បន្ទាប់ពីអ្នកបានឆ្លើយនឹងសំណួរខាងលើ អ្នកប្រហែលជារកឃើញនូវគុណវិបត្តិមួយចំនួន និងចង់ស្វែងរកវិធីសាស្រ្តក្នុងការបង្ការពីហានិភ័យដែលអាចកើតឡើង។ ខាងក្រោមនេះជាគន្លឹះខ្លីៗ៥ចំនុច ដែលអាចជួយការពារទូរស័ព្ទ និងទិន្នន័យនៅក្នុងទូរស័ព្ទអ្នកឱ្យមានសុវត្ថិភាពបាន។
១- ចាក់សោរអេក្រង់
សោរអេក្រង់ជារនាំងការពារដំបូងបំផុត ដោយការពារមិនឱ្យបុគ្គលដទៃអាចចូលមើលទិន្នន័យដូចជា រូបថត កម្មវិធី និងគណនីផ្សេងៗដែលមាន នៅលើទូរស័ព្ទរបស់អ្នកដោយមិនមានការអនុញ្ញាត។ ជាទូទៅការចាក់សោរលើទូរស័ព្ទមានច្រើនប្រភេទ ក្នុងនោះរួមមាន លេខកូដសម្ងាត់ (Password) លេខ៤ខ្ទង់ (PIN) គំនូសសញ្ញា (Pattern) ស្នាមខ្ចៅដៃ (Fingerprint) និង ស្កែនមុខ (FaceID)ជាដើម។ ក្នុងចំណោមវិធីសាស្ត្រខាងលើ គំនូសសញ្ញា (Pattern) មិនត្រូវបានណែនាំឲ្យប្រើពីអ្នកជំនាញឡើយព្រោះថា នៅពេលដែលអ្នកប្រើ គំនូសសញ្ញា (Pattern) អ្នកតែងតែបន្សល់នូវស្នាមដៃ ដែលជាគំនូសដិតជាប់នៅលើអេក្រង់ ដែលជាហេតុធ្វើឲ្យមានភាពងាយស្រួលក្នុងការទស្សន៍ទាយពីលេខកូដនៅលើទូរស័ព្ទអ្នក។
អ្នកត្រូវចងចាំថាការចាក់សោរ នៅលើអេក្រង់គ្រាន់តែជាការជួយសង្គ្រោះបឋមតែប៉ុណ្ណោះ។ ប៉ុន្តែវាមិនអាចការពារឯកសារបានឡើយ ប្រសិនបើទូរស័ព្ទរបស់អ្នកត្រូវបានភ្ជាប់ជាមួយកុំព្យូទ័រ។ ដូចនេះ អ្នកគួរតែធ្វើការ encrypt (ចាក់សោរម៉ាស៊ីន) ទូរស័ព្ទរបស់អ្នកដើម្បីឲ្យទូរស័ព្ទរបស់អ្នកកាន់តែមានសុវត្ថិភាពថែមទៀត។
២- ធ្វើបច្ចុប្បន្នភាពទូរស័ព្ទ
ទោះជាទូរស័ព្ទអ្នកម៉ូដែលណាក៏ដោយ អ្នកត្រូវប្រាកដថាប្រព័ន្ធប្រតិបត្តិការ និងគ្រប់កម្មវិធីទាំងអស់នៅក្នុងទូរស័ព្ទអ្នកបានធ្វើបច្ចុប្បន្នភាពជាមួយនឹងជំនាន់ចុងក្រោយបង្អស់។ ការធ្វើបច្ចុប្បន្នភាពទូរស័ព្ទវាជួយជួសជុលនូវចំណុចខ្សោយ ឬកង្វះខាតរបស់កម្មវិធីជំនាន់មុន និងជួយពង្រឹងផ្នែកសុវត្ថិភាពនៃប្រព័ន្ធប្រតិបត្តិការ ឬកម្មវិធីនោះ។ អ្នកគួរតែកំណត់បើកមុខងារក្នុងការធ្វើបច្ចុប្បន្នភាពដោយស្វ័យប្រវត្តិនៅក្នុងទូរស័ព្ទអ្នក។ ប្រសិនបើអ្នករកឃើញថា ទូរស័ព្ទរបស់អ្នកលែងទទួលបានការធ្វើបច្ចុប្បន្នភាព ដោយសារតែទូរស័ព្ទនោះចាស់ពេក នោះអ្នកគួរតែពិចារណាប្តូរទូរស័ព្ទថ្មី។
៣- ធ្វើកូដនីយកម្ម (Encryption)
ការធ្វើកូដនីយកម្ម (Encryption) ទូរស័ព្ទ ឬយើងអាចហៅម្យ៉ាងទៀតថាការចាក់សោរម៉ាស៊ីនទូរស័ព្ទ មានន័យថា រាល់ទិន្នន័យ និងព័ត៌មានរបស់អ្នកនៅក្នុងទូរស័ព្ទត្រូវបានការពារដោយមានសុវត្ថិភាព ជាមួយនឹងពាក្យសម្ងាត់ដែលអ្នកបានកំណត់។ ប្រសិនបើអ្នកបាត់ទូរស័ព្ទ ឬអ្នកផ្សេងយកទូរស័ព្ទអ្នកប្រើដោយគ្មានការអនុញ្ញាត នោះគេមិនអាចចូលមើល ឬយកទិន្នន័យអ្នកទៅប្រើបានទេ។ សម្រាប់ទូរស័ព្ទជំនាន់ក្រោយៗ មុខងារកូដនីយកម្មនេះត្រូវបានបើកដោយស្វ័យប្រវត្តិនៅពេលដែលអ្នកបានបើកមុខងារចាក់សោរអេក្រង់។
៤- កុំដំឡើងកម្មវិធីដែលមានប្រភពមិនច្បាស់លាស់
ទូរស័ព្ទរបស់អ្នកអាចឆ្លងមេរោគ ប្រសិនបើអ្នកទាញយកកម្មវិធីទាំងនោះពីគេហទំព័រដែលមានប្រភពមិនច្បាស់លាស់។ មេរោគទាំងនោះអាចមានលិទ្ធភាពក្នុងការលួចយកទិន្នន័យពីក្នុងទូរស័ព្ទអ្នកបាន។ ដើម្បីកាត់បន្ថយពីភាពរងគ្រោះនេះ អ្នកត្រូវទាញយកកម្មវិធីតែពី Google Play Store សម្រាប់ទូរស័ព្ទ Android និង Apple App Store សម្រាប់ iOS។ បន្ថែមពីលើនេះ អ្នកគួរដឹងថា កម្មវិធីណាដែលអ្នកត្រូវការជាចាំបាច់ សម្រាប់ប្រើប្រាស់នៅក្នុងទូរស័ព្ទរបស់អ្នក។ អ្នកគួរលុបកម្មវិធីណាដែលអ្នកមិនចាំបាច់ប្រើប្រាស់ ពីព្រោះវាអាចជួយធ្វើឲ្យប្រព័ន្ធទូរស័ព្ទរបស់អ្នកមានដំណើរការលឿនជាមុន និងកាត់បន្ថយក្នុងការបាត់បង់នូវឯកជនភាព។
៥- ប្រយ័ត្នចំពោះការប្រើអីុនធឺណិតសាធារណៈ
អ្នកគួរតែប្រុងប្រយ័ត្ននៅពេលដែលអ្នកភ្ជាប់ទៅកាន់អីុនធឺណិតនៅកន្លែងសារធារណៈ ដូចជានៅហាងកាហ្វេ សណ្ឋាគារ ផ្ទះសំណាក់ ព្រលានយន្តហោះជាដើម ព្រោះវាមានការលំបាកក្នុងការស្វែងរកថា អ្នកណាជាម្ចាស់ ឬជាអ្នកគ្រប់គ្រងអីុនធឺណិតនោះឱ្យពិតប្រាកដ។ អ្នកអាចកំពុងភ្ជាប់ទៅកាន់បណ្តាញរបស់ក្រុមចោរនៅលើអីុនធឺណិតក៏អាចថាបាន។ ប្រសិនបើអ្នកភ្ជាប់ទៅកាន់បណ្តាញទាំងនោះ អ្នកផ្សេងអាចនឹងដឹងនូវរាល់សកម្មភាពដែលអ្នកធ្វើនៅលើអីុនធឺណិត។ រឿងសំខាន់ដែលពួកគេចង់ដឹងមានដូចជា គេហទំព័រដែលអ្នកចូលមើល គណនីអីុមែល ពាក្យសម្ងាត់ និងព័ត៌មានអំពីគណនីធនាគាររបស់អ្នកជាដើម។ល។ ពួកគេក៏អាចប្រើបណ្តាញនេះក្នុងការបញ្ជូនមេរោគទៅកាន់ទូរស័ព្ទដៃអ្នក ហើយអ្នកអាចនឹងក្លាយជាអ្នកបញ្ជូនមេរោគទាំងនោះបន្តទៅអ្នកដទៃទៀតដោយមិនដឹងខ្លួន។ ការនិយាយពីហានិភ័យទាំងនេះមិនមែនមានន័យថា អ្នកមិនអាចប្រើអីុនធឺណិតសារណៈទាំងនោះទេ អ្នកនៅតែអាចប្រើអីុនធឺណិតទាំងនោះបានដដែល ប៉ុន្តែដើម្បីសុវត្ថិភាពអ្នកគួរតែប្រើកម្មវិធី វីភីអិន (VPN) មានដូចជាកម្មវិធី Psiphon ជាដើម អ្នកគួរតែភ្ជាប់ទៅកាន់គេហទំព័រដែលមានអាស័យដ្ឋាន HTTPs (ស្វែងយល់ពីរបៀបតម្លើងកម្មវិធី HTTPs នៅលើ Browser)។ ប្រសិនបើអ្នកអាចប្រើអីុនធឺណិតពីទូរស័ព្ទដៃអ្នកបាន អ្នកគួរចៀសវាងប្រើអីុនធឺណិតសារធារណៈទាំងនោះ។