Photo by Dmitry Mashkin on Unsplash
ថ្មីៗនេះ វត្តមានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមជាសំឡេង (The Audio Chat App) ដែលមានឈ្មោះថា Clubhouse កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ទូទាំងពិភពលោក រួមទាំងកម្ពុជាផងដែរ។
កម្មវិធីបណ្តាញសង្គមជាសំឡេងនេះ បង្កើតឡើងដោយលោក Paul Davison និង Rohan Seth ដែលជាសហគ្រិននៅសហរដ្ឋអាមេរិក កាលពីខែមីនា ឆ្នាំ២០២០។ អ្វីដែលកម្មវិធីបណ្តាញសង្គមមួយនេះ ខុសពីបណ្តាញសង្គមផ្សេងៗគឺ កម្មវិធីនេះផ្តោតទៅលើតែសំឡេងតែប៉ុណ្ណោះ។ សមាជិក Clubhouse អាចចូលក្នុងបន្ទប់និម្មិត (Virtual Rooms) ដើម្បីស្តាប់ ឬចូលរួមក្នុងការសន្ទនាដែលកំពុងជជែកពិភាក្សាផ្ទាល់ (Live) បានតែនៅពេលដែលពួកគេកំពុងតែជជែកពិភាក្សាតែប៉ុណ្ណោះ។
Clubhouse អាចទាញយកបានដោយសេរីសម្រាប់អ្នកប្រើ iPhone ចំពោះអ្នកប្រើទូរស័ព្ទ Android និងអាចប្រើបានក្នុងពេលឆាប់ៗនេះ។ អ្នកប្រើប្រាស់អាចប្រើកម្មវិធីនេះបាន លុះត្រាតែទទួលបានការអញ្ជើញពីអ្នកដែលបានប្រើកម្មវិធីនេះរួចហើយ។
សមាជិករបស់ Clubhouse អាចជ្រើសរើសប្រធានបទណាដែលពួកគេចាប់អារម្មណ៍ បន្ទាប់មកធ្វើការស្នើសុំចូលរួមក្នុងការពិភាក្សានោះ។ ការសន្ទនាមិនត្រូវបានរក្សាទុក (Record) ដោយកម្មវិធីនោះទេ ដូច្នេះអ្នកត្រូវតែនៅទីនោះ ដើម្បីដឹងពីអ្វីដែលពួកគេបាននិយាយ។ ប៉ុន្តែនេះក៏ជាសំណួរដែលត្រូវបានចោទសួរថា តើរាល់ការសន្ទនានៅលើ Clubhouse ពិតជាត្រូវបានលុបចោលបន្ទាប់ពីកិច្ចពិភាក្សាចប់មែនទេ? តើយើងអាចជឿជាក់បានទេថា ពិតជាមិនមានអ្នកណាម្នាក់អាចលួចស្តាប់ ឬថតទុកការសន្ទនានៅក្នុងបន្ទប់របស់ Clubhouse?
ម៉ាស៊ីនមេនៅប្រទេសចិន (Chines Server)
ក្នុងពេលថ្មីៗកន្លងមកនេះ Clubhouse មានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅប្រទេសចិន។ ប៉ុន្តែភ្លាមៗ នៅពេលដែលរដ្ឋាភិបាលចិនបានដឹងថា មានការពិភាក្សាជាច្រើនពីរឿងនយោបាយលើកម្មវិធីនេះ រដ្ឋាភិបាលចិនក៏បានបិទ (blocked) ជាបន្ទាន់ នៅថ្ងៃច័ន្ទទី ៨ ខែកុម្ភៈឆ្នាំ ២០២១។ ករណីនេះ បានធ្វើឱ្យអ្នកស្រាវជ្រាវឆ្ងល់ថា តើការសន្ទនានៅលើ Clubhouse មានភាពសម្ងាត់កម្រិតណា?
ការស៊ើបអង្កេតរបស់ Sandford Internet Observer (SIO) បានរកឃើញថា ហេដ្ឋារចនាសម្ព័ន្ធរបស់កម្មវិធី Clubhouse App ត្រូវបាន បង្កើតឡើងដោយ Agora។ Agora គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ ប្រទេសចិន និងមានការិយាល័យកណ្តាលនៅ Silicon Valley សហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះអភិវឌ្ឍ និងលក់កម្មវិធីទាក់ទងនឹងសំឡេង និងវីឌីអូ (real-time voice and video engagement) ទៅឱ្យក្រុមហ៊ុនផ្សេងៗទៀតដែលត្រូវការ យកទៅដាក់បន្ថែមចូលទៅក្នុងកម្មវិធីរបស់ខ្លួន ដូចអ្វីដែល Clubhouse ត្រូវការសម្រាប់កម្មវិធីបណ្តាញសង្គមរបស់ពួកគេ។
បញ្ហាសុវត្ថិភាពទិន្នន័យនៅលើ Clubhouse
កាលពីដើមខែកុម្ភៈ Stanford Internet Observatory (SIO) ក៏បានរកឃើញដែរថា អ្នកប្រើដែលមិនស្គាល់អត្តសញ្ញាណម្នាក់អាចចាក់ផ្សាយសំឡេង ចេញពីបន្ទប់ផ្សាយផ្ទាល់ជាច្រើនរបស់ Clubhouse ចូលទៅក្នុងគេហទំព័ររបស់ពួកគេ។ សារព័ត៌មាន Bloomberg បានបញ្ជាក់ពីការបែកធ្លាយទិន្នន័យនេះ។ Clubhouse បានឆ្លើយតបថា អ្នកប្រើប្រាស់នោះ បានរំលោភលើលក្ខខណ្ឌរបស់ខ្លួនដែលហាមមិនឱ្យមានការថតទុក (Record) ការសន្ទនាចេញពីបន្ទប់របស់Clubhouse ។ Clubhouse ក៏បានបញ្ជាក់ថា ពួកគេបានលុបគណនីរបស់អ្នកប្រើប្រាស់នោះ ចេញពីវេទិការបស់ខ្លួនរួចហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីចន្លោះប្រហោងរបស់កម្មវិធី និងការជួសជុលចំណុចខ្សោយដើម្បីការពារកុំឱ្យមានករណីនេះកើតឡើងនៅលើបណ្តាញសង្គមរបស់ខ្លួននៅថ្ងៃខាងមុខនោះទេ។
អត្ថបទដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រុមអ្នកស្រាវជ្រាវ Sandford Internet Observatory ដែលដាក់ចំណងជើងថា “Clubhouse នៅប្រទេសចិន៖ តើទិន្នន័យមានសុវត្ថិភាពដែរឬទេ? ឬ Clubhouse in China: Is the data safe?” បានសរសេរអំពីការរកឃើញនូវទំនាក់ទំនងរវាង Clubhouse និងក្រុមហ៊ុន Agora។ ក្រុមអ្នកស្រាវជ្រាវមិនចោទសួរថា ហេតុអ្វីបានជាកម្មវិធីនេះត្រូវបានហាមឃាត់ នៅក្នុងប្រទេសចិនទេ តែបែរជាឆ្ងល់ថា ហេតុអ្វីបានជារដ្ឋាភិបាលចិនចំណាយពេលយូរម៉្លេះក្នុងការបិទ Clubhouse ក្នុងប្រទេសរបស់ខ្លួន?
ក្រុមអ្នកស្រាវជ្រាវ SIO បានបង្ហាញថា លេខសម្គាល់របស់អ្នកប្រើប្រាស់ Clubhouse (user’s unique Clubhouse ID number) និងលេខសម្គាល់បន្ទប់ក្នុងកម្មវិធីនេះ (Chatroom ID) ត្រូវបានបញ្ជូនទៅកាន់ម៉ាស៊ីនមេ និងនៅលើអ៊ីនធឺណិតក្នុងទម្រង់អក្សរធម្មតា (Plantext) ដែលមិនបានធ្វើកូដនីយកម្ម ឬអ៊ីនគ្រីប (Encrypted) ឱ្យមានសុវត្ថិភាពនោះទេ ហើយ Agora ទំនងជាអាចចូលទៅយកទិន្នន័យជាសំឡេងរបស់អ្នកប្រើប្រាស់បាន និងអាចប្រើលេខសម្គាល់របស់អ្នកប្រើប្រាស់ (Clubhouse ID) ដើម្បីដឹងពីព័ត៌មានរបស់អ្នកប្រើប្រាស់ (User Profile) ផងដែរ។
បញ្ហាអំពីការការពារឯកជនភាព
យោងតាមអ្នកជំនាញលើការការពារទិន្នន័យបានលើកឡើងថា Clubhouse ប្រហែលជានៅមានចំណុចខ្វះខាតជាច្រើនលើការ ការពារឯកជនភាពជាមូលដ្ឋានរបស់អ្នកប្រើប្រាស់ ដែលបានណែនាំដោយ បទបញ្ញត្តិស្តីពីការការពារទិន្នន័យរបស់សហភាពអឺរ៉ុប (GDPR) ។
ឧទាហរណ៍ ប្រសិនបើអ្នកចង់អញ្ជើញមិត្តភក្តិ ឱ្យប្រើកម្មវិធីនេះ អ្នកត្រូវតែឱ្យកម្មវិធីនេះអាចមានសិទ្ធិចូលទៅប្រើទិន្នន័យនៅក្នុងបញ្ជីទំនាក់ទំនង (Contact List) របស់អ្នកទាំងមូលជាដើម។
នៅពេលដែលដាក់កម្មវិធីនេះឱ្យប្រើដំបូង Clubhouse ទាមទារសិទ្ធិក្នុងការចូលទៅកាន់បញ្ជីទំនាក់ទំនងដែលមានក្នុងទូរស័ព្ទរបស់អ្នកប្រើប្រាស់ បើអ្នកប្រើប្រាស់មិនព្រមផ្តល់សិទ្ធិនេះឱ្យទេ នោះពួកគេក៏មិនអាចអញ្ជើញអ្នកផ្សេងបានដែរ។ គួររំលឹកថា បច្ចុប្បន្ននេះ អ្នកអាចប្រើប្រាស់កម្មវិធីបានលុះត្រាតែអ្នកទទួលបានការអញ្ជើញណាមួយពីអ្នកប្រើប្រាស់ដែលបានប្រើកម្មវិធីនេះរួចហើយ។
នៅពេលដែលអ្នកប្រើប្រាស់អនុញ្ញាតឱ្យកម្មវិធីអាចចូលទៅកាន់បញ្ជីទំនាក់ទំនងនៅក្នុងទូរស័ព្ទរបស់ពួកគេ នោះកម្មវិធីនេះនឹងជំរុញឱ្យអ្នកប្រើប្រាស់ ធ្វើការអញ្ជើញអ្នកផ្សេងទៀតដែលមាននៅក្នុងបញ្ជីទំនាក់ទំនងក្នុងទូរស័ព្ទរបស់ពួកគេ ឱ្យចូលរួមប្រើប្រាស់ Clubhouse ដែរ។ កម្មវិធីនឹងប្រាប់ថាតើអ្នកណាខ្លះ នៅក្នុងបញ្ជីទំនាក់ទំនងរបស់ពួកគេ កំពុងប្រើ Clubhouse ហើយក៏បានបញ្ជាក់ថាពួកគេបានប្រើ Clubhouse តាំងពីពេលណាមក និងលើកទឹកចិត្តអ្នកឱ្យបង្កើតបន្ទប់សម្ងាត់ (Private Room) ដើម្បីស្វាគមន៍អ្នកទាំងនោះ។
បន្ទាប់ពីមានការរិះគន់លើបញ្ហានេះ កាលពីថ្ងៃទី ១២ ខែមីនា Clubhouse បានធ្វើការកែសម្រួលបញ្ហាមួយចំនួន ដែលពេលនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចអញ្ជើញអ្នកផ្សេងទៀតឱ្យចូលរួមប្រើកម្មវិធី ដោយមិនចាំបាច់ផ្តល់សិទ្ធិឱ្យកម្មវិធីចូលទៅកាន់បញ្ជីទំនាក់ទំនងនោះទេ។ ប៉ុន្តែការកែសម្រួលលើបញ្ហានេះ ធ្វើបានតិចតួចនៅឡើយ។ ឧទាហរណ៍ថា អ្នកកំពុងប្រើ Clubhouse បន្ទាប់មកមានអ្នកណាម្នាក់បានរក្សាទុកលេខទូរស័ព្ទរបស់អ្នកនៅក្នុងទូរស័ព្ទរបស់ពួកគេ ប្រសិនបើគេ អនុញ្ញាតឱ្យ Clubhouse ចូលទៅកាន់បញ្ជីទំនាក់ទំនងរបស់គេ នោះព័ត៌មានរបស់អ្នក ក៏នឹងលោតទៅកាន់អ្នកផ្សេងទៀតដែលមានលេខរបស់អ្នក ប្រាប់ពួកគេថា អ្នកក៏មានគណនី Clubhouse និងកំពុងប្រើ Clubhouse ដែរ។ ដូច្នេះពួកគេអាចធ្វើការទាក់ទងជាមួយអ្នកតាមកម្មវិធីនេះបាន បើទោះជាអ្នកខ្លួនឯងមិនបានអនុញ្ញាតឱ្យ Clubhouse ចូលទៅកាន់បញ្ជីទំនាក់ទំនងរបស់អ្នកក៏ដោយ។ វានៅតែមិនមានវិធីណាដែលមិនអាចឱ្យអ្នកផ្សេងដឹងថា អ្នកកំពុងប្រើ Clubhouse នោះទេ ទោះបីជាអ្នកបានប្លុក (Block) អ្នកនោះក៏ដោយ។ គណនីរបស់អ្នក (Profile) នឹងនៅតែបង្ហាញជាសាធារណៈដល់ទៅកាន់មនុស្សដែលមានលេខទូរស័ព្ទរបស់អ្នកនៅក្នុងទូរស័ព្ទរបស់ពួកគេ។
ទោះបីជាយ៉ាងក៏ដោយ Clubhouse សន្យាថាពួកគេនឹងប្រឹងប្រែងក្នុងការពង្រឹងសុវត្ថិភាព និងឯកជនភាពសម្រាប់អ្នកប្រើប្រាស់របស់ពួកគេដោយឈប់ធ្វើការភ្ជាប់ទៅកាន់ម៉ាស៊ីនមេនៅប្រទេសចិន និងដាក់បញ្ចូលនូវមុខងារកូដនីយកម្ម (Encryption) ជាដើម។ល។
Clubhouse ស្រដៀងគ្នានឹងកម្មវិធីប្រជុំតាមអនឡាញ Zoom ដែរ ដោយវាទទួលបានការពេញនិយមពីអ្នកប្រើប្រាស់ក្នុងរយៈពេលខ្លី ហើយមានប្រជាប្រិយភាពលឿនពេក នោះពួកគេក៏មិនបានគិតឱ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហាសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យបានល្អបំផុតនោះទេ។ យើងសង្ឃឹមថា កម្មវិធីនេះធ្វើការកែសម្រួលបញ្ហារបស់ខ្លួន ដោយនឹងយកចិត្តទុកដាក់លើការការពារទិន្នន័យ និងឯកជនភាពរបស់អ្នកប្រើប្រាស់ឱ្យបានច្រើនជាងនេះ។
ប្រភពៈ
- https://www.wired.co.uk/article/clubhouse-app-privacy-security
- https://www.vox.com/recode/22278601/clubhouse-invite-privacy-contacts-app
- https://www.bloomberg.com/news/articles/2021-02-22/clubhouse-chats-are-breached-raising-concerns-over-security
- https://www.vox.com/recode/22332182/clubhouse-privacy-contacts-invites-update
- https://blog.malwarebytes.com/awareness/2021/02/clubhouse-under-scrutiny-for-sending-data-to-chinese-servers
- https://cyber.fsi.stanford.edu/io/news/clubhouse-china
- https://www.consumerreports.org/social-media/clubhouse-social-media-app-digital-privacy-security/