មុខងារថ្មីរបស់ហ្វេសប៊ុក – Access Your Information

Access Your Information ជា​មុខ​ងារ​ថ្មី​ដែល​ហ្វេសប៊ុក​ទើប​តែ​ដាក់​ឱ្យ​ប្រើ​កាល​​ពី​​ថ្ងៃ​ទី១២​ ខែ​មករា ឆ្នាំ​២០២១ ថ្មីៗ​នេះ។​ មុខ​ងារ​​នេះ​វា​ អាច​ជួយ​ឱ្យ​មាន​តម្លាភាព​លើ​ឯក​ជន​ភាព​ រវាង​អ្ន​ក​ប្រើ​ប្រាស់ និង​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក។

  

Access Your Information ផ្តល់​​ភាព​ងាយ​ស្រួល​ដល់​ម្ចាស់​គណនី​ក្នុង​ការ​ចូល​ទៅ​មើល​ពី​ព័ត៌​មាន​របស់​ខ្លួន​ដែល​មាន​នៅ​លើ​បណ្តាញ​សង្គម​មួយ​នេះ​ ហើយ​ពួក​គេ​ក៏​អាច​បិទ លុប ឬ​កែ​ប្រែ​មុខ​ងារ​ខ្លះ​នៅ​លើ​ហ្វេសប៊ុក​របស់​ពួក​គេ។

កាល​ពី​មុន ហ្វេស​ប៊ុក​បាន​បែង​ចែក​ចំណាត់​ថ្នាក់​ធំៗ​តែ​ពីរ​ប៉ុណ្ណោះ​គឺ Your Information និង​ Information About You ប៉ុន្តែ​មុខ​ងារ​ថ្មី​នេះ បាន​បែង​ចែក​ចំណាត់​ថ្នាក់​ព័ត៌​មាន​ជា​៨​ផ្សេងៗ​គ្នា រួម​មានៈ

  1. Your Activity Across Facebook 
    បង្ហាញ​ពី​ព័ត៌​មាន និង​សកម្មភាព​មួយ​ចំនួន​នៅ​លើ​ហ្វេស​ប៊ុក​មាន​ដូច​ជា ផូស​ដែល​អ្នក​បាន​បង្ហោះ វីឌីអូ​ដែល​អ្នក​បាន​មើល មតិ​របស់​អ្នក (comments) ក្រុម​ដែល​អ្នក​បាន​ចូល​រួច​ជា​ដើម​។
  2. Friends and Followers 
    បង្ហាញ​ព័ត៌​មាន​អំពី​មិត្ត​ភក្តិ​នៅ​ក្នុង​ហ្វេស​ប៊ុក​ មិត្ត​ភ័ក្ត​ដែល​អ្នក​បាន​ស្នើ​សុំ ​(Request) មនុស្ស​ដែល​អ្នក Follow និង​មនុស្ស​ដែល Follow អ្នក។
  3. Preferences 
    បង្ហាញ​ព័ត៌​មាន​មួយ​ចំនួន​ដូច​ជា​មុខ​ងារ​កំណត់​សម្គាល់​ផ្ទៃ​មុខ​ (Face Recognition) របស់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ពេល​មាន​រូប​ភាព​អ្នក​នៅ​លើ​ហ្វេសប៊ុក។
  4. Personal Information
    បង្ហាញ​ពី​ព័ត៌​មាន​ដែល​អ្នក​បាន​ផ្តល់​ជូន​ហ្វេសប៊ុក​នៅ​ពេល​ដែល​អ្នក​បង្កើត​គណនី​ហ្វេសប៊ុក​ដំបូង​។
  5. Logged Information 
    បង្ហាញ​ពី​ព័ត៌​មាន​ដែល​ហ្វេសប៊ុក​បាន​រក្សា​ទុក​ពី​សកម្មភាព​របស់​អ្នក​រួម​មាន ​ប្រវត្តិ​នៃ​ទី​តាំង​របស់​អ្នក​ដែល​ប្រើ​ហ្វេសប៊ុក និង​ប្រវិត្ត​ដែល​អ្នក​បាន​ស្វែង​រក​ផ្សេងៗ​នៅ​លើ​បណ្តាញ​សង្គម​នេះ​។
  6. Ads Information 
    បង្ហាញ​ពី​ព័ត៌​មាន​នៃ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ដែល​អ្នក​បាន​ចូល​មើល និង​ព័ត៌​មាន​ពី​ក្រុម​ហ៊ុន​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​ដែល​ប្រើ​ព័ត៌មាន​របស់​អ្នក​ដើម្បី​យក​ទៅ​ចែក​ចាយ​ដល់​អ្នក​ផ្សព្វ​ផ្សាយ​ផ្សេង​ទៀត​នៅ​លើ​ហ្វេស​ប៊ុក។
  7. Apps and Websites Off of Facebook 
    ​បង្ហាញ​ពី​ព័ត៌​សកម្មភាព​របស់​អ្នក​មួយ​ចំនួន​ដែល​ហ្វេស​ប៊ុក​ទទួល​បាន​ពី​គេហ​ទំព័រ​ដែល​អ្នក​ចូល​មើល ឬ​កម្មវិធី​ដែល​អ្នក​បាន​ប្រើ​ជា​ដើម។
  8. Security and Login Information
    បង្ហាញ​ពី​ព័ត៌​មាន​នៃ​ការ​ចូល​ទៅ​ប្រើ​ហ្វេស​ប៊ុក​របស់​អ្នក ដូច​ជា​ព័ត៌​មាន​ពី​ទូរស័ព្ទ ​ឬ​កុំព្យូទ័រ​ដែល​អ្នក​ប្រើ​ជា​មួយ​ហ្វេសប៊ុក​របស់​អ្នក ម៉ោង​ពេល​ ទី​កន្លែង​ដែល​អ្នក​ចូល​ទៅ​ប្រើ​ហ្វេស​ប៊ុក ព័ត៌​មាន​ពី​ការ​ចូល​ប្រើ និង​ចាក​ចេញ​ពី​ហ្វេស​ប៊ុក​ជា​ដើម។

សូម​បញ្ជាក់​ថា​មុខ​ងារ​នេះ​បាន​ដាក់​ឱ្យ​ប្រើ​តែ​នៅ​លើ​កម្មវិធី​ទូរស័ព្ទ Android និង iOS តែ​ប៉ុណ្ណោះ មុខ​ងារ​នេះ​មិន​ទាន់​មាន​ចំពោះ​អ្នក​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​នៅ​លើ​កុំព្យូទ័រ​នៅ​ឡើយ។

អ្នក​អាច​ចូល​ទៅ​កាន់​មុខ​ងារ​នេះ តាម​រយៈ Settings & Privacy > Settings > Access Your Information

ទោះ​បី​ជា​យើង​មិន​អាច​ទប់​ស្កាត់​ក្រុម​ហ៊ុន​ហ្វេស​ប៊ុក​បាន​ទាំង​ស្រុង​ពី​ការ​យក​ព័ត៌​មាន ​និង​ទិន្នន័យ​របស់​យើង​ទៅ​ប្រើ​ប្រាស់ ប៉ុន្តែ​មុខ​ងារ​នេះ​ក៏​អាច​ជួយ​អ្នក​បាន​ខ្លះ ​ក្នុង​ស្វែង​យល់​បន្ថែម​ថា​តើ​អ្នក​បាន​ផ្តល់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​អ្វី​ខ្លះ​ទៅ​ឱ្យ​បណ្តាញ​សង្គម​នេះ តើ​ពួក​គេ​រក្សា​ទុក​ព័ត៌​មាន ​និង​សកម្មភាព​អ្វី​ខ្លះ​ពី​អ្នក និង​តើ​ហ្វេស​ប៊ុក​បាន​យក​ព័ត៌​មាន​របស់​អ្នក​ទៅ​ប្រើ​ប្រាស់​យ៉ាង​ដូច​ម្តេច។

តាម​រយៈ​មុខ​ងារ​ថ្មី​នេះ ហ្វេសប៊ុក​ក៏​ផ្តល់​ជម្រើស​ខ្លះ​ឱ្យ​អ្នក​អាច​គ្រប់​គ្រង​ព័ត៌​មាន​មួយ​ចំនួន​របស់​អ្នក​ផង​ដែរ។ អ្នក​អាច​សម្រេច​លុប​ព័ត៌មាន​មួយ​ចំនួន​ចោល ​ឬ​បិទ​មុខ​ងារ​ណា​ដែល​មិន​ចាំ​បាច់​សម្រាប់​អ្នក​។

សុវត្ថិភាព និង​ឯក​ជន​ភាព​របស់​អ្នក​នៅ​លើ​ហ្វេស​ប៊ុក​ពិត​ជា​មាន​សារៈ​សំខាន់​ សូម​ការ​ពារ​វា​តាម​លទ្ធភាព​ដែល​អ្នក​អាច​ធ្វើ​បាន។

ប្រភពៈ https://about.fb.com/news/2021/01/introducing-the-new-access-your-information/