ចូល​រួម​ប្រជុំ​តាម​រយៈ​តំណ​ភ្ជាប់ – មុខងារ​ថ្មី​លើ​កម្មវិធី Signal

រូបភាព៖​ signal.org

កាល​ពី​ថ្ងៃ​ទី១១ ខែ​វិច្ឆិកា ថ្មីៗ​នេះ Signal បាន​ដាក់​ឱ្យ​ប្រើ​នូវ​មុខងារ​ថ្មី​មួយ ដែល​មាន​ឈ្មោះ​ថា​ Call Link ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​កម្មវិធី​នេះ អាច​ចូល​រួម​ប្រជុំ​ដោយ​គ្រាន់​តែ​ចុច​លើ​តំណ​ភ្ជាប់ (Link) ដោយ​មិន​ចាំ​បាច់​បង្កើត​ក្រុម (Signal Group) ដូច​ពី​មុន​ទេ។

វីឌីអូ​ខល ឬ​ការ​ប្រជុំ​តាម​អន​ឡាញ វា​ជា​មិន​មែន​ជា​រឿង​ថ្មី​ទេ នៅ​ពេល​ដែល​របៀប​នៃ​ការ​ទំនាក់​ទំនង និង​ធ្វើ​ការ​តាម​អន​ឡាញ​វា​ជា​រឿង​ធម្មតា​ទៅ​ហើយ ប៉ុន្តែ​បញ្ហា​នៃ​ការ​រំលោភ​លើ​ឯក​ជន​ភាព វា​ក៏​ក្លាយ​ជា​បញ្ហា​ដ៏​ធំ​ដែរ។ Signal បង្កើត​មុខ​ងារ​ថ្មី​នេះ ដើម្បី​ផ្តល់​កន្លែង​ឯក​ជន​មួយ សម្រាប់​ទំនាក់​ទំនង​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន។

កន្លង​មក ដើម្បី​អាច​ធ្វើ​ការ​ខល​ជា​ក្រុម​បាន អ្នក​ប្រើ​ប្រាស់​ត្រូវ​មាន​ក្រុម ឬ​បង្កើត​ក្រុម​នៅ​ក្នុង​កម្មវិធី Signal ជា​មុន​សិន​។ តាម​រយៈ​មុខ​ងារ Call Link ថ្មី​នេះ អ្នក​អាច​បង្កើត​តំណ​ភ្ជាប់ (Link) យ៉ាង​ឆាប់​រហ័ស និង​ងាយ​ស្រួល​ ដែល​អ្នក​ប្រើ​ប្រាស់ Signal ណា​ម្នាក់​ក៏​អាច​ចូល​រួម​ការ​ខល ឬ​ប្រជុំ​ជា​ក្រុម​បាន​ដោយ​គ្រាន់​តែ​ចុច​លើ​តំណ​ភ្ជាប់​នោះ។

មុខ​ងារ​របស់  Call Link:

  • ចំនួន​សមាជិក ដែល​អាច​ចូល​រួម​ការ​ខល​ជា​ក្រុម​បាន​ចំនួន​៥០​នាក់។
  • មាន​មុខ​ងារ​អនុញ្ញាត ឬ​មិន​អនុញ្ញាត​ឱ្យ​សមាជិក​ណា​ម្នាក់​ចូល​រួម​ពី​អ្នក​បង្កើត​តំណ​ភ្ជាប់ (Admin)។
  • Admin ក៏​អាច​ដក​សមាជិក​ដែល​បាន​ចូល​រួម​ខល ចេញ និង​បិទ (Block) មិន​ឱ្យ​គេ​ចូល​រួម​ម្តង​ទៀត​បាន។
  • តំណ​ភ្ជាប់​ដែល​បាន​បង្កើត អាច​ប្រើ​ឡើង​វិញ​បាន ផ្តល់​ភាព​ងាយ​ស្រួល​ប្រសិន​បើ​អ្នក​មាន​ការ​ប្រជុំ​ជា​ទៀង​ទាត់​ជា​មួយ​ក្រុម​ការ​ងារ មិន​ចាំ​បាច់​បង្កើត​តំណ​ភ្ជាប់​សម្រាប់​ការ​ប្រជុំ​ថ្មី​រាល់​ពេល។

របៀប​បង្កើត Call Link

  • លើ​កុំព្យូទ័រ៖ នៅ​ផ្នែក​ខាង​ឆ្វេង​បង្អស់ ចុច​លើ​និមិត្ត​សញ្ញា Calls > ចុច​ពាក្យ Create a Call Link
  • លើ​ទូរស័ព្ទ Android​៖ ស្វែង​រក​និមិត្ត​សញ្ញា Calls នៅ​ផ្នែក​ខាង​ក្រោម > ចុច​ពាក្យ Create a Call Link

របៀបបង្កើត Call Link លើកុំព្យូទ័រ

អ្វីដែលអ្នកគួរធ្វើ

  • ដើម្បី​ទទួល​បាន​មុខងារ​ថ្មី ត្រូវ​ប្រាកដ​ថា អ្នក​បាន​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី Signal របស់​អ្នក។
  • កម្មវិធី Signal មាន​មុខងារ​សុវត្ថិភាព​ដែល​គេ​ហៅ​ថា end-to-end encryption ដោយ​ស្វ័យ​ប្រវត្តិ ប៉ុន្តែ​ចំណុច​សំខាន់​គឺ ​សារ​សន្ទនា​របស់​អ្នក នឹង​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ដៃ​គូ​ សន្ទនា​អ្នក ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា ​មនុស្ស​ដែល​អ្នក​ទាក់​ទង​តាម Signal ​ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន។ យើង​ណែ​នាំ​ឱ្យ​បើក​មុខ​ងារ​លុប​សារ​ដោយ​ស្វ័យ​ប្រវត្តិ ក្នុង​រយៈ​ពេល​កំណត់​ណា​មួយ។
  • សូម​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​ចែក​រំលែក​តំណ​ភ្ជាប់​សម្រាប់​ប្រជុំ និង​សូម​បើក​មុខ​ងារ ដែល​តម្រូវ​ឱ្យ​អ្នក​ពិនិត្យ​ មុន​នឹង​អនុញ្ញាត​ឱ្យ​សមាជិក​ចូល​រួម​ប្រជុំ (Require admin to approve = ON) ។

ប្រភព៖ signal.org, freedom.press