កាលពីថ្ងៃចន្ទ ទី០១ ខែកក្កដា ប្រទេសវៀតណាមបានចាប់ផ្តើមកំណត់ឱ្យមានការស្កេនមុខ ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់សម្រាប់ការទូទាត់ប្រាក់ តាមកម្មវិធីធនាគារលើទូរស័ព្ទដៃ ដែលមានទំហំទឹកប្រាក់ចាប់ពី ៣៩០ដុល្លារឡើងទៅ។
ចាប់តាំងពីមានការរីករាលដាលនៃជំងឺកូវីដ១៩មក អាជីវកម្ម និងសេវាកម្មជាច្រើនត្រូវបានដាក់ឱ្យដំណើរការតាមប្រព័ន្ធអនឡាញ។ ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ ដោយការថត (Selfie) ឬការស្កេនមុខ ក៏បានក្លាយជានិន្នាការមួយដែលចាប់ផ្តើមពេញនិយមក្នុងការប្រើប្រាស់ទូទាំងពិភពលោក និងនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
នៅប្រទេសវៀតណាម រដ្ឋាភិបាលបានដាក់ចេញនូវច្បាប់ថ្មីមួយ ដែលតម្រូវឱ្យអ្នកប្រើប្រាស់ដែលធ្វើការទូទាត់ប្រាក់តាមកម្មវិធីធនាគារនៅលើទូរស័ព្ទដៃ ត្រូវធ្វើការបញ្ជាក់អត្តសញ្ញាណរបស់ខ្លួន ដោយការស្កេនមុខ រាល់ការធ្វើប្រតិបត្តិការដែលមានទំហំទឹកប្រាក់ចាប់ពី ៣៩០ដុល្លាឡើងទៅ។
លោក Tung Vu ប្រធានផ្នែកផលិតផល របស់ក្រុមហ៊ុន VNG ដែលជាអភិវឌ្ឍន៍លើបច្ចេកវិទ្យាកំណត់សម្គាល់ផ្ទៃមុខ និងក៏ជាក្រុមហ៊ុនដែលបានផ្គត់ផ្គង់កម្មវិធីនេះ ដល់ធនាគារជាច្រើន បានលើកឡើងថា “បច្ចេកវិទ្យានេះ នឹងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលជាងមុន”។
“ច្បាប់ថ្មីនេះ បង្កើតឡើងដើម្បីធានានូវសុវត្ថិភាព ដល់អ្នកប្រាស់ លើការទូទាត់ប្រាក់តាមអនឡាញ” ។ នេះជាការលើកឡើងរបស់ធនាគារជាតិវៀតណាម។
ប៉ុន្តែសកម្មជនអ៊ីនធឺណិត លើកឡើងពីហានិភ័យនៃការប្រមូលទិន្នន័យរបស់អ្នកប្រើប្រាស់ និងភាពងាយរងគ្រោះចំពោះការលួចចូល ឬការគ្រប់គ្រងទិន្នន័យមិនបានល្អអាចធ្វើឱ្យមានការបែកធ្លាយទិន្នន័យទាំងនោះ ខណៈពេលដែលប្រទេសវៀតណាម ជាប្រទេសទទួលបានចំណាត់ទាបទាក់ទងនិង សុវត្ថិភាព និងឯកជនភាពនៅលើអ៊ីនធឺណិត។
កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៤ Resecurity បានចេញរបាយការណ៍ ដែលបង្ហាញពីការរកឃើញនូវការលួចទិន្នន័យ អត្តសញ្ញាណរបស់ប្រជាជន សិង្ហបុរី ដែលបានចរាចរណ៍លក់នៅលើទីផ្សារងងឹត ដែលទិន្នន័យទាំងនោះ អាចត្រូវបានប្រើសម្រាប់ការបោកបញ្ឆោត ការក្លែងបន្លំអត្តសញ្ញាណ និងអាចប្រើសម្រាប់ការផ្ទៀងផ្ទាត់ អត្តសញ្ញាណអ្នកប្រើប្រាស់តាមរយៈការស្កេនមុខ (Know Your Customer – KYC) ផងដែរ។ គួររំលឹកថា ប្រជាជននៅសិង្ហបុរី តម្រូវឱ្យមានប្រព័ន្ធអត្តសញ្ញាណឌីជីថល ឈ្មោះថា SingPass (Singapore Personal Access) ដែលអនុញ្ញាតឱ្យបុគ្គលម្នាក់ៗអាចចូលប្រើប្រាស់សេវាកម្មរបស់រដ្ឋាភិបាល និងវិស័យឯកជន ជាង២០០០សេវាកម្ម តាមអ៊ីនធឺណិត និងដោយផ្ទាល់។ ការបង្កើត SignPass គឺតម្រូវឱ្យអ្នកប្រើប្រាស់ ថតរូបខ្លួនឯង (selfie) ដោយកាន់ក្រដាសមួយសន្លឹក មានសរសេរអក្សរផ្ទាល់ដៃ ភ្ជាប់ជាមួយនឹងអត្តសញ្ញាណបណ្ណ (ID) របស់ខ្លួន។

ការផ្ទៀងផ្ទាត់អត្តសញ្ញាណដោយប្រើ Liveness checks
ការថតរូបខ្លួនឯងនេះ ជាបច្ចេកវិទ្យាសុវត្ថិភាពថ្មីមួយ ដែលរួមបញ្ចូលជាមួយនឹងបច្ចេកវិទ្យា បញ្ញាសិប្បនិមិត្ត (AI) ដែលបច្ចេកវិទ្យានេះ ត្រូវបានគេហៅថា Liveness checks / Liveness detection ដែលមានន័យថាការផ្ទៀងផ្ទាត់ដើម្បីបញ្ជាក់អត្តសញ្ញាណមនុស្សពិត តាមរយៈសកម្មភាពនៅរស់រានមានជីវិតរបស់ពួកគេ។ ប៉ុន្តែសូមចាំថា បច្ចេកវិទ្យានេះ វាខុសនឹងការបញ្ជាក់អត្តសញ្ញាណដែលជាការថតរូបសន្លឹកធម្មតា។ ការប្រើវិធីសាស្រ្តស្កេនមុខមួយចំនួន មិនមែនជា Liveness Check នោះទេ។ ករណីប្រជាជនសិង្ហបុរីប្រើ SingPass ជាការថតរូបធម្មតា ដែលពេលខ្លះគេអាចយករូបថតសន្លឹកផ្សេង ទៅស្កេនដើម្បីជំនួសបាន។ ការប្រើបច្ចេកវិទ្យា Liveness Check តម្រូវឱ្យអ្នកប្រើប្រាស់ ធ្វើការស្កេនមុខខ្លួនឯង ត្រង់កន្លែងកំណត់ណាមួយ (ឧ. ដាក់មុខឱ្យត្រូវក្នុងរង្វង់) និងធ្វើសកម្មភាពមួយចំនួនដូចជា ប្រិចភ្នែក ជាដើម។ បន្ទាប់មក ទិន្នន័យស្កេនមុខនេះ នឹងប្រើបច្ចេកវិទ្យា AI ដើម្បីយកទៅផ្ទៀងផ្ទាត់នឹងទិន្នន័យដែលមានស្រាប់នៅក្នុងកន្លែងផ្ទុកទិន្នន័យដែលមានស្រាប់ (Database)។ គេមិនអាចប្រើរូបថតសន្លឹក ឬវីឌីអូ ដែលថតមុខខ្លួនឯងទុក (record) យកទៅផ្ទៀងផ្ទាត់បានជោគជ័យនោះទេ។

ប្រភព
- https://www.theregister.com/2024/07/08/selfie_authentication_security/
- https://support.straitsx.com/hc/en-us/articles/4410446534553-Why-is-selfie-compulsory-for-Singapore-based-account-verification
- https://www.resecurity.com/blog/article/cybercriminals-are-targeting-digital-identity-of-singapore-citizens
- https://decentro.tech/blog/liveness-check/
- https://asia.nikkei.com/Business/Technology/Vietnam-requires-facial-recognition-for-digital-payments
- https://coingeek.com/vietnam-mandates-facial-recognition-for-digital-payments-above-390