អ្វីជា Quishing?
អ្នកប្រហែលជាបានដឹងច្រើនពី Phishing និងក៏ដឹងពីវិធីសាស្រ្តការពារខ្លួនពីការវាយប្រហារបែប Phishing នេះហើយ។ Quishing មកពីពាក្យថា QR Phishing ដែលវាដូចនឹងការ វាយប្រហារបែប Phishing ដែរ តែធ្វើឡើងតាមរយៈការស្កេន QR Code។
នៅក្នុង QR Code ផ្ទុកនូវទិន្នន័យជាច្រើន នៅពេលដែលធ្វើការស្កេន វានឹងនាំអ្នក ទៅកាន់តំណភ្ជាប់ណាមួយ ឬគេហទំព័រណាមួយ បើក ឬទាញយកកម្មវិធីណាមួយជាដើម។ល។
ចំណុចល្អរបស់ QR Code គឺវាផ្តល់ភាពងាយស្រួល និងមានភាពរហ័ស ដោយអ្នកមិនចាំបាច់វាយបញ្ចូលទិន្នន័យទាំងនោះទេ។ ប៉ុន្តែអ្នកក៏មិនអាចដឹងថា នៅក្នុង QR code នោះមានតំណភ្ជាប់ ឬទិន្នន័យអ្វីដែរ លុះត្រាតែអ្នកធ្វើការស្កេនសិន។
បញ្ហានៅត្រង់ថា អ្នកប្រើប្រាស់ភាគច្រើនមិនយកចិត្តទុកដាក់ ឬចាប់អារម្មណ៍បន្ទាប់ពីពួកគេស្កេន QR code ណាមួយទេ នេះជាហេតុធ្វើឱ្យអ្នកវាយប្រហារ ធ្វើការបន្លំ QR code នឹងបង្កប់នូវ តំណភ្ជាប់ក្លែងក្លាយ ដែលនាំអ្នកទៅកាន់គេហទំព័រក្លែងក្លាយ ឬទាញយកកម្មវិធីដែលមិនមានសុវត្ថិភាពជាដើម។ល។
តើការស្កេន QR Code ក្លែងក្លាយអាចបង្កហានិភ័យអ្វីខ្លះដល់អ្នក?
- អ្នកអាចនឹងចូលទៅកាន់គេហទំព័រក្លែងក្លាយណាមួយ (phishing website)។
- អ្នកអាចនឹងទាញយកកម្មវិធី ឬឯកសារដែលបង្កប់នូវមេរោគ។
- អ្នកអាចនឹងធ្វើការទូរទាត់សាច់ប្រាក់ទៅកាន់គណនីរបស់ជនខិលខូច។
- អ្នកអាចនឹងផ្តល់ព័ត៌មានផ្សេងៗទៅកាន់ប្រភពក្លែងក្លាយ។
- អ្នកអាចនឹងបាត់បង់គណនីអនឡាញ ឬគណនីបណ្តាញសង្គមផ្សេងៗ ដូចជាហ្វេសប៊ុកជាដើម។
ធ្វើដូចម្តេចដើម្បីបង្ការពី Quishing?
- គិតមុននឹងស្កេន៖ ប្រុងប្រយ័ត្នមុននឹងស្កេន QR Code ណាមួយ កុំស្កេន QR Code ពីអ៊ីមែល ឬសារផ្តេសផ្តាស ពិសេសប្រសិនបើសារនោះតម្រូវឱ្យអ្នកធ្វើការស្កេន មានលក្ខណៈបន្ទាន់។
- ពិនិត្យមើលទិន្នន័យដែលទទួលបានពី QR Code ឱ្យបានច្បាស់៖ បន្ទាប់ពីអ្នកស្កេន QR Code ណាមួយ ទិន្នន័យដែលមាននៅក្នុង QR Code នោះនឹងបង្ហាញ ដូចជាតំណភ្ជាប់ អាស័យដ្ឋានអ៊ីមែល លេខទូរស័ព្ទជាដើម។ អ្នកត្រូវពិនិត្យមើលឱ្យបានច្បាស់ថាតើ តំណភ្ជាប់ ឬព័ត៌មានទាំងនោះត្រឹមត្រូវដែរឬទេ។
- ប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ក្លែងក្លាយ៖ ប្រសិនបើអ្នកស្កេន ហើយទទួលបានតំណភ្ជាប់ខ្លី ដែលអ្នកមិនអាចមើលដឹងពីប្រភព (shortened url) អ្នកមិនគួរចុចទេ។ ជនខិលខូចអាចបង្កប់តំណភ្ជាប់ ឱ្យអ្នកចូលទៅកាន់គេហទំព័រក្លែងក្លាយ ឬឱ្យបើកកម្មវិធីធនាគារនៅក្នុងទូរស័ព្ទដៃដើមធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ឬអាចឱ្យអ្នកទាញយកកម្មវិធីណាមួយដែលមានផ្ទុកមេរោគ។ អ្នកត្រូវពិនិត្យ និងប្រុងប្រយ័ត្នមុននឹងធ្វើសកម្មភាពបន្ត។
- ប្រើមុខងារស្កេន QR Code ដែលមានស្រាប់ក្នុងទូរស័ព្ទអ្នក៖ អ្នកគួរចៀសវាងក្នុងការទាញយកកម្មវិធីស្កេន QR Code ដែលអ្នកមិនស្គាល់ពីប្រភពច្បាស់លាស់។ គួរប្រើមុខងារនេះ ដែលមានស្រាប់មកជាមួយកាមេរ៉ាទូរស័ព្ទអ្នក។
- កុំផ្តល់ព័ត៌មានសម្ងាត់ បន្ទាប់ពីស្កេន QR Code៖ គណនីអនឡាញ ដូចជាអ៊ីមែល ឬកម្មវិធីធនាគារលើទូរស័ព្ទ មិនផ្ញើ QR Code ឱ្យអ្នកស្កេនដើម្បីផ្ទៀងផ្ទាត់គណនី (verify account) ទេ។ កុំផ្តល់ព័ត៌មានសម្ងាត់ទាំងនោះ ប្រសិនបើបន្ទាប់ពីស្កេន មានការតម្រូវឱ្យអ្នកផ្លាស់ប្តូរពាក្យសម្ងាត់ គណនីអនឡាញណាមួយរបស់អ្នក។
- ធ្វើបច្ចុប្បន្នភាពគ្រប់កម្មវិធី និងប្រព័ន្ធប្រតិបត្តិការក្នុងទូរស័ព្ទអ្នក៖ នៅពេលដែលគ្រប់កម្មវិធី និងប្រព័ន្ធប្រតិបត្តិការក្នុងទូរស័ព្ទអ្នកបានធ្វើបច្ចុប្បន្នភាពជាប្រចាំ វានឹងជួយការពារពីការវាយប្រហារពីមេរោគផ្សេងៗ ដែលជួយការពារអ្វីដែលមាននៅក្នុងឧបករណ៍របស់អ្នកទាំងមូល។
- បន្តស្វែងយល់ពី មុខងារថ្មីៗមុននឹងប្រើប្រាស់៖ Quishing ជាការវាយប្រហារបែប Phishing ខុសគ្នាត្រង់ថាការវាយប្រហារនេះធ្វើឡើងតាមរយៈការស្កេន QR Code។ ដូចនេះសូមបន្តស្វែងយល់ជាប្រចាំពីការវិវឌ្ឍ និងការវាយប្រហារផ្សេងៗនៅលើអ៊ីនធឺណិតឱ្យបានជាប្រចាំ ដើម្បីការពារខ្លួនអ្នកឱ្យមានសុវត្ថិភាពនៅលើអ៊ីនធឺណិតតាមដែលអាចធ្វើបាន ។
ប្រភព៖ Security Matters