សប្តាហ៍​ឯក​ជន​ភាពទិន្នន័យ (Data Privacy Week)

សប្តាហ៍​ឯក​ជន​ភាព​ទិន្នន័យ គឺ​ជា​កិច្ច​ការងារ​ជា​សកល​មួយ ដែល​ធ្វើ​ឡើង​ជា​រៀង​រាល់ឆ្នាំ ក្នុង​អំឡុង​សប្តាហ៍ នៃ​ថ្ងៃ​ទី ២៨ ខែ មករា។ គោល​ដៅ គឺ​ដើម្បី​បំផុស​ការ​សន្ទនា និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​បុគ្គល​ និង​អង្គភាព​នានា ក្នុង​ការ​គោ​រព​ឯកជនភាព ការពារ​ទិន្នន័យ និង​ធ្វើ​ឱ្យ​មាន ទំនុក​ចិត្ត​បន្ថែម​លើ​បញ្ហានេះ។

  

ចំ​នុច​មូល​ដ្ឋាន​មួយ​ចំ​នួន ដើម្បី​រក្សា​ព័ត៌​មាន​ផ្ទាល់​ខ្លួន របស់​អ្នក​ឱ្យ​មាន​សុ​វត្ថិ​ភាព រួម​មាន​​ការ​កំ​ណត់​ឯក​ជន​ភាព​លើ​គណនី​អន​ឡាញ ​ពាក្យ​សម្ងាត់​រឹង​មាំ និង​ការ​ប្រើ​ប្រាស់​ឧ​ប​ករណ៍​ផ្ទៀង​ផ្ទាត់​ពាក្យ​សម្ងាត់​ពីរ​កត្តា​។

បច្ចេក​វិទ្យា​ឌី​ជី​ថល បាន​ដើរ​ទៅ​មុខ​យ៉ាង​ឆាប់​រហ័ស ហើយ​វា​បាន​ក្លាយ​ជា ផ្នែក​មួយ​ដ៏​សំ​ខាន់​នៃ​ជី​វិត​របស់​យើង​។ ដូច​នេះ យើង​ត្រូវ​ចេះ ទាញ​យក​ផល​ប្រ​យោជន៍ ពី​ធន​ធាន​ដែល​មាន​ស្រាប់​ដែល​មាន​នៅ​លើ​អ៊ីន​ធឺ​ណិត​ រួម​មាន​ កម្ម​វិ​ធី និង​ចំ​ណេះ​ដឹង​ផ្សេងៗ​ជា​ច្រើន​។

យោង​តាម​ការ​ស្រង់​មតិ ដោយ​ក្រុម​ហ៊ុន Bitwarden ពី​សំ​ណាក់ អ្នក​ចូល​រួម​ចំ​នួន ៣០៥៨ នាក់ បានឲ្យដឹង​ថា កម្ម​វិ​ធី​រុក​រក Firefox និង Brave ជា​កម្ម​វិ​ធី​ដែល​មាន​ប្រ​ជា​ប្រិយ​ភាព​ជាង​គេ ក្នុង​ចំ​ណោម​កម្មវិធី​រុក​រក​ទាំង​អស់​។ ស្រប​ពេល​ដែល ProtonMail ជា E-mail ដែល​មាន​ការ​ពេញ​និ​យម​ជាង​គេ​។ និ​យាយ​អំ​ពី​កម្ម​វិ​ធី ផ្ញើ​សារ កម្ម​វិ​ធី Signal ឈរ​ក្នុង​លំ​ដាប់​ថ្នាក់​លេខ ១ រីឯ កម្ម​វិ​ធី Telegram មានចំ​ណាត់ថ្នាក់​លេខ ២។​

លើស​ពី​នេះ​ទៀត ក្រុម​ហ៊ុន Bitwarden បាន​រក​ឃើញ​ថា ការ​ដាក់​ការ​ផ្ទៀង​ផ្ទាត់​លេខ​កូដ​សម្ងាត់​ពីរ​កត្តា​គឺ​ជា​បញ្ហា​លំ​បាក​សម្រាប់​អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​។ បន្ទាប់​មក គឺ ការ​ប្រើ​ប្រាស់​កម្ម​វិ​ធី ដែល​មាន​សុ​វត្ថិ​ភាព ក្នុង​ការ​ទំ​នាក់​ទំ​នង ការ​ប្រើ​ប្រាស់​កម្ម​វិ​ធី​រុក​រក​ឲ្យ​មាន​សុវត្ថិ​ភាព ការ​ដាក់​លេខ​កូដ​សម្ងាត់​រឹង​មាំ និង ការ​ធ្វើ​បច្ចុប្បន្ន​ភាព​ឧ​ប​ករណ៍​។

ប្រភព៖ bitwarden.com