DeepSeek កម្ម​វិធី AI ថ្មី​របស់​ចិន​រង​ការ​វាយ​ប្រហារ

DeepSeek ជា​កម្មវិធី AI ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ថ្មី​មួយ​របស់​ចិន ដែល​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ បាន​បិទ​ឈប់​ទទួល​ការ​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​បណ្តោះ​អាសន្ន ដោយ​សារ​កំពុង​ទទួល​រង​ការ​វាយ​ប្រហារ​។

ក្រុម​ហ៊ុន​បាន​ប្រកាស​ថា ដោយ​សារ​តែ​រង​ការ​វាយ​ប្រហារ​ទ្រង់​ទ្រាយ​ធំ​មក​លើ DeepSeek  សេវាកម្ម​នេះបាន​ផ្អាក​ការ​ចុះ​ឈ្មោះ​ជា​បណ្តោះ​អាសន្ន​ដើម្បី​អាច​ធា​នា​បាន​ថា កម្មវិធី​បញ្ញាសិប្បនិម្មិត​នេះ​ នូវ​តែ​អាច​ដំណើរ​ការ​បាន​សម្រាប់​អ្នក​ប្រើ​ប្រាស់​ដែល​បាន​ចុះ​ឈ្មោះ​ និង​កំពុង​ប្រើ​កម្មវិធី​នេះ។

គួរ​រំលឹក​ថា DeepSeek  ជា​កម្មវិធី​បញ្ញា​សិប្បនិម្មិតថ្មី បង្កើត​ឡើង​ដោយ​ក្រុម​ហ៊ុន​ធុរកិច្ច​របស់​ចិន ក្នុង​ទី​ក្រុង​ហាង​ជូវ​។ AI ថ្មី​នេះ ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នឹង​ឈរ​នៅ​ក្នុង​លេខ​រៀង​ជួរ​មុខ​លើ ChatGPT របស់​សហរដ្ឋអា​មេរិក​ទៅ​ទៀត នៅ​ក្នុង​តារាង​បញ្ជី​កម្មវិធី​ដែល​មាន​ការ​ពេញ​និយម​បំផុត របស់​ក្រុម​ហ៊ុន​អេបផល (App Store) នៅក្នុង​សប្តាហ៍​នេះ។

DeepSeek បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង ដោយ​សារ​តែ​ក្រុមហ៊ុន​នេះ អាច​បង្កើត​កម្មវិធី​បញ្ញា​សិប្បនិម្មិត​ដែល​ទំនើប មាន​សមត្ថភាព​ខ្ពស់ អាច​ប្រកួត​ប្រជែង​ជា​មួយ​នឹង​កម្មវិធី​បញ្ហា​សិប្បនិម្មិត​ល្បី​ផ្សេងៗ​ទៀត ដូច​ជា កម្មវិធី​ ChatGPT ជាដើម ជា​មួយ​នឹង​ការ​ចំណាយ​យ៉ាង​តិច បើ​ប្រៀប​ធៀប​នឹង​កម្មវិធី AI ល្បីៗ​របស់​សហរដ្ឋ​អាមេរិក។​ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០២៤, DeepSeek បាន​ចេញ​កម្មវិធី​ជំនាន់​ទី៣ (DeepSeek-V3) ដែល​ជា​ប្រភេទ AI អាច​ផលិត​មាតិកា​ថ្មី​ (Generative AI Model) ដែល​មាន ៦៧១ ពាន់លាន ប៉ារ៉ាមែតទ័រ (Parameters) បណ្ដុះ​បណ្ដាល​ក្នុង​រយៈ​ពេល​ប្រមាណ ៥៥​ថ្ងៃ ចំណាយ​អស់​ថ្លៃ​ដើម​ប្រមាណ ៥.៥ លាន​ដុល្លា ប្រៀប​ធៀប​ទៅ​នឹង​ថវិកា ១០០​លាន​ដុល្លា ដែល​ត្រូវ​ប្រើ​សម្រាប់​ចំណាយ​លើ AI របស់​សហរដ្ឋ​អាមេរិក។

ជា​មួយ​នឹង​ជោគជ័យ​ផ្នែក​បច្ចេកវិទ្យា កម្មវិធី​បញ្ញាសិប្បនិម្មិត AI ថ្មី​របស់​ចិន​នេះ ក៏​ទទួល​រង​នូវ​ការ​រិះ​គន់​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ឃ្លាំ​មើល តាម​ដាន​តាម​ដាន​អ្នក​ប្រើ​ប្រាស់ ការ​មិន​ឆ្លើយ​តប​លើ​សំណួរ​ទាក់​ទង​នឹង​ប្រធាន​បទ កនៃ​ព្រឹត្តិការណ៍​បាតុកម្ម​នៅ​ទីលាន​ធាន​អាន (Tiananmen) បញ្ហា​តៃវ៉ាន់ និង​បញ្ហា​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ អ៊ុយហ្គ័រ (Uyghurs) នៅ​ប្រទេស​ចិន​ជា​ដើម។ល។ បញ្ហា​សុវត្ថិភាព​ឯក​ជន ក៏​ត្រូវ​បាន​លើក​ឡើងដែរ ​ដោយ​សារ​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ត្រូវ​បាន​រក្សា​ទុក​ក្នុង​ម៉ា​ស៊ីន​មេ ដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ចិន។

ប្រភព៖ thehackernews.com, www.pbs.org, wikipedia.org