វិទ្យុ​អាស៊ី​សេរី​ត្រូវ​បាន​វាយ​ហារ ដែល​ធ្វើ​ឱ្យ​បែក​ធ្លាយ​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​ជិត​៤​ពាន់​នាក់

យោង​តាម​ឯកសារ​ដែល​បាន​ប្តឹង​ទៅ​មេធាវី នៅ​រដ្ឋ Maine បាន​ឱ្យ​ដឹង​ថា ការ​វាយ​ប្រហារ​នេះ ​បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​១៧ ខែ​មិថុនា ហើយ​ត្រូវ​បាន​រក​ឃើញ​ដោយ​ RFA កាល​ពី​ថ្ងៃ​ទី​២៨ ខែ មិថុនា។ យ៉ាង​ហោច​ណាស់​មាន​ទិន្នន័យ​របស់​មនុស្ស ៣៧៧៩​នាក់ រង​ផល​ប៉ះ​ពាល់ ដែល​ទិន្នន័យ​ផ្ទាល់​ខ្លួន​ទាំង​នោះ​រួម​មាន ទិន្នន័យ​អំពី​អាសយដ្ឋាន​របស់​ពួក​គេ លេខ​បណ្ណ​បើក​បរ ​ព័ត៌​មាន​ធានា​រ៉ាប់​រង​សុខ​ភាព ព័ត៌មាន​សុខភាព និង​ព័ត៌​មាន​ហិរញ្ញវត្ថុ មួយ​ចំនួន​ដែរ។

យោង​តាម​លិខិត​ដែល​ RFA បាន​ផ្ញើ​ទៅ​កាន់​ក្រុម​ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា ពួក​គេ​បាន​ដឹង​ពី​ហេតុការណ៍​នេះ​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០២២។ ក្រុម​អ្នក​វាយ​ប្រហារ​បាន​ធ្វើ​សកម្មភាព​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីមែល​របស់​ពួក​គេ ដែល​ឃើញ​មាន​សកម្មភាព​នៃ​ការ​លួច​ជ្រៀត​ចូល​ទៅ​ក្នុង​បណ្តាញ​ប្រព័ន្ធ​ម៉ាស៊ីន​មេ​របស់​ពួក​គេ​មួយ​ចំនួន។

ក្រោយ​ពី​រក​ឃើញ​បញ្ហា​នេះ RFA បាន​ផ្តាច់​ប្រព័ន្ធ​របស់​ខ្លួន​ចេញ​ពី​អ៊ីនធឺណិត​ដោយ​ដាក់​វា Offline ដើម្បី​ដោះ​ស្រាយ​បញ្ហា​ភ្លាមៗ ធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់ ផ្លាស់​ប្តូរ​ប្រព័ន្ធ​អ៊ីមែល​ទៅ​ដាក់​នៅ​លើ​បណ្តាញ​អន​ឡាញ​ថ្មី ធ្វើ​ការ​ស៊ើប​អង្កេត​ជា​មួយ​ក្រុម​ជំនាញ​មាន​ដូច​ជា ក្រុម​សុវត្ថិភាព​ទិន្នន័យ និង​ឯក​ជន​ភាព ក្រុម​អ្នក​ច្បាប់​ជា​ដើម។

ការ​ស៊ើប​អង្កេត​បាន​រក​ឃើញ​ថា ការ​លួច​ជ្រៀត​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​របស់ RFA នេះ​កើត​ឡើង​តាម​រយៈ​ចន្លោះ​ប្រហោង​កម្មវិធី​អ្នក​ផ្តល់​សេវា​ជូន​ RFA។ រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា ព័ត៌មាន​ដែល​បាន​បែក​ធ្លាយ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់ ឬ​បង្ក​ផល​ប៉ះ​ពាល់​ដល់​ជន​រង​គ្រោះ​នៅ​ឡើយ។​ ជន​រង​គ្រោះ​ត្រូវ​បាន​ផ្តល់​ជូន​នូវ សេវា​កម្ម​ត្រួត​ពិនិត្យ​ឥណទាន រយៈ​ពេល​ពីរ​ឆ្នាំ​ដោយ​មិន​គិត​ថ្លៃ​តាម​រយៈ Equifax ដែល​ជា​គេហទំព័រ​ដែល​អាច​តាម​ដាន និង​ជួយ​ការ​ពារ​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាម​លើ​កាត​ឥណទាន។

ប្រភពៈ
https://therecord.media/personal-data-of-nearly-4000-people-leaked-in-hack-of-radio-free-asia/

អត្ថបទផ្សេងៗទៀត