រដ្ឋាភិបាល​ឥណ្ឌា​ព្រមាន​ថា ក្រុម​ហ៊ុន VPN ដែល​មិន​អនុវត្ត​តាម​ច្បាប់​ថ្មី នឹង​ត្រូវ​ដក​ចេញ​ពី​ប្រទេស

ឥណ្ឌា​កំពុង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ថ្មី អំពីសុវត្ថិភាព​អ៊ីន​ធឺណិត (New Cyber Security Rule) ដែល​តម្រូវ​ឱ្យអ្នក​ផ្តល់​សេវា​លើ​អ៊ីន​ធឺណិត (Cloud Service Provider) និង​ប្រតិបត្តិករ​របស់ VPN ឱ្យធ្វើ​ការ​រក្សា​ទុក​ឈ្មោះ​អតិថិជន និងអាសយ​ដ្ឋាន IP របស់​ពួក​គេ។

  

Photo by Naveed Ahmed on Unsplash

រដ្ឋា​ភិបាល​ឥណ្ឌា​បាន​លើក​ឡើង​ថា​ ក្រុម​ហ៊ុន​ដែល​មិន​ចង់​អនុវត្ត​តាម​ច្បាប់​ថ្មី​នេះ គួរ​តែ​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​អ៊ីនធឺណិត​របស់​ប្រទេស​ឥណ្ឌា។

ក្រុម​ការ​ងារ​ការិយាល័យ​ឆ្លើយ​តប​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ (CERT-In) បាន​បញ្ជាក់​ថា អ្នក​ផ្តល់​សេវាកម្ម​លើ​អ៊ីន​ធឺណិត​មួយ​ចំនួន​រួម​ទាំង សេវា​កម្ម VPN ផង​ដែរ ត្រូវ​តែ​ធ្វើ​តាម​ការ​ណែ​នាំ​របស់​វិធាន​សន្តិសុខ​អ៊ីន​ធឺណិត​ទាំង​នេះ (Cyber Security Directions)  ដែល​តម្រូវ​ឱ្យ​ពួក​គេ​រក្សា​ទុក​ឈ្មោះ​អតិថិជន អាសយដ្ឋាន​អ៊ីមែល អាសយដ្ឋាន IP និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ។

អ្នក​ផ្តល់​សេវា VPN ជា​ច្រើន​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​អំពី​ច្បាប់​ថ្មី​របស់​ប្រទេស​ឥណ្ឌា​នេះ។ NordVPN ដែល​ជា​ប្រតិបត្តិករ VPN ដ៏​ពេញ​និយម​មួយ បាន​លើក​ឡើង​ថា NordVPN អាច​នឹង​ដក​សេវា​កម្ម​របស់​ខ្លួន​ចេញ​ពី​ប្រទេស​ឥណ្ឌា ប្រសិន​បើ​មិន​មាន​ជម្រើស​ផ្សេង​ទៀត​ទេ។

ក្រុម​ហ៊ុន​ផ្សេង​ទៀត រួម​មាន ExpressVPN និង ProtonVPN ក៏​បាន​លើក​ឡើង​ស្រដៀង​គ្នា​ដែរ​ថា​ ច្បាប់​ថ្មី​របស់​ឥណ្ឌា​នេះ គឺ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ឯក​ជន និង​ធ្វើ​ឱ្យ​មាន​ការ​គំរាម​កំហែង​ដល់​ប្រជាពល​រដ្ឋ ដោយ​ដាក់​ពួក​គេ​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំ​មើល​របស់​រដ្ឋា​ភិបាល។ ProtonVPN បាន​បញ្ជាក់​ថា ពួក​គេ​នៅ​តែ​ប្តេជ្ញា​អនុវត្ត​គោលការណ៍​មិន​រក្សា​ទុក​កំណត់​ត្រា​របស់​អ្នក​ប្រើ​ប្រាស់ (no-logs policy) ​របស់​ពួក​គេ​ដដែល។ Rajeev Chandrasekhar រដ្ឋ​មន្ត្រី​ ព័ត៌មាន​វិទ្យា​របស់​ប្រទេស​ឥណ្ឌា​បាន​លើក​ឡើង​ថា អ្នក​ផ្តល់​សេវា VPN ដែល​មាន​បំណង​លាក់​បាំង អ្នក​ដែល​ប្រើ​ប្រាស់​សេវា​កម្ម​របស់​ពួក​គេ​នឹង​ត្រូវ​ដក​ចេញ​ពី​ប្រទេស។ គាត់​ក៏​បាន​បញ្ជាក់​ដែរ​ថា ច្បាប់​ថ្មី​នេះ នឹង​មិន​មាន​ការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ទេ។

ប្រភពៈ