សេចក្តី​សង្ខេប៖ ការ​ប្រមើល​មើល​សន្តិ​សុខ​សាយប័រ​ពិភពលោក ឆ្នាំ២០២៦

របាយការណ៍ Global Cybersecurity Outlook 2026 ដែល​ចេញ​ផ្សាយ​ដោយ វេទិកា​សេដ្ឋកិច្ច​ពិភព​លោក (WEF) សហការ​ជា​មួយ Accenture បង្ហាញ​ទិដ្ឋភាព​យុទ្ធសាស្ត្រ​អំពី​ស្ថាន​ភាព​សន្តិសុខ​សាយ​ប័រ​នៅ​កម្រិត​ពិភព​លោក សម្រាប់​ឆ្នាំ ​២០២៦។ របាយការណ៍​នេះ​រំលេច​ពី​ហានិភ័យ និន្នាការ និង​អាទិភាព​សំខាន់ៗ ដែល​អង្គការ រដ្ឋាភិបាល និង​សង្គម​ទាំង​មូល​ត្រូវ​ប្រឈម​មុខ ក្នុង​បរិបទ​ឌីជីថល​ដែល​កំពុង​ផ្លាស់​ប្ដូរ​យ៉ាង​លឿន។

១. បរិបទ​សន្តិសុខ​សាយប័រ​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស

សន្តិសុខ​ឌីជីថល​ក្នុង​ឆ្នាំ ២០២៦ ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​វិវឌ្ឍ​បច្ចេក​វិទ្យា​ដ៏​លឿន ភាព​បែក​បាក់​ផ្នែក​ភូមិ​សាស្ត្រ​នយោបាយ ​និង​ភាព​មិន​ស្មើ​គ្នា​នៃ​សមត្ថភាព និង​ធន​ធាន។ ការ​គំរាម​កំហែង​ឌីជីថល​កាន់​តែ​​មាន​ភាព​ស្មុគស្មាញ និង​ប្រទាក់​ក្រឡា​គ្នាយ៉ាង​ខ្លាំង ដែល​ប៉ះ​ពាល់​ដល់​ស្ថិរភាព​សេដ្ឋកិច្ច ភាព​ធន់​របស់​អង្គការ និង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​នៅ​ទូ​ទាំង​ពិភព​លោក។

២. បញ្ញា​សិប្បនិម្មិត (AI)៖ អាវុធ​មុខ​ពីរ

AI គឺ​ជា​កត្តា​សំខាន់​បំផុត​ដែល​កំពុង​ផ្លាស់​ប្តូរ​ហានិភ័យ​សន្តិសុខសាយប័រ។

  • ៩៤% នៃ​មេ​ដឹក​នាំ គិតថា AI គឺ​ជា​កត្តា​ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​សន្តិសុខ​សាយប័រ​ក្នុង​ឆ្នាំ​នេះ។
  • អង្គការ​ជា​ច្រើន​បាន​ចាប់​ផ្តើម​វាយ​តម្លៃ​សុវត្ថិភាព​នៃ​ប្រព័ន្ធ AI របស់​ខ្លួន ដែល​កើន​ពី ៣៧% ក្នុង​ឆ្នាំ ២០២៥ ទៅ​ដល់​ ៦៤% ក្នុងឆ្នាំ ២០២៦។
  • ៨៧% នៃ​អ្នក​ឆ្លើយ​សំណួរ រាយ​ការណ៍​ថា ភាព​ងាយ​រង​គ្រោះ​ពាក់​ព័ន្ធ​នឹង​ AI​ កើន​ឡើង​លឿន​ជាង ​ប្រភេទ​ហានិភ័យ​ផ្សេងៗ​ទៀត។

AI កំពុង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ទ្រង់​ទ្រាយ​ទាំង​ផ្នែក​ការពារ និង​ការ​វាយ​ប្រហារ៖​ ខណៈ​​ដែល​វា​អាច​ជួយ ​ស្វែង​រក​ការ​គំរាម​កំហែង​ ដោយស្វ័យប្រវត្តិ និង​បង្កើន​សមត្ថភាព​ការពារ វា​ក៏​អាច​​បាន​ប្រើ​សម្រាប់​ការ​វាយ​ប្រហារ​ក្នុង​កម្រិត​ខ្ពស់​ផង​ដែរ ដូច​ជា ​ការបែកធ្លាយ​ទិន្នន័យ ការឆបោកតាមអនឡាញ​ដោយ​ស្វ័យ​ប្រវត្តិ ការ​បង្ហោះ​ព័ត៌មាន​ក្លែង​ក្លាយ និង​ការ​ប្រើប្រាស់ ​ខុស​គោល​បំណង​នៃ​ប្រ​ព័ន្ធ​ ក្នុងការ​បង្កើត​​អត្ថបទ ឬរូបភាព។ ដូច្នេះ ការ​រក​តុល្យភាព​រវាង​ការ​ច្នៃ​ប្រឌិត និង​ការ​គ្រប់​គ្រង ដោយ​មាន​ការ​ត្រួត​ពិនិត្យ​ពីមនុស្ស គឺ​ជា​ការ​ចាំបាច់។

៣. ភូមិ​សាស្ត្រ​នយោបាយ និង​ហានិភ័យ​ឌីជីថល

កត្តា​ភូមិសាស្ត្រ​នយោបាយ​បាន​ក្លាយ​ជា​មូល​ដ្ឋាន​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​សន្តិសុខ​ឌីជីថល។

  • ៦៤% នៃ​អង្គការ បាន​គិត​គូរ​អំពី​ការ​វាយ​ប្រហារ​ឌីជីថល​ ដែល​មាន​មូល​ហេតុ​នយោបាយ រួម​មាន​ការ​ប៉ុន​ប៉ង​រំខាន​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ និង​សកម្មភាព​ស៊ើបការណ៍ជា​ដើម។
  • ការជឿជាក់​​លើ​​ភាព​​រួច​រាល់​ផ្នែក​សាយ​ប័រ​ របស់​ប្រទេស​នីមួយៗ​ខុស​គ្នាខ្លាំង ហើយ​ស្ថាប័ន​រដ្ឋ ជា​ច្រើន​រាយការណ៍ថា មាន​​ការ​ត្រៀម​ខ្លួននៅ​ក្នុង​កម្រិត​ទាប​ជាង​វិស័យ​ឯក​ជន។

ភាព​បែក​បាក់​នយោបាយ និង​ការ​ប្រកួត​ប្រជែង​រវាង​​អំណាច​ធំៗ កំពុង​កំណត់​ឡើង​វិញ​អំពី​កិច្ចសហប្រតិ​បត្តិការ ​ការ​ជឿ​ទុក​ចិត្ត និង​ស្តង់​ដារ​សកល​ផ្នែក​ឌីជីថល។

៤. ការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត និង​អាទិភាព​របស់​មេដឹកនាំ

ការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត បាន​ក្លាយ​ជា​ការ​ព្រួយ​បារម្ភ​ធំ​បំផុត​សម្រាប់​មេ​ដឹកនាំ។ មេរោគ​ចាប់​ជំរិត (ransomware) ក្លាយ​ជា​បញ្ហា​ឈានមុខ​គេ​ ចំពោះ​នាយក​ប្រតិបត្តិ​ជា​ច្រើន។

  • ៧៣% នៃ​អ្នក​ឆ្លើយ​សំណួរ រាយ​ការណ៍​ថា ពួក​គេ​បាន​រង​ផល​ប៉ះពាល់​ ដោយ​ផ្ទាល់​​ ពី​ការ​បោក​ប្រាស់​តាម​អ៊ីនធឺណិត​ ក្នុងឆ្នាំ២០២៥។
  • នា​យក​ប្រតិបត្តិ (CEOs) បាន​ដាក់​អាទិភាព​ លើ​ហានិភ័យ​នៃ​ការឆបោក​តាម​អ៊ីន​ធឺណិត និង​បញ្ហា​ពាក់​ព័ន្ធ​នឹង AI លើស​​ពី​​ការ​គំរាម​កំហែង​ ដែល​ធ្លាប់​កើត​មាន​​ពី​មុន​។ បញ្ហា ដូចជាមេរោគ​ចាប់​ជំរិត (ransomware) ក្លាយ​ជា​ហានិភ័យ​​កម្រិត​ខ្ពស់បំផុត នៅ​កម្រិត​ថ្នាក់​ដឹក​នាំ។

៥. ភាព​ងាយ​រង​គ្រោះ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់

ហានិភ័យ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​នៅ​តែ​ជា​បញ្ហា​ធំ៖

  • ៦៥% នៃ​ក្រុម​ហ៊ុន​ធំៗ ចាត់​ទុក​ភាព​ងាយ​រង​គ្រោះ​ពី​ភាគី​ទី​បី និង​អ្នក​ផ្គត់​ផ្គង់ ជា​ឧបសគ្គ​សំខាន់​ សម្រាប់​ភាព​ធន់​ ផ្នែក​សន្តិ​សុខ​ឌីជីថល។

ភាព​ខុស​គ្នា​រវាង​កម្មវិធីសុសវែរ (software) បច្ចេក​វិទ្យា​ក្លោដ (cloud) និង​ឧបករណ៍​ផ្នែក​រឹង​​ (hardware) ធ្វើ ឲ្យ​អង្គការ​ ងាយ​រង​ការ​វាយ​ប្រហារ​ជា​បន្តបន្ទាប់។

៦. វិសមភាព​ផ្នែក​សន្តិសុខ​ឌីជីថល (Cyber Inequity)

មិន​មែន​ប្រទេស ឬ​អង្គការ​ទាំង​អស់​មាន​ការ​រៀប​ចំ​ស្មើៗ​គ្នា​នោះ​ទេ។ ភាព​ខុស​គ្នា​នៃ​ជំនាញ ធន​ធាន និង​ហេដ្ឋា​រចនាសម្ព័ន្ធ បង្កើត “វិសមភាព​ផ្នែក​ឌីជីថល” ដែល​បង្កើន​ហានិភ័យ​ជារួម។ ខណៈ​ដែល​តំបន់​ខ្លះ​មាន​ទំនុក​ចិត្ត​ខ្ពស់​លើ​ សមត្ថភាព​ការពារ តំបន់​ផ្សេងៗ ជា​ពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ នៅ​តែ​មានសមត្ថ​​ភាព​​ខ្សោយនៅ​ឡើយ។

៧. ការ​អំពាវ​នាវ​ឲ្យ​មាន​ភាព​ធន់​រួម

សារ​សំខាន់​មួយ​របស់​របាយការណ៍គឺ ការ​កសាង​ភាព​ធន់​ផ្នែក​សន្តិសុខឌីជីថល ត្រូវ​ការ​កិច្ច​សហការ​រួមគ្នា។ កិច្ច​សហប្រតិបត្តិការ​ឆ្លង​កាត់​វិស័យ ព្រំ​ដែន និង​ឧស្សាហកម្ម គឺ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ ក្នុង​ការ​គ្រប់​គ្រង​ហានិភ័យ  ឆ្លើយ​តប​ទៅ​នឹង​ហេតុការណ៍ និង​កសាង​ ការ​ជឿ​ទុក​ចិត្ត​លើ​សេដ្ឋកិច្ចឌីជីថល។

សេចក្តី​សន្និដ្ឋាន

Global Cybersecurity Outlook 2026 បញ្ជាក់​យ៉ាង​ច្បាស់ថា សន្តិ​សុខ​ឌីជីថល មិន​មែន​ជា​បញ្ហា​បច្ចេក​ទេស​ ឬ​បញ្ហា​​ផ្នែក ព័ត៌​មាន​វិទ្យា (IT) ប៉ុណ្ណោះ​ទេ។ វា​ជា​បញ្ហា​យុទ្ធសាស្ត្រ​ ដែល​ភ្ជាប់​ជា​មួយ​តម្លៃ​សេដ្ឋកិច្ច សន្តិសុខ​ជាតិ ​និង​សុខុមាល​ភាព​សង្គម។ ជោគជ័យ​ក្នុង​បរិបទ​នេះ អាស្រ័យ​លើ​ សមត្ថភាព​ក្នុង​ការ​រក​តុល្យភាព​ រវាង​ការ​ច្នៃ​ប្រឌិត ​(ជា​ពិសេស AI) និង​ការ​គ្រប់គ្រង ការ​ពង្រឹង​កិច្ច​សហការ និង​ការ​កាត់​បន្ថយ​ភាព​​មិន​ស្មើគ្នា​ នៃសមត្ថភាព និង​ការ​រៀបចំ។​

ប្រភព៖ weforum.org