កម្មវិធីអាកាសធាតុ ឬហ្គេមនៅក្នុងទូរស័ព្ទរបស់អ្នក មិនត្រឹមតែផ្ដល់ព័ត៌មាន ឬកម្សាន្តនោះទេ វាក៏កំពុងលួចកត់ត្រារាល់ការធ្វើដំណើររបស់អ្នកផងដែរ។ ថ្មីៗនេះ នាយក FBI លោក Kash Patel បានសារភាពថា ភ្នាក់ងាររដ្ឋាភិបាលបាន “ចំណាយលុយទិញ” ទិន្នន័យទីតាំងទាំងនេះ ដើម្បីតាមដានមនុស្សដោយមិនចាំបាច់សុំដីកាពីតុលាការឡើយ។
តើទិន្នន័យរបស់អ្នកធ្លាក់ដល់ដៃ FBI ដោយរបៀបណា?
វដ្តនៃទិន្នន័យនេះមានដំណើរការសាមញ្ញៗដូចខាងក្រោម៖
- ការអនុញ្ញាត (Permission): នៅពេលអ្នកដំឡើងកម្មវិធី (ដូចជាកម្មវិធីអាកាសធាតុ) វាតែងតែសុំសិទ្ធិមើលទីតាំងរបស់អ្នក។
- ការប្រមូល និងលក់: កម្មវិធីទាំងនោះប្រមូលទិន្នន័យទីតាំងអ្នក រួចលក់វាទៅឱ្យ “ក្រុមហ៊ុនជើងសារទិន្នន័យ”។
- រដ្ឋាភិបាលទិញបន្ត: FBI និងភ្នាក់ងារសហព័ន្ធផ្សេងទៀត គ្រាន់តែចំណាយលុយទិញទិន្នន័យទាំងនោះពីក្រុមហ៊ុនជើងសារ ជាការស្រេច។
ចំណុចសំខាន់៖ កាលពីឆ្នាំ ២០១៨ តុលាការកំពូលធ្លាប់ហាមមិនឱ្យ FBI យកទិន្នន័យពីក្រុមហ៊ុនទូរស័ព្ទដោយគ្មានដីកា។ ប៉ុន្តែឥឡូវនេះ ពួកគេបានប្រើល្បិច “ទិញតាមផ្សារងងឹត” ជំនួសវិញ ដើម្បីគេចពីច្បាប់មួយនេះ។
ប្រតិកម្មពីអ្នកនយោបាយ
រឿងនេះបានធ្វើឱ្យសមាជិកសភាអាមេរិកជាច្រើនខឹងសម្បារយ៉ាងខ្លាំង៖
- លោក Ron Wyden (សមាជិកព្រឹទ្ធសភា): បានហៅសកម្មភាពនេះថាជាការ “លួចបន្លំច្បាប់” ដើម្បីរំលោភសិទ្ធិឯកជនរបស់ប្រជាជន។
- ដំណោះស្រាយ: បច្ចុប្បន្នមានការជំរុញឱ្យបង្កើតច្បាប់ថ្មីមួយ (កាលពីថ្ងៃទី ១៣ ខែមីនា) ដើម្បីបង្ខំឱ្យរដ្ឋាភិបាល “ត្រូវតែមានដីកា” ទើបអាចទិញទិន្នន័យទាំងនេះបាន។
ហេតុអ្វីបានជា FBI អាចធ្វើបែបនេះបាន?
មូលហេតុគឺដោយសារ “ចន្លោះប្រហោងនៃច្បាប់”៖
- ច្បាប់បច្ចុប្បន្នការពារមិនឱ្យរដ្ឋាភិបាលបង្ខំយកទិន្នន័យពីអ្នក។
- ប៉ុន្តែ ច្បាប់មិនទាន់បានហាមឃាត់រដ្ឋាភិបាលមិនឱ្យ “ធ្វើជាអតិថិជន” ដើរទិញទិន្នន័យដែលមានលក់នៅលើទីផ្សារសេរីនោះទេ។
មន្ត្រីខ្លះ (ដូចជាលោក Tom Cotton) យល់ស្របនឹងការធ្វើបែបនេះ ដោយអះអាងថា បើអ្នកណាក៏អាចទិញទិន្នន័យបាន ចុះហេតុអ្វីរដ្ឋាភិបាលទិញមិនបាន ដើម្បីការពារសន្តិសុខជាតិ?
ដូចនេះរាល់ពេលអ្នកចុច “Allow” ឱ្យកម្មវិធីណាមួយមើលទីតាំងរបស់អ្នក ព័ត៌មាននោះអាចនឹងត្រូវគេយកទៅលក់បន្ត រហូតដល់ដៃសមត្ថកិច្ចដោយអ្នកមិនដឹងខ្លួន។
ប្រភព៖ Yahoo news