ស្រមៃថាអ្នកកំពុងដើរលេងតាមឆ្នេរសមុទ្រដ៏ស្ងប់ស្ងាត់ជាមួយនឹងសម្លៀកបំពាក់ឈុតហែលទឹករបស់អ្នក។ ភ្លាមៗនោះ ស្រាប់តែមានមនុស្សចម្លែកម្នាក់ដើរសំដៅមករកអ្នក រួចដកទូរស័ព្ទ ឬកាមេរ៉ារបស់គេចេញហើយក៏ថតអ្នក។ អ្នកប្រហែលជាប្រតិកម្មភ្លាមពីការដែលមនុស្សចម្លែកនោះហ៊ានរំលោភសិទ្ធិឯកជនភាពរបស់អ្នក និងទាមទារឱ្យពួកគេលុបរូប ឬវីដេអូនោះចេញជាបន្ទាន់។
ខាងក្រោមនេះ យើងនឹងបង្ហាញចំណុចដែលគួរឱ្យបារម្ភពីការប៉ះពាល់ដល់ឯកជនភាព និងសុវត្ថិភាពពីការប្រើវ៉ែនតាឆ្លាតវៃនេះ។
វ៉ែនតានេះអាចក្លាយជាឧបករណ៍សម្រាប់អ្នកតាមដាន និងចារកម្ម
វ៉ែនតានេះមើលទៅវាដូចនឹងវ៉ែនតាធម្មតាអីចឹង តែវាមានផ្ទុកកាម៉េរាដែលមានទំហំ 5 មេហ្គាភិចស៊ែល ដែលអាចថតបានក្នុងកម្រិតច្បាស់ល្អបានគ្រប់ពេល។ វ៉ែនតាឆ្លាតវៃនេះ អាចថតរូប និងថតវីឌីអូបានចំនួន៣០វិនាទី ដោយអ្នកពាក់វ៉ែនតាគ្រាន់តែចុចប៊ូតុងលើដងវ៉ែនតា ឬក៏បញ្ជាដោយប្រើសំឡេង។
ចំណុចដែលជាបញ្ហានោះគឺ និមិត្តសញ្ញាភ្លើងពណ៌សតូចមួយ ជានិមិត្តសញ្ញាដែលបញ្ជាក់ថា វ៉ែនតានេះកំពុងតែដំណើរការថត វាលំបាកក្នុងការកំណត់សម្គាល់ក្នុងរយៈចម្ងាយឆ្ងាយ និងនៅពេលថ្ងៃ។ គណៈកម្មការការពារទិន្នន័យរបស់ប្រទេសអៀរឡង់ បានស្នើឱ្យហ្វេសប៊ុកធ្វើការបង្ហាញដើម្បីបញ្ជាក់ថា ពន្លឺនេះគឺជាមធ្យោបាយមួយ ក្នុងការជូនដំណឹងដល់អ្នកនៅជុំវិញ ដើម្បីឱ្យពួកគេដឹងថាវ៉ែនតានេះកំពុងតែដំណើរការថត។ វាជាបញ្ហា នៅពេលដែលអ្នកនៅជុំវិញមនុស្សដែលពាក់វ៉ែនតានេះ មិនបានដឹងថា ពួកគេកំពុងតែបានថតដោយជននោះ។
Facebook និង Ray-Ban បាននិយាយថា ពួកគេបានពិគ្រោះយោបល់ជាមួយក្រុមអ្នកជំនាញជាច្រើនរាប់បញ្ចូលទាំងក្រុមអ្នកស្រាវជ្រាវ អ្នកជំនាញផ្នែកសិទ្ធិឯកជនភាព សុវត្ថិភាព ក្រុមអង្គការសង្គមស៊ីវិលជាដើម។ល។ អង្គការ Access Now ក៏បានចូលរួមផ្តល់មតិយោបល់ក្នុងដំណាក់កាលនៃការរចនាវ៉ែនតានេះដែរ ហើយការលើកឡើងដែលចម្បងរបស់អង្គការនេះគឺ ការផ្តល់សញ្ញាជូនដំណឹងដល់អ្នកដែលនៅជុំវិញនៅពេលដែលឧបករណ៍នេះដំណើរការថត ប៉ុន្តែមតិយោបល់ទាំងនោះត្រូវបានច្រានចោល។
អង្គការដដែលនេះបានពន្យល់ថា មានមធ្យោបាយល្អជាងនេះ ជាច្រើនក្នុងការជូនដំណឹងដល់អ្នកជុំវិញ ជាជាងការប្រើពន្លឺ LED ពណ៌សតូចមួយនេះ។ ឧទាហរណ៍ដូចជាការជំនួសដោយប្រើពន្លឺពណ៌ក្រហម ដែលជាទូទៅវាជាសញ្ញាជូនដំណឹងអំពីការថត។ ហេតុអ្វីពួកគេមិនប្រើសំឡេង នៅពេលដែលចុចថត ឬធ្វើការរចនាវ៉ែនតានេះឱ្យខុសប្លែកពីគេជាដើម។ល។
ឆ្លាតវៃ = តាមដាន និងតាមដាន
ប្រសិនបើអ្នកចង់ទិញវ៉ែនតានេះ អ្នកត្រូវសួរខ្លួនឯងជាមុនថា តើអ្នកពិតជាចង់ក្លាយជាមនុស្សម្នាក់ក្នុងបណ្តាញនៃកាមេរ៉ាឃ្លាំមើល ដែលនៅជុំវិញខ្លួនដែរឬទេ? វ៉ែនតាដែលមានសមត្ថភាពលួចថតដោយសម្ងាត់បែបនេះ នឹងធ្វើឱ្យកាន់តែមានការរីករាលដាលនៃការតាមដានគ្រប់ទីកន្លែង ហើយនឹងធ្វើឱ្យប៉ះពាល់កាន់តែខ្លាំងដល់ក្រុមមនុស្សដែលមិនបានយល់ពីភាពឆ្លាតវៃនៃបច្ចេកវិទ្យាទាំងនេះ។

តើហ្វេសប៊ុកយកចិត្តទុកដាក់ពីសិទ្ធិឯកជនភាពរបស់អ្នកខ្លាំងកម្រិតណា?
ក្រៅពីផលប៉ះពាល់ដល់អ្នកនៅជុំវិញខ្លួនដែលអាចនឹងត្រូវបានថតដោយវ៉ែនតានេះដោយមិនដឹងខ្លួន អ្នកពាក់វ៉ែនតានេះក៏រងនូវផលប៉ះពាល់ផងដែរ។ យើងនូវមិនទាន់ដឹងថា តាមរយៈវ៉ែនតានេះ តើទិន្នន័យអ្វីខ្លះដែលពួកគេនឹងប្រមូលយក? តើទិន្នន័យទាំងនោះត្រូវបានរក្សាទុកដោយរបៀបណា? តើពួកគេនឹងចែករំលែកវាទៅឱ្យអ្នកណាខ្លះ? ក្នុងគោលបំណងអ្វី?
បញ្ញាផ្សេងទៀតនោះគឺ នៅពេលដែលហ្វេសប៊ុករំកិលខ្លួនទៅកាន់ទីផ្សារក្នុងការផលិត ឧបករណ៍ផ្នែករឹងបែបនេះ នោះតម្រូវឱ្យអ្នកដែលពាក់វ៉ែនតា Ray-Ban Stories ទាំងអស់ត្រូវភ្ជាប់វ៉ែនតានេះ ជាមួយនឹងគណនីហ្វេសប៊ុករបស់ខ្លួន និងត្រូវប្រើកម្មវិធី Facebook View App ដើម្បីជាមធ្យោបាយក្នុងការបញ្ជូនរូបភាព និងវីឌីអូ។
Facebook View App អាចនឹងប្រមូលទិន្នន័យមួយចំនួនដូចជា ទិន្នន័យអំពីសុខភាព និងកាយសម្បទា ទិន្នន័យហិរញ្ញវត្ថុ ទីតាំង បញ្ជីទំនាក់ទំនង ប្រវត្តិពីសកម្មភាពនៃការប្រើអ៊ីនធឺណិត និងព័ត៌មានសំខាន់ៗជាច្រើនទៀត។ នេះមានន័យថា អ្នកដែលប្រើវ៉ែនតានេះ ត្រូវតែយល់ព្រមផ្តល់សិទ្ធិឱ្យហ្វេសប៊ុកក្នុងការប្រើទិន្នន័យសំខាន់ៗទាំងនោះ ដើម្បីអាចឱ្យវ៉ែនតានេះ អាចដំណើរការមុខងារសាមញ្ញៗរបស់ខ្លួនបាន។
វែ៉នតាឆ្លាតវៃ Ray-Ban Stories ជាជំហានដំបូងនៃការអភិវឌ្ឍ បច្ចេកវិទ្យាវ៉ែនតា AR ដែលជាផ្នែកមួយនៃគម្រោង Project Aria របស់ក្រុមហ៊ុនហ្វេសប៊ុក។ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរួមមាន Facebook , Apple និងក្រុមហ៊ុនជាច្រើនទៀត កំពុងមើលឃើញថា AR ជាអនាគតរបស់បច្ចេកវិទ្យាកុំព្យូទ័រនៅពេលខាងមុខ។ ការលេចរូបរាងនៃវ៉ែនតាដែលផលិតដោយក្រុមហ៊ុនហ្វេសប៊ុកនេះ បញ្ជាក់ឱ្យឃើញថា ក្រុមហ៊ុនហ្វេសប៊ុកមិនបានផ្តល់អាទិភាពដល់ការគោរព និងការការពារសិទ្ធិរបស់អ្នកប្រើប្រាស់នោះទេ ពួកគេយកចិត្តទុកដាក់ក្នុងការសម្រេចឱ្យបាននូវ គោលដៅនៃការអភិវឌ្ឍបច្ចេកវិទ្យារបស់ពួកគេតែប៉ុណ្ណោះ។
ប្រភពៈ