Apple ចេញ​ផ្សាយ​នូវ​ការ​ធ្វើ​បច្ចុប្បន្ន​ភាព​សន្តិសុខ​បន្ទាន់​បន្ទាប់​ពី​រង​ការ​វាយ​ប្រហារ​ពី​មេរោគ Pegasus ​នៅ​លើ iPhone

កាល​ពី​ថ្ងៃព្រហស្បតិ៍ ទី៧ ខែកក្កដា ក្រុមហ៊ុន Apple បាន​ចេញ​ផ្សាយ​នូវ​ការ​ធ្វើ​បច្ចុប្បន្នភាព​សន្តិសុខ​បន្ទាន់​សម្រាប់ iOS, iPadOS, macOS, និង watchOS ដើម្បី​ជួស​ជុល​ភាព​រង​គ្រោះ​នៅ​លើ ImageIO និង Wallet ដែល​កំពុង​វាយ​លុក​ដោយមេរោគ Pegasus របស់​ក្រុម NSO Group។

  

Apple បាន​ជូន​ដំណឹង​ទៅ​កាន់​អ្នក​ប្រើ​ប្រាស់​ខ្លួន​ទាំង​អស់​ឱ្យ​ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ជំនាន់​ចុង​ក្រោយ​បង្អស់​ដែល​ខ្លួន​ទើប​ដាក់​ចេញ គឺ៖

  • ធ្វើ​បច្ចុប្បន្ន​ភាព​ទៅ​កាន់​ជំនាន់ iOS 16.6.1 ​និង iPadOS 16.6.1៖ សម្រាប់​ទូរស័ព្ទ iPhone 8 ឡើង​ទៅ និង iPad Air​ Pro (គ្រប់​ម៉ូ​ដែល) iPad Air 3rd generation ឡើង​ទៅ, iPad 5th generation ឡើង​ទៅ និង iPad mini 5th generation ឡើង​ទៅ។
  • ធ្វើ​បច្ចុប្បន្នភាព​ទៅ​កាន់​ជំនាន់ macOS Ventura 13.5.2៖ សម្រាប់​កុំ​ព្យូទ័រ​ដែល​ដំណើរ​ការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ macOS Ventura។
  • ធ្វើ​បច្ចុប្បន្នភាព​ទៅ​កាន់ watchOS 9.6.2៖ សម្រាប់ Apple Watch 4 ឡើង​ទៅ។

Citizen Lab ក៏​បាន​ជូន​ដំណឹង និង​ណែ​នាំ​ឱ្យ​អ្នក​ប្រើ​ប្រាស់ iPhone, Mac, និង Apple Watch ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្ទាន់​ដែរ។ Citizen Lab ជំរុញ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដែល​មាន​ហានិភ័យខ្ពស់ បើក​មុខ​ងារ Lockdown Mode​ ដែល​ពួក​គេ​ជឿ​ថា មុខងារ​នេះ​អាច​ជួយ​ការ​ពារ​ពី​ការ​វាយ​ប្រហារ​នេះ​បាន។ ស្វែង​យល់​បន្ថែម​ពី​មុខងារ Lockdown Mode

សូម​បញ្ជាក់​ថា Citizen Lab ជា​អ្នក​រក​ឃើញ​ពី​ការ​វាយ​ប្រហារ​នេះ ខណៈ​ដែល​ខ្លួន​បាន​ធ្វើ​ការ​ពិនិត្យ​ឧបករណ៍​របស់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន។ ពួក​គេ​រក​ឃើញ​ថា មេរោគ​ទាំង​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ឧបករណ៍​អ្នក​ប្រើ​ប្រាស់ Apple ដោយ​ស្វ័យ​ប្រវត្តិ ដែល​មិន​តម្រូវ​ឱ្យ​ជនរង​គ្រោះ​ធ្វើ​អ្វី​ទាំង​អស់ ដែល​ការ​វាយ​ប្រហារ​នេះ​គេ​ឱ្យ​ឈ្មោះ​ថា Zero-Click។

គួរ​រំលឹក​ថា មេរោគ Pegasus បាន​ធ្វើ​ការ​វាយ​ប្រហារ​លើ​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន Apple តាម​រយៈ​ការ​ដាក់​ចូល​មេរោគ ចូល​ទៅ​ក្នុង​ចំណុច​ខ្សោយ ឬ​ចន្លោះ​ប្រហោង​របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​ពួក​គេបាន​រក​ឃើញ មុន​ពេល​ពេល​ក្រុម​ហ៊ុន Apple បាន​រក​ឃើញ ដែល​គេ​ចំណុច​ខ្សោយ​ទាំង​នោះ​ដែល​ការ​វាយប្រហារ​បែប​នេះ​ឱ្យ​ឈ្មោះ​ថា Zero Day Attack។ មេរោគ​ទាំង​នោះ ​បាន​ចូល​ទៅ​ក្នុង​ឧបករណ៍​របស់​អ្នក​ប្រើ​ប្រាស់​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​ចាំ​បាច់​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចុច​លើ​តំណ​ភ្ជាប់​ ឬ​ធ្វើ​សកម្មភាព​អ្វី​ទាំង​អស់។

ស្វែង​យល់​បន្ថែម​ពី​មេរោគ Pegasus ៖ គំរោងពីការស៊ូស (Pegasus Project)

ប្រភព៖ Citizen Lab, Apple Support, Hacker News