របាយការណ៍ថ្មីមួយ របស់ក្រសួងអប់រំយុវជន និងកីឡា (ICT Diagnostic for Digital Transformation in Cambodia) ដែលចេញផ្សាយនៅខែ ឧសភា ឆ្នាំ២០២៥ និងទើបតែបានចែករំលែកជាសាធារណៈនៅពេលថ្មីៗនេះ បានរកឃើញថា គ្រូបង្រៀន និងបុគ្គលិកអប់រំ របស់ក្រសួងអប់រំ ចំនួន ៤៥% មិនអាចកំណត់ អត្តសញ្ញាណ គេហទំព័រដែល មានសុវត្ថិភាពបានទេ។ នេះជាការព្រួយបារម្ភមួយ ដែលពួកគាត់អាចក្លាយជាជនរងគ្រោះ ពីការឆបោកតាមរយៈ តំណភ្ជាប់ក្លែងក្លាយ ការចូលទៅកាន់គេហទំព័រដែលមិនមានសុវត្ថិភាព ដែលអាច បង្កហានិភ័យផ្សេងៗ ដូចជា បាត់បង់គណនីអនឡាញ ឆ្លងមេរោគចូលក្នុងឧបករណ៍ និងការគំរាមកំហែងតាមអ៊ីនធឺណិតជាច្រើនទៀត។
ការសិក្សាបង្ហាញថា សុវត្ថិភាពអនឡាញគឺជាប្រធានបទអាទិភាព សម្រាប់ការបណ្ដុះបណ្ដាលទៅកាន់ពួកគាត់។ ៤២% នៃអ្នកឆ្លើយតបបានស្នើសុំការគាំទ្រ លើការបណ្ដុះបណ្ដាលបន្ថែមលើប្រធានបទនេះ។ មន្ត្រីអប់រំបានសង្កត់ធ្ងន់ថាគ្រូបង្រៀន ត្រូវការការត្រៀមខ្លួនកាន់តែខ្លាំងជាងមុន ដើម្បីការពារសិស្ស របស់ពួកគាត់ពីការបៀតបៀនតាមអ៊ីនធឺណិត ការបែកធ្លាយទិន្នន័យ និងការគំរាមកំហែង ផ្សេងៗទៀតតាមអ៊ីនធឺណិត។
របាយការណ៍នេះក៏បានណែនាំឱ្យរៀបចំធ្វើការបណ្ដុះបណ្ដាលលើប្រធានបទផ្សេងទៀត ដូចជាការគ្រប់គ្រងហានិភ័យអនឡាញ ការការពារព័ត៌មានផ្ទាល់ខ្លួន និងការប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសីលធម៌។
ប្រភព៖ ICT Diagnostic for Digital Transformation in Cambodia