​ធនាគារ​ជាតិ​ ​ចេញ​គោលការណ៍​ណែនាំ ​ស្តីពី​ការ​គ្រប់គ្រង​ហា​និ​ភ័យ​បច្ចេកវិទ្យា​ ​និង​សាយ​ប័រ​ ​ដើម្បី​ធានា​សុវត្ថិភាព​ ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា

​ស្រប​ពេល​ដែល​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​រីកចំរើន​យ៉ាង​ឆាប់រហ័ស​នៅ​ក្នុង​កម្ពុជា​ ​កាលពីដើម​ខែ​មករា​ ​ឆ្នាំ​២​០​២​៦​នេះ​ ​ធនាគារជាតិនៃកម្ពុជា​ (NBC)​ បាន​ចេញ​គោលការណ៍​ណែនាំ ​ស្តីពី​ការ​គ្រប់គ្រង​ហា​និ​ភ័យ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ ​និង​សាយ​ប័រ​ (​Technology​ ​and​ C​y​be​r ​Risk​ ​Management​ ​Guideline​s – ​T​CR​M​G​) ​ដើម្បី​ធានា​សុវត្ថិភាព​ ​ស្ថិរភាព​ ​និង​ភាព​ធន់​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

​គោលការណ៍​ណែនាំ​ថ្មី​នេះ ​ ​ឆ្លុះបញ្ចាំង​ពី​ការវិវត្តន៍​នៃ​ការ​គំរាមកំហែង​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​ការ​កើន​ឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ ​និង​ការពឹងផ្អែក​កាន់តែ​ខ្លាំង​នៃ​ការ​ប្រើ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​ដូចជា​សេវា​ធនាគារ​ចល័ត​ (​mobile​ ​banking​) ​សេវា​ធនាគារ​តាម​អ៊ី​ន​ធឺ​ណិ​ត​ (​inter​net​ ​banking​) ​កាបូប​អេ​ឡិច​ត្រូនិ​ក​ (​e​-​wallet​s) ​និង​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​។​ ​ដោយ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ ​ដើម្បី​បង្កើន​ប្រសិទ្ធ​ភាព​ ​និង​ធ្វើ​ឱ្យ​មាន​ងាយស្រួល​ដល់​អតិថិជន​ ​ពួកគេ​ក៏​ប្រឈម ​នឹង​ហា​និ​ភ័យ​តាម​អ៊ី​ន​ធឺ​ណិ​ត​ ​និង​ភាព​ងាយ​រងគ្រោះ​ផង​ដែរ​។​

​សេចក្តីណែនាំ​របស់​ ​ធនាគារ​ជាតិ​នេះ​ ​ផ្តល់​ជូន​ធនាគារ​ ​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​នូវ​គោលការណ៍​ ​និង​វិធាន​អនុវត្ត​ជាក់ស្តែង​ ​ដើម្បី​គ្រប់គ្រង​ហា​និ​ភ័យ​បច្ចេកវិទ្យា​ ​និង​សាយ​ប័រ​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​ ​គោលការណ៍​នេះ​ ​កំណត់​ភាព​ចាំបាច់​លើ​អភិបាល​កិច្ច​សន្តិសុខ​សាយប័រ ​ការ​ការពារ​ទិន្នន័យ​ ​ការ​ធ្វើ​ប្រព័ន្ធ​អាច​ទុកចិត្ត​បាន​ ​និង​ការ​ឆ្លើយតប​ចំពោះ​ឧប្បត្តិហេតុ​ ​ដើម្បី​ធានា​ថា​បច្ចេកវិទ្យា​ថ្មីៗ​ ​ដូចជា​កុំព្យូទ័រ​ក្លោ​ដ​ ​បញ្ញា​សិប្បនិម្មិត​ ​និង​ថ្នាល​ទូទាត់​ឌី​ជី​ថល​ ​ត្រូវ​បាន​ដាក់​ឱ្យ​ប្រើ​ប្រកបដោយ​សុវត្ថិភាព​។

​សេចក្ដីណែនាំ​នេះ​ ​មាន​គោលបំណង​ការពារ​អតិថិជន​ ​បង្កើន​ទំនុក​ចិត្ត​លើ​សេវា​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ ​និង​លើក​ក​ម្ពស់​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ហិរញ្ញវត្ថុ​ឌី​ជី​ថល​ឱ្យ​មាន​សុវត្ថិភាព​ ​និង​និរន្តរភាព​នៅ​កម្ពុជា​។​ ​សេចក្ដីណែនាំ​នេះ​ក៏​ពង្រឹង​គណនេយ្យ​ភាព​នៅ​ថ្នាក់​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​ថ្នាក់​គ្រប់គ្រង​ជាន់ខ្ពស់​ ​ដោយ​ធានា​ថា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ​ត្រូវ​ទទួលខុសត្រូវ​ប្រកប​ភាព​ច្បាស់លាស់​ ​លើ​ការ​គ្រប់គ្រង​ហា​និ​ភ័យ​បច្ចេកវិទ្យា​ ​និង​អ៊ី​ន​ធឺ​ណិ​ត​។

ប្រភព៖ ធនាគារជាតិនៃកម្ពុជា

អត្ថបទផ្សេងៗទៀត