(វេទិកាសេដ្ឋកិច្ចពិភពលោក – World Economic Forum)
របាយការណ៍ Global Cybersecurity Outlook 2026 ដែលចេញផ្សាយដោយ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) សហការជាមួយ Accenture បង្ហាញទិដ្ឋភាពយុទ្ធសាស្ត្រអំពីស្ថានភាពសន្តិសុខសាយប័រនៅកម្រិតពិភពលោក សម្រាប់ឆ្នាំ ២០២៦។ របាយការណ៍នេះរំលេចពីហានិភ័យ និន្នាការ និងអាទិភាពសំខាន់ៗ ដែលអង្គការ រដ្ឋាភិបាល និងសង្គមទាំងមូលត្រូវប្រឈមមុខ ក្នុងបរិបទឌីជីថលដែលកំពុងផ្លាស់ប្ដូរយ៉ាងលឿន។
១. បរិបទសន្តិសុខសាយប័រដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស
សន្តិសុខឌីជីថលក្នុងឆ្នាំ ២០២៦ ត្រូវបានប៉ះពាល់ដោយការវិវឌ្ឍបច្ចេកវិទ្យាដ៏លឿន ភាពបែកបាក់ផ្នែកភូមិសាស្ត្រនយោបាយ និងភាពមិនស្មើគ្នានៃសមត្ថភាព និងធនធាន។ ការគំរាមកំហែងឌីជីថលកាន់តែមានភាពស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាយ៉ាងខ្លាំង ដែលប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ច ភាពធន់របស់អង្គការ និងជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅទូទាំងពិភពលោក។
២. បញ្ញាសិប្បនិម្មិត (AI)៖ អាវុធមុខពីរ
AI គឺជាកត្តាសំខាន់បំផុតដែលកំពុងផ្លាស់ប្តូរហានិភ័យសន្តិសុខសាយប័រ។
- ៩៤% នៃមេដឹកនាំ គិតថា AI គឺជាកត្តាដែលមានឥទ្ធិពលខ្លាំងបំផុតលើសន្តិសុខសាយប័រក្នុងឆ្នាំនេះ។
- អង្គការជាច្រើនបានចាប់ផ្តើមវាយតម្លៃសុវត្ថិភាពនៃប្រព័ន្ធ AI របស់ខ្លួន ដែលកើនពី ៣៧% ក្នុងឆ្នាំ ២០២៥ ទៅដល់ ៦៤% ក្នុងឆ្នាំ ២០២៦។
- ៨៧% នៃអ្នកឆ្លើយសំណួរ រាយការណ៍ថា ភាពងាយរងគ្រោះពាក់ព័ន្ធនឹង AI កើនឡើងលឿនជាង ប្រភេទហានិភ័យផ្សេងៗទៀត។
AI កំពុងធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយទាំងផ្នែកការពារ និងការវាយប្រហារ៖ ខណៈដែលវាអាចជួយ ស្វែងរកការគំរាមកំហែង ដោយស្វ័យប្រវត្តិ និងបង្កើនសមត្ថភាពការពារ វាក៏អាចបានប្រើសម្រាប់ការវាយប្រហារក្នុងកម្រិតខ្ពស់ផងដែរ ដូចជា ការបែកធ្លាយទិន្នន័យ ការឆបោកតាមអនឡាញដោយស្វ័យប្រវត្តិ ការបង្ហោះព័ត៌មានក្លែងក្លាយ និងការប្រើប្រាស់ ខុសគោលបំណងនៃប្រព័ន្ធ ក្នុងការបង្កើតអត្ថបទ ឬរូបភាព។ ដូច្នេះ ការរកតុល្យភាពរវាងការច្នៃប្រឌិត និងការគ្រប់គ្រង ដោយមានការត្រួតពិនិត្យពីមនុស្ស គឺជាការចាំបាច់។
៣. ភូមិសាស្ត្រនយោបាយ និងហានិភ័យឌីជីថល
កត្តាភូមិសាស្ត្រនយោបាយបានក្លាយជាមូលដ្ឋានសំខាន់សម្រាប់យុទ្ធសាស្ត្រសន្តិសុខឌីជីថល។
- ៦៤% នៃអង្គការ បានគិតគូរអំពីការវាយប្រហារឌីជីថល ដែលមានមូលហេតុនយោបាយ រួមមានការប៉ុនប៉ងរំខានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងសកម្មភាពស៊ើបការណ៍ជាដើម។
- ការជឿជាក់លើភាពរួចរាល់ផ្នែកសាយប័រ របស់ប្រទេសនីមួយៗខុសគ្នាខ្លាំង ហើយស្ថាប័នរដ្ឋ ជាច្រើនរាយការណ៍ថា មានការត្រៀមខ្លួននៅក្នុងកម្រិតទាបជាងវិស័យឯកជន។
ភាពបែកបាក់នយោបាយ និងការប្រកួតប្រជែងរវាងអំណាចធំៗ កំពុងកំណត់ឡើងវិញអំពីកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត និងស្តង់ដារសកលផ្នែកឌីជីថល។
៤. ការបោកប្រាស់តាមអ៊ីនធឺណិត និងអាទិភាពរបស់មេដឹកនាំ
ការបោកប្រាស់តាមអ៊ីនធឺណិត បានក្លាយជាការព្រួយបារម្ភធំបំផុតសម្រាប់មេដឹកនាំ។ មេរោគចាប់ជំរិត (ransomware) ក្លាយជាបញ្ហាឈានមុខគេ ចំពោះនាយកប្រតិបត្តិជាច្រើន។
- ៧៣% នៃអ្នកឆ្លើយសំណួរ រាយការណ៍ថា ពួកគេបានរងផលប៉ះពាល់ ដោយផ្ទាល់ ពីការបោកប្រាស់តាមអ៊ីនធឺណិត ក្នុងឆ្នាំ២០២៥។
- នាយកប្រតិបត្តិ (CEOs) បានដាក់អាទិភាព លើហានិភ័យនៃការឆបោកតាមអ៊ីនធឺណិត និងបញ្ហាពាក់ព័ន្ធនឹង AI លើសពីការគំរាមកំហែង ដែលធ្លាប់កើតមានពីមុន។ បញ្ហា ដូចជាមេរោគចាប់ជំរិត (ransomware) ក្លាយជាហានិភ័យកម្រិតខ្ពស់បំផុត នៅកម្រិតថ្នាក់ដឹកនាំ។
៥. ភាពងាយរងគ្រោះក្នុងខ្សែសង្វាក់ផ្គត់ផ្គង់
ហានិភ័យក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៅតែជាបញ្ហាធំ៖
- ៦៥% នៃក្រុមហ៊ុនធំៗ ចាត់ទុកភាពងាយរងគ្រោះពីភាគីទីបី និងអ្នកផ្គត់ផ្គង់ ជាឧបសគ្គសំខាន់ សម្រាប់ភាពធន់ ផ្នែកសន្តិសុខឌីជីថល។
ភាពខុសគ្នារវាងកម្មវិធីសុសវែរ (software) បច្ចេកវិទ្យាក្លោដ (cloud) និងឧបករណ៍ផ្នែករឹង (hardware) ធ្វើ ឲ្យអង្គការ ងាយរងការវាយប្រហារជាបន្តបន្ទាប់។
៦. វិសមភាពផ្នែកសន្តិសុខឌីជីថល (Cyber Inequity)
មិនមែនប្រទេស ឬអង្គការទាំងអស់មានការរៀបចំស្មើៗគ្នានោះទេ។ ភាពខុសគ្នានៃជំនាញ ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ បង្កើត “វិសមភាពផ្នែកឌីជីថល” ដែលបង្កើនហានិភ័យជារួម។ ខណៈដែលតំបន់ខ្លះមានទំនុកចិត្តខ្ពស់លើ សមត្ថភាពការពារ តំបន់ផ្សេងៗ ជាពិសេសក្នុងប្រទេសកំពុងអភិវឌ្ឍ នៅតែមានសមត្ថភាពខ្សោយនៅឡើយ។
៧. ការអំពាវនាវឲ្យមានភាពធន់រួម
សារសំខាន់មួយរបស់របាយការណ៍គឺ ការកសាងភាពធន់ផ្នែកសន្តិសុខឌីជីថល ត្រូវការកិច្ចសហការរួមគ្នា។ កិច្ចសហប្រតិបត្តិការឆ្លងកាត់វិស័យ ព្រំដែន និងឧស្សាហកម្ម គឺជាវិធីដ៏មានប្រសិទ្ធភាពបំផុត ក្នុងការគ្រប់គ្រងហានិភ័យ ឆ្លើយតបទៅនឹងហេតុការណ៍ និងកសាង ការជឿទុកចិត្តលើសេដ្ឋកិច្ចឌីជីថល។
សេចក្តីសន្និដ្ឋាន
Global Cybersecurity Outlook 2026 បញ្ជាក់យ៉ាងច្បាស់ថា សន្តិសុខឌីជីថល មិនមែនជាបញ្ហាបច្ចេកទេស ឬបញ្ហាផ្នែក ព័ត៌មានវិទ្យា (IT) ប៉ុណ្ណោះទេ។ វាជាបញ្ហាយុទ្ធសាស្ត្រ ដែលភ្ជាប់ជាមួយតម្លៃសេដ្ឋកិច្ច សន្តិសុខជាតិ និងសុខុមាលភាពសង្គម។ ជោគជ័យក្នុងបរិបទនេះ អាស្រ័យលើ សមត្ថភាពក្នុងការរកតុល្យភាព រវាងការច្នៃប្រឌិត (ជាពិសេស AI) និងការគ្រប់គ្រង ការពង្រឹងកិច្ចសហការ និងការកាត់បន្ថយភាពមិនស្មើគ្នា នៃសមត្ថភាព និងការរៀបចំ។
ប្រភព៖ weforum.org