សុវត្ថិភាពក្នុងការប្រើ Wi-Fi

Photo by Bernard Hermant on Unsplash

ភ្ជាប់​ទៅ​កាន់ Wi-Fi ដែល​មាន​កូដនីយកម្ម

ប្រសិន​បើ​អ្នក​ត្រូវ​ភ្ជាប់​ទៅ​បណ្តាញ Wi-Fi សាធារណៈ សូម​ព្យា​យាម​ភ្ជាប់​ទៅ​កាន់ Wi-Fi ដែល​បាន​ធ្វើ​កូដនីយកម្ម ឬ​បាន Encrypt។

ជា​ធម្មតា​អ្នក​អាច​សម្គាល់ Wi-Fi ដែល​មាន​សុវត្ថិភាព ឬ​បាន​ធ្វើ​កូដនីយកម្ម​បាន ដោយ​ស្វែង​រក​ពាក្យ​ថា​ “Secured” ឬ​ក៏​អ្នក​អាច​ឃើញ​រូប​តំណាង​បង្ហាញ​ថា Wi-Fi នោះ​មាន​សុវត្ថិភាព។

Wi-Fi នៅ​កន្លែង​សាធារណៈ​មួយ​ចំនួន​មិន​មាន​សុវត្ថិភាព​ទេ អ្នក​អាច​កំណត់​សម្គាល់​វា​ដោយ​ឃើញ​មាន​ពាក្យ “Open” (Open Wi-Fi) ដូចបង្ហាញក្នុងរូបខាងលើ។

ពេលដែលអ្នក Sign-in ចូលទៅកាន់គេហទំព័រ ឬប្រើកម្មវិធី (Mobile App) ណាមួយ ជាមួយ Wi-Fi ដែលមិនមានសុវត្ថិភាព ឬ Open Wi-Fi រាល់ទិន្នន័យដែលធ្វើចរាចរណ៍លើបណ្តាញ Wi-Fi នោះ និងបង្ហាញជាទម្រង់អក្សរធម្មតា ដែលមិនបានបំប្លែង ឬធ្វើកូដនីយកម្មទេ។ ជនខិលខូច ដែលនៅក្នុងបណ្តាញនេះ អាចចាប់យកព័ត៌មានសំខាន់ៗដូចជា អ៊ីមែល ពាក្យសម្ងាត់ ព័ត៌មានធនាគារ និងព័ត៌មានសំខាន់ផ្សេងៗទៀត។ Hacker ថែមទាំងអាចចូលទៅកាន់កន្លែងផ្ទុកទិន្នន័យ (Hard Drive) ក្នុងកុំព្យូទ័រអ្នកបាន អាចទាញយកឯកសារសំខាន់ៗ បំផ្លាញឯកសារ ឬដាក់បញ្ចូលមេរោគ បើអ្នកបានបើកមុខងារចែករំលែកឯកសារ (File Sharing) និងមិនបានកំណត់មុខងារ Firewall ឱ្យបានត្រឹមត្រូវ។

បិទមុខងារភ្ជាប់ទៅកាន់ Wi-Fi ដោយស្វ័យប្រវត្តិ

ជាទូទៅ ឧបករណ៍របស់អ្នកបើកមុខងារ ក្នុងការភ្ជាប់ទៅកាន់ Wi-Fi ដោយស្វ័យប្រវត្តិ (Turn on Wi-Fi automatically)។ នេះមានន័យថា នៅពេលដែលឧបករណ៍របស់អ្នកបានភ្ជាប់ទៅកាន់ Wi-Fi ណាមួយជាលើកដំបូង វានឹងភ្ជាប់ដោយស្វ័យប្រវត្តិនៅពេលក្រោយ គឺ​ពេលដែលវារកឃើញឈ្មោះ Wi-Fi នោះ។

ដើម្បីស្វែងយល់ពីហានិភ័យនៃមុខងារស្វ័យប្រវត្តិនេះ វាពិតសំខាន់ដែលអ្នកត្រូវដឹងពីរបៀបដែល Wi-Fi ដំណើរការ។

ជា​ធម្មតា​ ឧបករណ៍របស់អ្នកភ្ជាប់ទៅកាន់ Wi-Fi តាមរយៈឈ្មោះរបស់វា ឬគេហៅថា SSID។  នៅពេលដែលអ្នកភ្ជាប់ទៅកាន់ Wi-Fi ណា​មួយម្តង​ហើយ​នោះ ឧបករណ៍អ្នកនឹងភ្ជាប់ទៅ Wi-Fi នោះដោយស្វ័យប្រវត្តិរាល់ពេលដែលវាស្ថិតតំបន់បណ្តាញរបស់វា (ទោះបីជា​អ្នក​បិទ​ Wi-Fi ក៏វា​នឹងបើកឡើង​វិញ រួចធ្វើ​ការ​ភ្ជាប់ដែរ)។ បញ្ហានៅត្រង់ ជន​ខិល​ខូច​លើ​អ៊ីន​ធឺណិត ឬ Hacker ក៏​អាច​បង្កើត​ឈ្មោះ​ដូច​គ្នានឹងឈ្មោះ Wi-Fi ដែលឧបករណ៍របស់អ្នកធ្លាប់បានភ្ជាប់នោះដែរ។

ឧទាហរណ៍ថា ពីម្សិលមិញអ្នកបានទៅហាងកាហ្វេ Starbuck ហើយបានភ្ជាប់ទៅកាន់ Wi-Fi ដែលមានឈ្មោះថា “Starbucks Wi-Fi” ដែលអ្នកបានដឹងថា Wi-Fi​ នៅទីនោះមានសុវត្ថិភាព។ ថ្ងៃបន្ទាប់ Hacker បានទៅបង្កើតឈ្មោះ Wi-Fi ដូចគ្នានៅទីនោះ។ អំឡុងពេលដែលអ្នកកំពុងតែរង់ចាំទទួលកាហ្វេ ទូរស័ព្ទរបស់អ្នកបានភ្ជាប់ទៅកាន់ Starbucks Wi-Fi បាត់ទៅហើយ ដែលអ្នកមិនទាំងដឹងថា នោះជា Wi-Fi របស់ហាងកាហ្វេ ឬ Wi-Fi របស់ Hacker​ នោះទេ។

គ្រប់​កម្មវិធី​ដែល​អ្នក​បាន​បើក​ចោល នៅ​លើ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​អ្នក វា​នឹង​ធ្វើចរាចរណ៍​លើ​ឧបករណ៍ Wi-Fi នោះ ហើយ​ព័ត៌​មាន​សំខាន់ៗ​ដូច​ជា​ឈ្មោះ ពាក្យ​សម្ងាត់ ព័ត៌មាន​ធនាគារ ជា​ដើម​ក៏​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ឧបករណ៍ Wi-Fi នោះ​ដែរ។ នៅពេលដែលអ្នក ភ្ជាប់ទៅកាន់ Wi-Fi របស់ Hacker ឧបករណ៍របស់អ្នកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ពួកគេ។

នៅលើ Windows 10 អ្នក​អាចបិទមុខងារនេះដោយៈ ចុចលើ និមិត្តសញ្ញា Wi-Fi > Network & Internet sittings > Change adapter options > ចុចពីដង ឬ double click លើ Wi-Fi > Wireless Properties > ដោះធិក Connect automatically when this network is in range

សម្រាប់ទូរស័ព្ទ Android សូមចូលទៅកាន់ Settings > Network & Internet > Wi-Fi > Wi-Fi preferences> ចុចលើ Turn on Wi-Fi automatically ដើម្បីបិទ។

លុប Wi-Fi ដែល​បាន​ចង​ចាំ​

ប្រសិន​បើ​អ្នក​ចូល​ទៅ​កាន់​ឧបករណ៍​របស់​អ្នក រួច​ធ្វើ​ការ​ត្រួត​ពិនិត្យ​មើល​ប្រវត្តិ​នៃ​ការ​ភ្ជាប់​ទៅ​កាន់ Wi-Fi របស់​អ្នក​កន្លង​មក នោះ​អ្នក​ប្រហែល​ជា​នឹង​ឃើញ​បញ្ជី​ឈ្មោះ Wi-Fi ដ៏​វែង​ដែល​អ្នក​ធ្លាប់​បាន​ភ្ជាប់​ពី​មុន ដែល​វា​បាន​ចង​ចាំ និង​រក្សា​ទុក​នៅ​ក្នុង​ឧបករណ៍​របស់​អ្នក។ ​

នៅ​លើកុំព្យូទ័រ​ប្រព័ន្ធ​ប្រតិបត្តិការ Windows 10 អ្នក​អាច 1) ចុច​លើ​រូប​និមិត្ត​សញ្ញា Wi-Fi > 2) បន្ទាប់​មក​ចុច​លើ Network & Internet sittings > 3) ចុច​លើ Wi-Fi នៅ​ផ្នែក​ខាង​ឆ្វេង > 4) ចុង​ក្រោយ​ចុច​លើ Manage know networks នោះ​អ្នក​នឹង​ឃើញ បញ្ជី Wi-Fi ទាំង​អស់ ដែល​អ្នក​ធ្លាប់​បាន​ភ្ជាប់។ ចុច​លើឈ្មោះ Wi-Fi ណា​មួយ​ក្នុង​បញ្ជី​នោះ​ បន្ទាប់​មក​ចុច​លើ​ប៊ូតុង Forget។

សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ Android អ្នក​អាច 1) ចុច​លើ​និមិត្ត​សញ្ញា Wi-Fi > 2) ចុច​លើ Saved networks > 3) បន្ទាប់​មក​អ្នក​នឹង​ឃើញ​បញ្ជី​ឈ្មោះ Wi-Fi ដែល​អ្នក​ធ្លាប់​បាន​ភ្ជាប់ > 4) ចុច​លើឈ្មោះ Wi-Fi ណា​មួយ បន្ទាប់​មក ចុច​លើ Forget។

ទោះ​ជា​អ្នក​ប្រើ​អ្នក​ប្រើ​ឧបករណ៍ និង​ប្រព័ន្ធ​ប្រតិបត្តិការ​ណា​ក៏​ដោយ សូម​ព្យា​យាម​ស្វែង​រក​បញ្ជី​ ឈ្មោះ Wi-Fi នៅ​ក្នុង​ឧបករណ៍​របស់​អ្នក រួច​ធ្វើ​ការ​លុប​ឈ្មោះ Wi-Fi ណា​ដែល​អ្នក​មិន​មែន​ជា​អ្នកគ្រប់​គ្រង​លើ Wi-Fi នោះ​ចេញ។

គន្លឹះ​មួយ​ទៀត​ដែល​ងាយ​ស្រួល និង​ជួយ​ឱ្យ​អ្នក​មាន​សុវត្ថិភាព​ដែរ​នោះ គឺ​កុំ​បើក Wi-Fi នៅ​លើឧបករណ៍​របស់​អ្នក​ចោល​នៅ​ពេល​ដែល​អ្នក​មិន​ប្រើ។ ការ​ធ្វើ​បែប​នេះ វា​មិន​ត្រឹម​តែ​ជួយ​ឱ្យ​អ្នក​មាន​សុវត្ថិភាព​នោះ​ទេ តែ​ថែម​ទាំង​អាច​ជួយ​ធ្វើ​ឱ្យ​សន្សំ​សំចៃ​ថ្ម​ក្នុង​ឧបករណ៍​របស់​អ្នក​ផង​ដែរ។

ប្រើ VPN (Virtual Private Network)

ប្រសិន​បើ​អ្នក​ចាំ​បាច់​ត្រូវ​តែ​ប្រើ Wi-Fi នៅ​ទី​សាធារណៈ សូម​ពិចារណា​ក្នុង​ការ​ប្រើ VPN។​ បើ​អ្នក​មិនមាន​លទ្ធភាព​ក្នុង​ការ​ទិញ VPN ទេ អ្នក​អាច​ទាញ​យក និង​ប្រើ​កម្មវីធី Psiphon ដែល​ជា​កម្មវិធី មិន​គិតថ្លៃ និង​មាន​កូដ​បើក​ចំហ (Free and Open Source)។ VPN និង​ជួយ​ក្នុង​ការ​ធ្វើ​កូដនីយកម្ម​ចរាចរណ៍​អ៊ីនធឺណិត​របស់​អ្នក ហើយ​វា​ក៏​ជួយ​លាក់​អត្តសញ្ញាណ​មួយ​ចំនួន​របស់​អ្នក ដូច​ការ​ផ្លាស់​ប្តូរ​អាសយដ្ឋាន IP នៅ​លើ​ឧបករណ៍​របស់​អ្នក​ពី​ប្រទេស​របស់​អ្នក ទៅ​ប្រទេស​ផ្សេង​មួយ​ទៀត​ជា​ដើម។ វា​អាច​ជួយ​ការ​ពារ​ពី​ការ​តាម​ដាន​សកម្មភាព​នៃ​ការ​ប្រើ​អ៊ីន​ធឺណិត​របស់​អ្នក និង​ជួយ​ការ​ពារ​ការ​វាយ​ប្រហារ​ផ្សេងៗ​ពី​ឧក្រិដ្ឋ​ជន​នៅ​លើ​អ៊ីនធឺណិត​ផង​ដែរ។

សូម​រំលឹក​ថា ទោះ​បី​ជា VPN អាច​ជួយ​បន្ថែម​សុវត្ថិភាព​លើ​បណ្តាញ Wi-Fi ដែល​អ្នក​កំពុង​ប្រើ​ក៏ដោយ ប៉ុន្តែ​វា​មិន​អាច​ជួយ​ឱ្យ​អ្នក​ក្លាយ​ជា​ជន​អនាមិគ​ ឬ​អាច​ការ​ពារ​អ្នក​បាន​ទាំង​ស្រុង​នោះ​ទេ។ គ្រប់​ពេល​ អ្នក​គួរ​តែ​ភ្ជាប់​ទៅ​កាន់​តែ​បណ្តាញ Wi-Fi ណា​ដែល​មាន​សុវត្ថិភាព។

ប្រើ​អ៊ីន​ធឺណិត​ចេញ​ពី​ទូរស័ព្ទ​របស់​អ្នក

ជម្រើស​ចុង​ក្រោយ ប្រសិន​បើ​អ្នក​មិន​អាច​ស្វែង​រក ឬ​មិន​ទុក​ចិត្ត​ថា Wi-Fi ដែល​អ្នក​កំពុង​ប្រើ​មាន​សុវត្ថិភាព​នោះ​ទេ អ្នក​គួរ​តែ​ប្រើ អ៊ីន​ធឺណិត​ចេញ​ពី​ទូរស័ព្ទ​ដៃ​របស់​អ្នក។ ការ​ធ្វើ​បែប​នេះ អាច​ធ្វើ​ឱ្យ​អ្នក​មាន​សុវត្ថិភាព​ជាង​ការ​ដែល​ប្រើ Wi-Fi នៅ​កន្លែង​សាធារណៈ​ដែល​មិន​មាន​សុវត្ថិភាព។ ប៉ុន្តែ​អ្នក​ក៏​ត្រូវ​ដឹង​ដែរ​ថា ការ​ប្រើ​អ៊ីន​ធឺណិត​ចេញ​ពី​ទូរស័ព្ទ​ អ៊ីន​ធឺណិត​អាច​យឺត ហើយ​វា​ថែម​ទាំង​កាត់​លុយ​ចេញ​ពី​ក្នុង​ទូរស័ព្ទ​របស់​អ្នក​តាម​ចំនួន​នៃ​ការ​ប្រើ​របស់​អ្នក​ផង​ដែរ។

ប្រភព៖

អត្ថបទផ្សេងៗទៀត