មាតិកា
អ្វីជា WARP?
WARP ជាកម្មវិធី VPN របស់ក្រុមហ៊ុន Cloudflare ដែលមិនគិតថ្លៃ ងាយស្រួលប្រើ និងមិនប៉ះពាល់ដល់ល្បឿនអ៊ីនធឺណិតរបស់អ្នក។ ប្រសិនបើអ្នកនៅមិនទាន់ស្គាល់ថាអ្វី VPN នោះទេ យើងអាចពន្យល់ដោយសង្ខេបថា VPN មកពីពាក្យថា Virtual Private Network ឬបណ្តាញឯកជននិម្មិត។
គោលបំណងនៃការប្រើ VPN គឺដើម្បីការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នកនៅពេល ប្រើអ៊ីនធឺណិត។ តួនាទីរបស់ VPN មានពីរសំខាន់ៗគឺ៖
- ធ្វើឱ្យចរាចរណ៍អ៊ីនធឺណិតមានសុវត្ថិភាព៖ VPN នឹងធ្វើការអ៊ីនគ្រីប ឬធ្វើកូដនីយកម្មចរាចរណ៍នៅលើអ៊ីនធឺណិត (Encrypt Internet Traffic)។
- ធ្វើការផ្លាស់ប្តូរទីតាំងរបស់អ្នកនៅលើអ៊ីនធឺណិត៖ VPN នឹងផ្លាស់ប្តូរអាស័យដ្ឋានអាយភី (IP Address)។ ដោយសារតែការផ្លាស់ប្តូរអាស័យដ្ឋានអាយភី នេះហើយ ដែលអនុញ្ញាតឱ្យអ្នក អាចចូលទៅមើលគេហទំព័រដែលបានបិទ មិនឱ្យប្រើប្រាស់នៅប្រទេសណាមួយជាក់លាក់បាន។
តើ WARP ខុសពី VPN ផ្សេងយ៉ាងដូចម្តេច?
ចំណុចខុសគ្នាធំបំផុត ហើយវាក៏ជាគុណសម្បត្តិរបស់ WARP គឺល្បឿននៃការប្រើអ៊ីនធឺណិត នៅពេលប្រើ WARP។ នេះមិនមែនមានន័យថា WARP ជួយឱ្យល្បឿនអ៊ីនធឺណិតរបស់អ្នកលឿនជាងមុនទេ ប៉ុន្តែវាក៏នឹងធ្វើឱ្យប៉ះពាល់ដល់ល្បឿនអ៊ីនធឺណិតរបស់អ្នកខ្លាំងដែរ។
មូលហេតុចម្បងនៃការបង្កើត WARP គឺដើម្បីដោះស្រាយនូវបញ្ហានេះ ដោយសារ VPN ភាគច្រើន តែងតែធ្វើឱ្យអ៊ីនធឺណិតអ្នកប្រើប្រាស់យឺត ហើយថែមទាំងធ្វើឱ្យឧបករណ៍ទាំងនោះឆាប់ក្តៅ និងអស់ថ្មទៀតផង។ WARP មានប្រព័ន្ធបណ្តាញច្រើន ដែលនឹងភ្ជាប់អ្នកទៅកាន់បណ្តាញដែលនៅជិតអ្នកជាងគេ នៅពេលដែលអ្នកប្រើអ៊ីនធឺណិត ដែលជាហេតុមិនធ្វើឱ្យប៉ះពាល់ដល់ល្បឿននៃការប្រើអ៊ីនធឺណិតរបស់អ្នក។ ក្រុមហ៊ុន Cloudflare ជាក្រុមហ៊ុនដែលមានប្រព័ន្ធបណ្តាញ (CND)ច្រើន ក្នុងការបញ្ជូនមាតិកានៅលើអ៊ីនធឺណិតទៅឱ្យអ្នកប្រើប្រាស់ដែលគ្របដណ្តប់ជាង១០០ប្រទេសនៅលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។
ចំណុចខុសគ្នាមួយទៀត ហើយនេះអាចជាគុណវិបត្តិរបស់ WARP គឺ ការផ្លាស់ប្តូរប្រទេស។ WAMP មិនអនុញ្ញាតឱ្យអ្នកអាចជ្រើសរើសប្រទេសជាក់លាក់បានទេ។ WARP ធ្វើការអ៊ីនគ្រីបចរាចរណ៍អ៊ីនធឺណិតអ្នក និងធ្វើការផ្លាស់ប្តូរអាស័យដ្ឋានអាយភី (IP Address) ដូច VPN ដទៃដែរ តែអ្នកមិនអាចជ្រើស ការភ្ជាប់អ៊ីនធឺណិតចេញពីប្រទេសណាមួយជាក់លាក់បានទេ។ WARP និងជ្រើសរើសការភ្ជាប់អ៊ីនធឺណិតចេញពីប្រទេសអ្នកផ្ទាល់ ប្រសិនបើ WARP មានប្រព័ន្ធបណ្តាញនៅក្នុងប្រទេសអ្នក ឬជ្រើសរើសប្រទេសដែលនៅជិតអ្នកបំផុត ដោយស្វ័យប្រវត្តិ។ កម្មវិធី VPN ភាគច្រើន ផ្តល់ជម្រើសឱ្យអ្នកអាចជ្រើសរើសប្រទេសណាមួយដែលមាននៅក្នុងបញ្ជីរបស់ខ្លួនបាន។
ហេតុអ្វីគួរប្រើ WARP?
- មិនគិតថ្លៃ និងមិនមានការផ្សាយពាណិជ្ជកម្ម
- មិនតម្រូវឱ្យចុះឈ្មោះបង្កើតគណនី និងផ្តល់ព័ត៌មានផ្ទាល់ខ្លួន ដូចជាឈ្មោះ លេខទូរស័ព្ទ ឬអ៊ីមែលទេ
- មិនរក្សាទុកទិន្នន័យដែលអាចសម្គាល់ពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់
- មិនលក់ និងមិនប្រើទិន្នន័យពីសកម្មភាពនៃការប្រើប្រាស់អ៊ីនធឺណិតរបស់អ្នកប្រើប្រាស់ដើម្បីស្វែងរកប្រាក់ចំណេញ ឬដើម្បីផ្សាយពាណិជ្ជកម្ម
- អាចប្រើបានគ្រប់ឧបករណ៍ទាំងទូរស័ព្ទ និងកុំព្យូទ័រ និងគ្រប់ប្រព័ន្ធប្រតិបត្តិការរួមមាន Windows, Mac, Linux, Android និង iOS
- មានសុវត្ថិភាព និងឯកជនភាពខ្ពស់៖ WARP បង្កើតឡើងដោយក្រុមហ៊ុន Cloudflare ដែលជាក្រុមហ៊ុន មានកេរ្តិ៍ឈ្មោះល្អក្នុងការ ការពារសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់។
- មានការធ្វើសវនកម្មឯករាជ្យជាទៀតទាត់
- ងាយស្រួលប្រើប្រាស់ មិនតម្រូវឱ្យកំណត់មុខងារស្មុគស្មាញ។
របៀបក្នុងការទាញយក តម្លើង និងប្រើប្រាស់នៅលើប្រព័ន្ធប្រតិបត្តិការ Windows
របៀបក្នុងការទាញយកកម្មវិធី៖
- ចូលទៅកាន់គេហទំព័រដែលមានអាស័យដ្ឋាន https://cloudflarewarp.com/
- ចុចលើ Windows

- រង់ចាំរហូតដល់ការទាញយកបានបញ្ចប់។

របៀបក្នុងការតម្លើងកម្មវិធី
- បន្ទាប់ពីទាញយករួចរាល់ ចុចនៅលើឈ្មោះកម្មវិធី (Cloudflare_WARP_Release-x64.msi) ដើម្បីតម្លើង

- ប្រសិនបើអ្នកប្រើ កម្មវិធីរុករក Firefox នោះ Firefox នឹងបង្ហាញផ្ទាំងរំលឹកថា កម្មវិធីដែលអ្នកបានទាញយកនេះ ប្រភេទ File ដែលនឹងតម្លើងចូលម៉ាស៊ីនកុំព្យូទ័រអ្នក (Executable file) ដែលប្រភេទ file នេះ អាចមានហានិភ័យក្នុងការផ្ទុកមេរោគ។ ដោយសារ យើងទាញយក file នេះពីគេហទំព័រផ្លូវការ ដូច្នេះ យើងប្រាកដថា file នេះ មិនមានបញ្ហាទេ។
- ដូចនេះ សូមចុចលើប៊ូតុង OK

- ចុចលើ Next

- ចុចលើ Install

- ផ្ទាំង User Account Control ជាផ្នែកមួយនៃផ្នែកសុវត្ថិភាពរបស់ Windows ដែលតែងតែតម្រូវឱ្យអ្នកបញ្ជាក់ជាមុន ថាតើអ្នកពិតជាចង់តម្លើងកម្មវិធីនេះ ដែរឬទេ។
សូមចុចលើប៊ូតុង YES ដើម្បីតម្លើងកម្មវិធី។

- សូមរង់ចាំរហូតដល់ការតម្លើង បានបញ្ចប់

- បន្ទាប់មក អ្នកនឹងឃើញផ្ទាំងកម្មវិធី WARP លោតឡើងនៅផ្នែកខាងក្រោម និងខាងឆ្វេង។ ត្រង់ចំណុចនេះអ្នកអាចចុច Next នៅលើផ្ទាំងនោះក៏បាន។
ក្នុងឧទាហរណ៍នេះ យើងនឹងចុចលើប៊ូតុង Finish ដើម្បីបញ្ចប់ការតម្លើង។

របៀបក្នុងការប្រើកម្មវិធី
បន្ទាប់ពីអ្នកបានបញ្ចប់ការតម្លើង អ្នកអាចចាប់ផ្តើមប្រើកម្មវិធីនេះ បានហើយ។ អ្នកអាចទៅបើកកម្មវិធីនេះ ដោយ៖
- ចុចនៅលើ សញ្ញាព្រួញ នៅខាងក្រោមផ្នែកខាងស្តាំ នៃកុំព្យូទ័រអ្នក។
- បន្ទាប់មកចុចលើ និមិត្តសញ្ញារបស់ Cloudflare WARP ដូចរូបខាងក្រោម។

មុននឹងអ្នកអាចប្រើកម្មវិធីបាន អ្នកត្រូវយល់ព្រមតាមគោលការណ៍ឯកជនភាពរបស់ Cloudflare ជាមុនសិន។ ត្រង់ចំណុចនេះ ជាការល្អ ប្រសិនបើអ្នកអាចចំណាយពេលអានដើម្បីឱ្យដឹងថា តើ Cloudflare ប្រមូលទិន្នន័យអ្វីខ្លះពីអ្នក តើពួកគេរក្សាទុក ប្រើ និងចែករំលែកទិន្នន័យទាំងនោះយ៉ាងដូចម្តេច។ អ្នកអាចស្វែងយល់លម្អិតពីគោលការណ៍ឯកជនភាពរបស់ Cloudflare តាមរយៈតំណភ្ជាប់នេះ https://developers.cloudflare.com/warp-client/privacy ។
- សូមចុចលើប៊ូតុង Accept

នៅទីនេះ អ្នកអាចប្រើកម្មវិធីបានហើយ សូមចុចដើម្បីភ្ជាប់ (Connect) ចរាចរណ៍អ៊ីនធឺណិតទៅកាន់ បណ្តាញរបស់ក្រុមហ៊ុន Cloudflare។
** ជួនកាលអ្នកនឹងមិនអាចភ្ជាប់បានភ្លាមៗ នៅពេលដែលអ្នកទើបតម្លើងដំបូង សូមរង់ចាំ។ ប្រសិនបើអ្នកនៅតែមិនអាចភ្ជាប់ទៅកាន់បណ្តាញរបស់កម្មវិធីបានដោយជោគជ័យទេ សូមព្យាយាមម្តង ឬពីរដងទៀត ឬអាចបិទកម្មវិធីនឹងបើកឡើងវិញ ឬក៏អាចដំណើរការកុំព្យូទ័រសាជាថ្មី (Restart Computer)។

នៅពេលដែលអ្នកភ្ជាប់បានជោគជ័យ អ្នកនឹងឃើញប៊ូតុងនោះប្តូរពណ៌ទៅជាពណ៌លឿង និងមានអក្សរខាងក្រោមសរសេរថា Connected. Your internet is private. សូមមើលរូបខាងក្រោម។

សាកល្បងពិនិត្យមើល ការផ្លាស់ប្តូរអាស័យដ្ឋានអាយភី (IP Address) មុន និងក្រោយភ្ជាប់
អ្នកដឹងស្រាប់ហើយថា WARP ជា VPN ដែលដំណើរការដូចនឹង VPN ផ្សេងទៀតដែរ ហើយអ្វីដែលអ្នកប្រើប្រាស់ ដឹងនោះគឺ ការផ្លាស់ប្តូរអាស័យដ្ឋានអាយភី ពីការប្រើអាស័យដ្ឋានអាយភីរបស់ ក្រុមហ៊ុនផ្តត់ផ្គង់អ៊ីនធឺណិត (ISP) ទៅប្រើអាស័យដ្ឋានអាយភីរបស់ក្រុមហ៊ុន Cloudflare វិញម្តង។
ខាងក្រោមនេះជាអាស័យដ្ឋានអាយភី មុននឹងប្រើ WARP។ អ្នកអាចមើលឃើញថា មុនប្រើ WARP ម៉ាស៊ីនកុំព្យូទ័រនេះ ប្រើអាយភីជំនាន់ទី៤ (IPv4) ដែលផ្តើមដោយ 116 និងបញ្ចប់ដោយ 63 និង ជាអាស័យដ្ឋានអាយភីរបស់ក្រុមហ៊ុន Mekong Net ។

ចំណែករូបខាងក្រោមនេះ ជាអាស័យដ្ឋានអាយភី បន្ទាប់ពីប្រើកម្មវិធី WARP។

របៀបក្នុងការទាញយក តម្លើង និងប្រើប្រាស់នៅលើ ទូរស័ព្ទ Android
- ចូលទៅកាន់ Google Play Store > វាយពាក្យ Cloudflare WARP > ជ្រើសរើសកម្មវិធី ដែលមានឈ្មោះ 1.1.1.1 + WARP: Safer Internet > បន្ទាប់មកចុចលើ Install ដើម្បីតម្លើង។

- រងចាំរហូតកម្មវិធីតម្លើងចប់

- ចុចលើពាក្យ Open ដូចរូបខាងក្រោម

- ចុចលើ ប៊ូតុង Next

- ចុចលើ ប៊ូតុង Accept

- ចុចលើ Install VPN Profile

- ចុចលើ ពាក្យ OK

- ចុចលើ Not now ដើម្បីបញ្ចប់ការតម្លើង

បន្ទាប់ពីអ្នកតម្លើងចប់ អ្នកអាចប្រើកម្មវិធីនេះបានហើយ។ រូបខាងក្រោមបង្ហាញថាអ្នក មិនទាន់ភ្ជាប់ ឬបើកដំណើរការ WARP នៅលើទូរស័ព្ទអ្នកនៅឡើយ។ អ្នកអាចឃើញ ប៊ូតុង សម្រាប់ភ្ជាប់នៅបង្ហាញ ពណ៌ប្រផេះ នឹងឃើញអក្សរខាងក្រោម សរសេរថា Disconnected, Your internet is not private.
- ដើម្បីបើកកម្មវិធីនេះ អ្នកគ្រាន់តែអូស ប៊ូតុងពណ៌ប្រផេះនៅទៅខាងស្តាំ ជាការស្រេច។

នៅពេលដែលអ្នក ភ្ជាប់ហើយ ប៊ូតុងនោះ នឹងប្រែទៅជាពណ៌លឿងវិញ និងបង្ហាញអក្សរថា Connected, Your internet is private.

ដើម្បីបិទ VPN អ្នកគ្រាន់តែអូសមកខាងឆ្វេងវិញ ប៉ុន្តែ បន្ទាប់អូសប៊ូតុងមកខាងឆ្វេង ដើម្បីបិទ នោះនឹងឃើញ ផ្ទាំងមួយសួរអ្នកថា តើអ្នកចង់បិទកម្មវិធីនេះ យូរប៉ុណ្ណា ហើយវាផ្តល់ឱ្យអ្នកនូវជម្រើសមួយចំនួនដូចជា៖
- Pause for 15 minutes: មានន័យថា បិទរយៈពេល១៥នាទី។
- Pause for 1 hour: មានន័យថា បិទរយៈពេល១ម៉ោង។
- Pause for this Wi-Fi: មានន័យថា បិទរយៈនៅពេលប្រើអ៊ីនធឺណីត ជាមួយដែលអ្នកកំពុងភ្ជាប់នេះ។
- Switch to DNS only mode: ជម្រើសនេះ គឺឱ្យអ្នកផ្លាស់ប្តូរពី VPN ទៅប្រើតែមុខងារ DNS។ តាមពីតកម្មវិធីនេះ មានមុខងារពីរសំខាន់គឺ VPN ឬកម្មវិធីនេះដាក់ឈ្មោះថា WARP និង សុវត្ថិភាពចរាចរណ៍អ៊ីនធឺណិត ឬ DNS។ អ្នកអាចស្វែងយល់បន្ថែមពី DNS នៅដែលយើងបានពន្យល់រួចហើយនៅលើគេហទំព័រយើង។
- Until I turn it on: មានន័យថា អ្នកនឹងបិទទាំងស្រុង ហើយអ្នកនឹងបើកម្មវិធីនេះ ដោយដោយខ្លួនឯង ប្រសិនបើអ្នកចង់ប្រើ។
យើងជ្រើសរើសយក ជម្រើសចុងក្រោយគេ Until I turn it on

ប្រភព៖