របាយការណ៍ថ្មីរបស់ INTERPOL បង្ហាញពីការកើនឡើងនៃការគំរាមកំហែងតាមអ៊ីនធឺណិតនៅទូទាំងអាស៊ី និងតំបន់ប៉ាស៊ីហ្វិកខាងត្បូង

របាយការណ៍វាយតម្លៃបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូងចុងក្រោយបង្អស់របស់ INTERPOL បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃបទល្មើសតាមប្រព័ន្ធអ៊ីនធឺណិតនៅទូទាំងតំបន់ ដែលត្រូវបានជំរុញដោយការរីកចម្រើនយ៉ាងឆាប់រហ័សនៃប្រព័ន្ធឌីជីថល បច្ចេកវិទ្យាថ្មីៗ និងការកើនឡើងនៃបណ្តាញឧក្រិដ្ឋកម្មកាន់តែច្រើន។ 

របាយការណ៍បានរកឃើញថា ជាងពាក់កណ្តាលនៃប្រទេសដែលបានស្ទង់មតិបានរាយការណ៍ថា បច្ចុប្បនេះឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត មានចំនួនស្មើនឹង ៣០%នៃឧក្រិដ្ឋកម្មផ្សេងទៀតដែលបានកើតឡើងទូទាំងប្រទេសនៅក្នុងតំបន់ទាំងនេះ។ 

បច្ចេកទេសឆបោកតាមអ៊ីនធឺណិត (Cyber-scam) ដូចជាការឆបោកបែបបន្លំ ឬ Phishing បានរីករាលដាលយ៉ាងខ្លាំងក្នុងទម្រង់ជា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត ដែលធ្វើឱ្យប៉ះពាល់ផ្នែកហិរញ្ញវត្ថុដ៏សម្បើម។ ៣៣% នៃប្រទេសដែលបានចូលការស្ទង់មតិ រាយការណ៍ថា ការវាយប្រហារបែប phishing កើតឡើងជាង ១ម៉ឺនករណី។ 

និន្នាការនៃការគំរាមកំហែងតាមអ៊ីនធឺណិតសំខាន់ៗផ្សេងទៀតដែលកើតឡើងលើប្រទេសនៅក្នុងតំបន់រួមមាន៖ 

  • មេរោគចាប់ជំរិត ឬ Ransomware៖ ការវាយប្រហារដោយប្រើមេរោគ Ransomware បានកើតឡើងច្រើនជាង ១៣ម៉ឺន ៥ពាន់ដង (១៣៥,០០០ ដង) ដែលធ្វើឱ្យប៉ះពាល់ដល់វិស័យមួយចំនួនដូចជា វិស័យអចលនទ្រព្យ ផលិតកម្ម និងសេវាកម្មហិរញ្ញវត្ថុ។ 
  • ការវាយប្រហារបែប DDoS៖ ការវាយប្រហារបែប DDoS ក្នុងឆ្នាំ ២០២៤ បានកើនឡើងចំនួន ៩២% បើធៀបនឹងឆ្នាំមុន។ 
  • ឧក្រិដ្ឋកម្មដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI-driven crime)៖ បញ្ហាទាក់ទងនឹង ការឆបោកដោយតាមរយៈការបង្កើតវីឌីអូក្លែងក្លាយ ឬdeepfakes ដែលបានកើតឡើងនៅលើវេទិកាពិភាក្សា និងបណ្តាញសង្គមពេញនិយមជាច្រើន ដែលគំរាមកំហែងខ្លាំងនៅតំបន់អាស៊ីអាគ្នេយ៍។ វាបានកើនឡើង ៦០០% ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ឆ្នាំ២០២៤។ 
  • ការរឆបោកបែបបន្លំ (Phishing)៖ ការសិក្សាបានរកឃើញថា ក្នុងចំណោម ១០០០ នាក់ មានមនុស្ស ច្រើនជាង ៥នាក់ (៥.៥ នាក់)  បានចុចលើតំណភ្ជាប់ការក្លែងក្លាយជារៀងរាល់ខែ។ ចំនួននេះស្នើនឹងប្រហែល ២ដង នៃមធ្យមភាគសកល ហើយសេវាកម្មក្លោដ (cloud applications) ជាគោលដៅនៃការវាយប្រហារចម្បង។ 
  • ការបំពានទិន្នន័យ (data breach)៖ មានការវាយប្រហារដើម្បីច្រៀតចូលទៅក្នុងប្រព័ន្ធ កើតឡើងចំនួនប្រហែល៨០% ដោយភាគច្រើនធ្វើឡើងតាមរយៈមានមេរោគ (malware) និង មេរោគ ransomware (មេរោគ malware ចំនួន៨៣% និងមេរោគ ransomeware ចំនួន ៥១%)។ 

វិធានដែលបាន និងកំពុងអនុវត្តដើម្បីការពារពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់បណ្តាប្រទេសនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិចខាងត្បូង

ពេញមួយឆ្នាំ២០២៤ បណ្តាប្រទេសនៅទូទាំងតំបន់អាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង បានអនុម័តវិធានការចម្រុះ ដើម្បីដោះស្រាយហានិភ័យនៃឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលកំពុងកើនឡើង។ ក្នុងនោះរួមមាន៖

  • ការអនុម័តច្បាប់ថ្មីៗដែលផ្តោតលើទម្រង់ឧក្រិដ្ឋកម្មដែលកំពុងកើតមានតាមអ៊ីនធឺណិត 
  • ការពង្រឹងភាពជាដៃគូក្នុងតំបន់ ដើម្បីចូលរួមកាន់តែស៊ីជម្រៅជាមួយភាគីពាក់ព័ន្ធក្នុងឧស្សាហកម្ម និងការវិនិយោគលើការការពារឱ្យកាន់តែប្រើសើរឡើង។
  • ការកសាងសមត្ថភាពសម្រាប់អង្គភាពជំនាញ និងអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីលើកកម្ពស់អក្ខរកម្មឌីជីថល និងការយល់ដឹងអំពីហានិភ័យ ទៅកាន់ប្រជាពលរដ្ឋ និងសហគមន៍ជាដើម។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តក្នុងតំបន់ក្នុងការទទួលយក ត្រៀមខ្លួនដើម្បីការពារ បញ្ចៀស ទប់ទល់ និង កាត់បន្ថយផលប៉ះពាល់នៃការគំរាមកំហែងពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនេះ។

ប្រភព៖ interpol.int