស់​ពួក​គេ។

សំណួរ​ដែល​តែង​តែ​ចោទ​សួរ​នោះ​គឺ៖ ហេតុ​អ្វី​បាន​ជា​ពួក​គេ​ត្រូវ​តែ​ផ្តល់​លេខ​ទូរស័ព្ទ​ ទៅ​នរណា​ម្នាក់​ ដើម្បី​អាច​ទំនាក់​ទំនង​តាម​កម្មវិធី​សុវត្ថិភាព​នេះ? អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ផ្តល់​ទូរស័ព្ទ​ផ្ទាល់​ខ្លួន​ ទៅ​កាន់​មនុស្ស​ដែល​ពួក​គេ​មិន​ធ្លាប់​ស្គាល់​នោះ​ទេ។

ក្រុម​ការ​ងារ​របស់ Signal បាន​ធ្វើ​ការ​ងារ​ជា​ច្រើន ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ហើយ​ទី​បំផុត​ពួក​គេ រក​ឃើញ​ដំណោះ​ស្រាយ ដោយ​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​លាក់​លេខ​ទូរស័ព្ទ​របស់​ពួក​គេ និង​បង្ហាញ​នូវ​ឈ្មោះ​ប្រើ​ប្រាស់​ ឬ​ឈ្មោះ​តំណាង (username) ជំនួស​វិញ។

ខាង​ក្រោម​នេះ​ ជា​អ្វី​ដែល​អ្នក​ប្រើ​ប្រាស់​ទទួល​បាន​នៅ​ពេល​បន្ទាប់​ពី ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Signal។

  • អ្នក​អាច​លាក់​លេខ​ទូរស័ព្ទ​អ្នក​ពី​អ្នក​គ្រប់​គ្នា​នៅ​ក្នុង Signal
    នៅ​ពេល​ដែល​អ្នក​ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវិធី Signal អ្នក​នឹង​ទទួល​បាន​មុខងារ​ថ្មី​ ដែលដែលអាចឱ្យអ្នក​លាក់​លេខ​ទូរស័ព្ទបាន។ ប៉ន្តែ​សូម​ចាំ​ថា អ្នក​ដែល​បាន​រក្សា​ទុក​លេខ​ទូរស័ព្ទ​របស់​អ្នក នៅ​ក្នុង​បញ្ជី​ទំនាក់​ទំនង​ក្នុង​ទូរស័ព្ទ​ពួក​គេ នៅ​តែ​អាច​មើល​ឃើញ​លេខ​ទូរស័ព្ទ​អ្នក​ដដែល នេះ​ក៏​ព្រោះ​តែ​ពួក​គេ​បាន​ស្គាល់​លេខ​ទូរស័ព្ទ​អ្នក​រួច​ទៅ​ហើយ។
  • អ្នក​អាច​កំណត់​មិន​ឱ្យ​អ្នក​ផ្សេង​អាច​ស្វែង​រក​អ្នក​ឃើញ​នៅ​ក្នុង​ Signal តាម​រយៈ​លេខ​ទូរស័ព្ទ​របស់​អ្នក
    នៅ​ពេល​ដែល​អ្នក​បាន​បង្កើត​ឈ្មោះ​តំណាង (username) អ្នក​អាច​កំណត់ មិន​ឱ្យ​អ្នក​ផ្សេង​អាច​ស្វែង​រក​អ្នក​ឃើញ នៅ​ក្នុង Signal តាម​លេខ​ទូរស័ព្ទ​របស់​អ្នក​បាន ទោះ​បី​ជា​ពួក​គេ​បាន​រក្សា​ទុក​លេខ​នោះ​នៅ​ក្នុង ​បញ្ជី​ទំនាក់​ទំនង​ក្នុង​ទូរស័ព្ទ​ពួក​គេ​ក៏​ដោយ។ ពួក​គេ​នឹង​មិន​ដឹង​ថា អ្នក​ប្រើ​លេខ​ទូរស័ព្ទ​នោះ ដើម្បី​ចុះ​ឈ្មោះ​ប្រើ Signal ទេ។ 
  • អ្នក​អាច​ទាក់​ទង​ជា​មួយ​អ្នក​ណា​ក៏​បាន​តាម​ Signal ដោយ​មិន​ចាំ​បាច់​ប្រាប់​លេខទូរស័ព្ទ​ទៅពួកគេ
    ឥឡូវ​នេះ​ អ្នក​អាច​បង្កើត​ឈ្មោះ​តំណាង (username) ហើយ​ប្រាប់​ឈ្មោះ​នោះ​ទៅ​ពួក​គេ ដើម្បី​ឱ្យ​ពួក​គេ​អាច​ស្វែង​រក​អ្នក​នៅ​ក្នុង Signal ដោយ​មិន​ចាំ​ប្រាប់​លេខ​ទូរស័ព្ទ​ដូច​មុន​ទេ។ អ្នក​ក៏​អាច​ផ្ញើ​ តំណ​រភ្ជាប់់ (link) ឬ QR Code ទៅ​កាន់​អ្នក​ដែល​អ្នក​ចង់​ទាក់​ទង ពួក​គេ​គ្រាន់​តែ​ចុច​លើ​តំណ​ភ្ជាប់​នោះ ​ឬ​ធ្វើ​ការ​ស្តេន QR Code របស់​អ្នក នោះ​ពួក​គេ​នឹង​អាច​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​បាន​ហើយ។

រូបភាព៖ signal.org

បច្ចុប្បន្ន មុខ​ងារ​ថ្មី​នេះ កំពុង​ដាក់​ឱ្យ​ប្រើ​សាក​ល្បង (beta version) ដោយ​រំពឹង​ថា​អ្នក​ប្រើ​ប្រាស់​គ្រប់​គ្នា អាច​នឹង​ទទួល​បាន​មុខ​ងារ​ថ្មី​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ ដើម្បី​ទទួល​បាន​មុខ​ងារ​ថ្មី​នេះ ​អ្នក​ត្រូវ​តែធ្វើបច្ចុប្បន្នភាពកម្មវិធី Signal ទៅកាន់ជំនាន់ថ្មីបំផុតរបស់កម្មវិធីនេះ។

របៀប​ បង្កើត​ឈ្មោះ​តំណាង ឬ username

ចូល​ទៅ​កាន់ profile របស់​អ្នក ដោយ​ចុច​លើ រូប profile អ្នក​ចំនួន​២​ដង នោះ​អ្នក​នឹង​ឃើញ @ Username នៅ​ខាង​ក្រោម > ចុច​លើ @username ហើយ​ដាក់​ឈ្មោះ​ដែល​អ្នក​ពេញ​ចិត្ត។
ចំណាំ ឈ្មោះ​នេះ​ជា​ឈ្មោះ​ដែល​ជំនួស​ឱ្យ​លេខ​ទូរស័ព្ទ​អ្នក អ្នក​អាច​ប្រាប់ ឬ​ផ្ញើ​ឈ្មោះ​នេះ​ទៅ​អ្នកដទៃ​បាន។ អ្នក​ក៏​អាច​ដូរ​ឈ្មោះ​នេះ​បាន​ដែរ។​

រូបភាព៖ signal.org

របៀប​លាក់​លេខទូរស័ព្ទ​របស់​អ្នក

  • ចូលទៅកាន់ Settings > Privacy > Phone number ត្រង់ Who can see my phone number > ជ្រើសរើសយក Nobody

របៀប​កំណត់​មិន​ឱ្យ​អ្នក​ផ្សេង​អាច​ស្វែង​រក​អ្នក​ឃើញ​តាម​រយៈ​លេខ​ទូរស័ព្ទ​របស់​អ្នក

  • ចូលទៅកាន់ Settings > Privacy > Phone number ត្រង់ Who can find me by number > ជ្រើសរើសពាក្យ Nobody

ប្រភព៖

អត្ថបទផ្សេងៗទៀត