Meta បិទគណនីជាង ១៥ ម៉ឺនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់នៅអាស៊ីអាគ្នេយ៍ ក្នុងប្រតិបត្តិការបង្ក្រាបសកល

ក្រុមហ៊ុន Meta បានប្រកាសកាលពីថ្ងៃពុធ ទី១១ ខែមីនាថា ខ្លួនបានបិទគណនីជាង ១៥ម៉ឺនគណនី ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍។ វាជាផ្នែកមួយនៃការខិតខំប្រឹងប្រែងរួមគ្នា ដោយមានការសហការជាមួយអាជ្ញាធរពីប្រទេសជាច្រើន រួមមានប្រទេស ថៃ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា កូរ៉េ ជប៉ុន សិង្ហបុរី ហ្វីលីពីន អូស្ត្រាលី នូវែលសេឡង់ និងឥណ្ឌូនេស៊ី។ 

ក្រុមហ៊ុនបានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះក៏បាននាំឲ្យមានការចាប់ខ្លួន មនុស្ស ២១ នាក់ ដោយ ប៉ូលិសរាជវង្សថៃ។ សកម្មភាពនេះកើតឡើងបន្តពីគម្រោងសាកល្បងមួយនៅខែធ្នូ ឆ្នាំ ២០២៥ ដែលបាននាំឲ្យ Meta ដកចេញ ទំព័រហ្វេសប៊ុក (Pages) និងក្រុមនៅក្នុងហ្វេសប៊ុក (Groups) ចំនួន ៥៩,000 ពីវេទិការបស់ខ្លួន ហើយបានចេញ ដីកាចាប់ខ្លួនចំនួន ៦ ករណី។ 

ក្នុងសេចក្តីថ្លែងការណ៍មួយ Meta បាននិយាយថា៖ 
“ការបោកប្រាស់តាមអ៊ីនធឺណិតបានក្លាយជាការប្រតិបត្តិដែលមានភាពស្មុគស្មាញ និងមានលក្ខណៈឧស្សាហកម្មកាន់តែខ្លាំងនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ បណ្តាញឧក្រិដ្ឋកម្មជាច្រើនដែលស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ នៅក្នុងប្រទេសដូចជា កម្ពុជា មីយ៉ាន់ម៉ា និងឡាវ កំពុងដំណើរការជាប្រតិបត្តិការអាជីវកម្មពេញលេញ។ ប្រតិបត្តិការទាំងនេះបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ — វាបំផ្លាញជីវិតមនុស្ស បំផ្លាញការជឿទុកចិត្ត និងត្រូវបានាង្កើតឡើងដោយចេតនា ដើម្បីជៀសវាងការរកឃើញ និងការរារាំង។” 

ក្នុងពេលតែមួយ Meta ក៏បានប្រកាសឧបករណ៍ថ្មីមួយចំនួន ដើម្បីការពារអ្នកប្រើប្រាស់ នៅពេលប្រព័ន្ធរកឃើញសញ្ញាហានិភ័យពាក់ព័ន្ធនឹងការបោកប្រាស់ ដូចជា៖ 

  • ការព្រមានថ្មីលើ Facebook នៅពេលអ្នកប្រើប្រាស់ទទួលសារពីគណនីដែលមានលក្ខណៈគួរ​ឱ្យសង្ស័យ។ 
  • ការជូនដំណឹងទៅអ្នកប្រើប្រាស់ នៅពេលពួកគេទទួលសំណើភ្ជាប់ឧបករណ៍នៅលើ WhatsApp ដែលមានភាពសង្ស័យ ដោយប្រើល្បិចបញ្ឆោតឲ្យស្កេន QR code ដើម្បីភ្ជាប់ឧបករណ៍របស់អ្នកបោកប្រាស់ទៅគណនីរបស់ពួកគេ។ 
  • ការពង្រីកមុខងាររកឃើញការបោកប្រាស់កម្រិតខ្ពស់លើ Facebook Messenger ដែលអាចជំរុញឲ្យអ្នកប្រើប្រាស់ចែករំលែកសារសន្ទនាថ្មីៗ សម្រាប់ការវិភាគដោយ AI នៅពេលការសន្ទនាណាមួយបង្ហាញលំនាំការបោកប្រាស់ដូចជា ការផ្តល់ការងារគួរឱ្យសង្ស័យ។ 

ក្រុមហ៊ុនបណ្តាញសង្គមយក្សនេះក៏បាននិយាយថា នៅឆ្នាំ ២០២៥ ខ្លួនបានដកចេញ ការផ្សាយពាណិជ្ជកម្មបោកប្រាស់ជាង ១៥៩ លាន ដែលបានល្មើសនឹងគោលនយោបាយរបស់ខ្លួន។ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានបិទ គណនី ១០. លាន នៅលើ Facebook និង Instagram ដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលបោកប្រាស់ឧក្រិដ្ឋកម្ម។ 

លើសពីនេះ Meta ក៏បានប្រកាសផែនការពង្រីក ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកផ្សាយពាណិជ្ជកម្ម ដើម្បីបង្កើនភាពថ្លៃថ្នូរ និងកាត់បន្ថយការប្រើប្រាស់អត្តសញ្ញាណក្លែងក្លាយដោយអ្នកប្រព្រឹត្តអំពើអាក្រក់។ 

ការអភិវឌ្ឍនេះកើតឡើងក្នុងពេលដែលរដ្ឋាភិបាលចក្រភពអង់គ្លេស បានបង្កើត មជ្ឈមណ្ឌលឧក្រិដ្ឋកម្មអនឡាញថ្មី (Online Crime Centre) ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត រួមទាំងការបោកប្រាស់ដែលកំពុងកើនឡើងពីមជ្ឈមណ្ឌលបោកប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍ អាហ្វ្រិកខាងលិច អឺរ៉ុបខាងកើត ឥណ្ឌា និងចិន។ 

មជ្ឈមណ្ឌលនេះនឹងប្រមូលអ្នកជំនាញពី រដ្ឋាភិបាល ប៉ូលីស អង្គភាពស៊ើបការណ៍ ធនាគារ បណ្តាញទូរស័ព្ទ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បីសហការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ 

អង្គភាពបង្ក្រាបនេះត្រូវបានរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការនៅ ខែក្រោយ។ វាជាផ្នែកមួយនៃ យុទ្ធសាស្ត្រប្រឆាំងការក្លែងបន្លំឆ្នាំ ២០២៦២០២៩ របស់រដ្ឋាភិបាលអង់គ្លេស ដែលក៏បានរៀបចំផែនការប្រើប្រាស់ បញ្ញាសិប្បនិម្មិត (AI) ដើម្បី៖ 

  • រកឃើញលំនាំការក្លែងបន្លំថ្មីៗ 
  • បញ្ឈប់ការផ្ទេរប្រាក់ដែលមានភាពសង្ស័យបានលឿនជាងមុន 
  • ប្រើ “chatbot បន្លំអ្នកបោកប្រាស់ (scam-baiting chatbots)” ដើម្បីបញ្ឆោតអ្នកក្លែងបន្លំ និងប្រមូលព័ត៌មានស៊ើបការណ៍។ 

រដ្ឋាភិបាលអង់គ្លេសបាននិយាយថា៖ 
“ដោយមានថវិកាជាង ៣០ លានផោន មជ្ឈមណ្ឌលនេះនឹងសម្គាល់គណនី វេបសាយ និងលេខទូរស័ព្ទដែលក្រុមឧក្រិដ្ឋកម្មប្រើប្រាស់ ហើយបិទវាចោលក្នុងកម្រិតធំ ដោយរារាំងសារ SMS បោកប្រាស់ បង្កកគណនីឧក្រិដ្ឋកម្ម ដកគណនីបោកប្រាស់នៅលើបណ្តាញសង្គម និងរំខានដល់ប្រតិបត្តិការនៅប្រភពដើម។” 

ប្រភព៖ https://thehackernews.com/2026/03/meta-disables-150k-accounts-linked-to.html

អត្ថបទផ្សេងៗទៀត