មជ្ឈមណ្ឌលមេគង្គសម្រាប់កិច្ចការពារទិន្នន័យ បានបង្កើត ScamCheck AI ជាគេហទំព័រដែលអាចវិភាគអត្ថបទ រូបភាព និងតំណភ្ជាប់ ជួយការពារពីការឆបោកតាមអនឡាញ។ ខណៈដែល អង្គការសង់ត្រាល់ ដាក់ឱ្យប្រើ Job Scam Detector ដើម្បីពិនិត្យសារផ្សព្វផ្សាយការងារក្លែងក្លាយនៅកម្ពុជា។
កាលពីដើមខែធ្នូ ឆ្នាំ២០២៥ ក្នុងវេទិការដ្ឋាភិបាលឌីជីថល ២០២៥ មជ្ឈមណ្ឌលមេគង្គសម្រាប់កិច្ចការពារទិន្នន័យ បានដាក់ឱ្យប្រើប្រាស់គេហទំព័រមួយរបស់ខ្លួនជាផ្លូវការដែលមានឈ្មោះថា ScamCheck AI ដែលជាគេហទំព័រ មានសមត្ថភាពអាចត្រួតពិនិត្យ និងវិភាគភ្លាមៗលើ អត្ថបទ រូបថត និង តំណភ្ជាប់ ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីវិភាគទិន្នន័យដែលអ្នកប្រើប្រាស់បានបញ្ចូល និងណែនាំនូវអ្វីដែលអ្នកប្រើប្រាស់គួរធ្វើ ដោយផ្អែកលើលទ្ធផលជាក់ស្តែង។

ស្រដៀងគ្នានេះដែរ កាលពីថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២៦ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ក៏បានប្រកាសដាក់ឱ្យប្រើប្រាស់កម្មវិធីដែលមានឈ្មោះថា Job Scam Detector ដែលជាប្រព័ន្ធជួយត្រួតពិនិត្យការងារក្លែងក្លាយនៅកម្ពុជា។ កម្មវិធីនេះប្រើបច្ចេកវិទ្យា AI ដំណើរការនៅលើកម្មវិធី តេឡេក្រាម (Telegram Bot)។ Job Scam Detector អាចជួយ ពិនិត្យសារ ពិនិត្យលេខទូរស័ព្ទ ពិនិត្យដំណរភ្ជាប់ដែលគួរឱ្យសង្ស័យ និងប្រាប់ថា តើព័ត៌មាននោះទំនងជាការផ្សព្វផ្សាយការងារឆបោកឬអត់។

ចំពោះ ScamCheck AI អ្នកប្រើប្រាស់អាចចូលទៅកាន់អាស័យដ្ឋាន scamcheck.online។ គេហទំព័រនេះអាចប្រើបានទាំងនៅលើទូរស័ព្ទ និងកុំព្យូទ័រ។ លទ្ធផលនៃការវិភាគ នឹងបង្ហាញឱ្យអ្នកប្រើប្រាស់ឃើញនូវកម្រិតហានិភ័យដែលត្រូវបានបែងចែកជា៣កម្រិត រួមមាន៖
- កម្រិតទាប (Low Risk)៖ មិនមានសញ្ញានៃការឆបោកទេ
- កម្រិតមធ្យម (Medium Risk) ៖ អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្ន
- កម្រិតខ្ពស់(High Risk) ៖ ដែលបញ្ជាក់ថា វាជាការឆបោក

លទ្ធផលដែលបានមកពីការវិភាគនេះផ្តោតលើសញ្ញាសំខាន់ៗ ដែលកំណត់ពីការឆបោកតាមអនឡាញដូចជា៖
- មានកំហុសផ្នែកអក្ខរាវិរុទ្ធ និងទម្រង់នៃការសរសេរ (Grammar/Style)
- ធ្វើការផ្លាស់ប្តូរ ការទំនាក់ទំនង (Channel Shifting) ឧទាហរណ៍ពីអ៊ីមែលទៅកាន់ WhatsApp ឬ តេឡេក្រាម
- មានព័ត៌មានទាក់ទងនឹងលុយកាក់ (Financial Hook) ឧទាហរណ៍ប្រាប់ថាអ្នកឈ្នះរង្វាន់ ឬប្រាប់ពីការវិនិយោគជាដើម
- មានភាពបន្ទាន់ (Urgency) ត្រូវឱ្យអ្នកធ្វើកម្មភាពក្នុងពេលជាក់លាក់ ឧទាហរណ៍ ប្រាប់ថាគណនីរបស់អ្នកត្រូវបានផ្អាក អ្នកត្រូវធ្វើសកម្មភាពក្នុងរយៈពេល២ម៉ោង
- តម្រូវឱ្យផ្តល់ព័ត៌មានសម្ងាត់ (Kill Switch) ដូចជាពាក្យសម្ងាត់ ឬលេខកូដផ្ទៀងផ្ទាត់ជាដើម។

វីឌីអូពីរបៀបប្រើប្រាស់ ScamCheck AI
ចំណែកឯ Job Scam Detector អ្នកប្រើប្រាស់ចូលទៅកាន់កម្មវិធីតេឡេក្រាម រួចស្វែងរក ឈ្មោះ Job Scam Detector ឬ ចុចលើតំណភ្ជាប់ t.me/cambodia_scam_detector_bot។ អ្នកប្រើប្រាស់ត្រូវថតស្គីនសារដែលសង្ស័យ ដែលទទួលបានពីតេឡេក្រាម រួចផ្ញើចូលទៅ Telegram bot នោះ។ កម្មវិធីនឹងធ្វើការវិភាគ ដើម្បីកំណត់ពីកម្រិតនៃហានិភ័យ ដោយផ្តោតលើ សូចនាករហានិភ័យមួយចំនួនដូចជា៖
- សន្យានឹងផ្តល់ប្រាក់ខែច្រើនហួស
- សារមានលក្ខណៈបន្ទាន់
- មិនមានបញ្ជាក់ រៀបរាប់ពីការងារច្បាស់លាស់
- ឱ្យទំនាក់ទំនងទៅវិញតាមតេឡេក្រាម ឬកម្មវិធី WhatsApp
- ទីតាំងការងារនៅកន្លែងដេលគួរឱ្យសង្ស័យ
- មានការស្នើសុំលុយជាមុនជាដើម។
លទ្ធផលនៃការវិភាគ នឹងបង្ហាញឱ្យអ្នកប្រើប្រាស់ឃើញនូវកម្រិតហានិភ័យដែលត្រូវបានបែងចែកជា៤កម្រិត រួមមាន៖
- កម្រិតទាប៖ អ្នកប្រើប្រាស់ត្រូវប្រុងប្រយ័ត្ន
- កម្រិតមធ្យម៖ មិនត្រូវបន្ត ប្រសិនបើមិនទាន់បានផ្ទៀងផ្ទាត់ច្បាស់
- កម្រិតខ្ពស់៖ ត្រូវរាយការណ៍ទៅកាន់អាជ្ញាធរ
- កម្រិតខ្ពស់បំផុត៖ ប្រព័ន្ធនេះសន្មតថាជា ការឆបោកពិតប្រាកដ

សូមបញ្ជាក់ថា ឧបករណ៍ដែលជួយក្នុងការត្រួតពិនិត្យ និងវិភាគការឆបោកទាំងនេះ លទ្ធផលដែលទទួលបានអាស្រ័យ លើការវិភាគរបស់ AI ដូច្នេះ វាមិនអាចធានាបានទាំងស្រុងនូវសុក្រិតភាព នោះទេ។ អ្នកប្រើប្រាស់ អាចប្រើឧបករណ៍ទាំងនេះជាជំនួយ ប៉ុន្តែត្រូវ តែមានការយល់ដឹងពីទម្រង់នៃការឆបោកផ្សេងៗ និងធ្វើការសម្រេចចិត្តដោយខ្លួនឯង។
គួររំលឹកថា ការឆបោកតាមអនឡាញ បានក្លាយបញ្ហាដ៏ធំ ដែលកំពុងកើតមាននៅទូទាំងសកលលោក ពិសេសនៅតំបន់អាស៊ី និងនៅប្រទេសកម្ពុជាផងដែរ។ ការរីកចម្រើននៃបច្ចេកវិទ្យា ពិសេសវត្តមាននៃបញ្ញាសិប្បនិម្មិត AI បានធ្វើឱ្យការឆបោកតាមអនឡាញកាន់តែមានទ្រង់ទ្រាយធំ និងស្មុគស្មាញពិបាកក្នុងការកំណត់ថាវាជាការឆបោក ឬមិនមែន។
តាមរយៈទំព័រហ្វេសប៊ុករបស់នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា (Anti Cyber Crime Department) ដែលបានចុះផ្សាយនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានរាយការណ៍ថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានចំនួន ៤៨លើក ឃាត់ខ្លួនបញ្ជូនទៅតុលាការចំនួន ១៦៨នាក់ និងបណ្ដេញចេញពីកម្ពុជាទៅប្រទេសកំណើត ចំនួន ២៧២២នាក់។

នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រជាជនកម្ពុជាបានបាត់បង់ទឹកប្រាក់ប្រមាណជិត៤០លានដុល្លា ពីការឆបោកបានអនឡាញនេះ។ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ប្រភេទនៃការឆបោកដែលតែងកើតមានឡើងជាងញឹកញាប់មានដូចជា ការផ្សព្វផ្សាយពីការងារក្លែងក្លាយ (Job Scams), ការវិនិយោគក្លែងក្លាយ (Investment Scams) ហាងលក់ទំនិញក្លែងក្លាយ (Fake Online Shops) ស្នេហាក្លែងក្លាយ (Roman Scams) សារក្លែងក្លាយ (Phishing)។