គ្រប់ស្ថាប័នទាំងអស់ មិនថាស្ថាប័ននោះតូច ឬធំប៉ុណ្ណានោះទេ គួរតែធ្វើការបម្រុងទុក(Backup) ទិន្នន័យរបស់ខ្លួនឱ្យបានទៀងទាត់ បន្ទាប់ពីធ្វើការរក្សាទុកទិន្នន័យបានល្អហើយ ក៏ត្រូវតែប្រាកដថាទិន្នន័យនោះអាចយកមកប្រើវិញបាន នៅពេលដែលត្រូវការ។ ការធ្វើបែបនេះ និងអាចធានាថាស្ថាប័នរបស់អ្នកនៅតែអាចដំណើរការបានធម្មតា ទោះបីទិន្នន័យក្នុងស្ថាប័នរបស់អ្នកត្រូវបានបំផ្លាញដោយប្រការចៃដន្យណាមួយ ដូចជាភ្លើងឆេះ ទឹកជំនន់ ឧបករណ៍អេឡិចត្រូចនិច (កុំព្យូទ័រ ទូរស័ព្ទ) របស់អ្នកខូច ឬកត្តាផ្សេងៗទៀតដែលអាចកើតឡើង។ ខាងក្រោមនេះគឺជាដំបូន្មាន៤យ៉ាងដែលអ្នកអាចយកទៅប្រើក្នុងការរក្សាទុកទិន្នន័យរបស់អ្នកឱ្យមានប្រសិទ្ធភាព៖
១- កំណត់ទិន្នន័យដែលត្រូវរក្សាទុក
ជំហានដំបូង អ្នកត្រូវតែកំណត់ទិន្នន័យដែលចាំបាច់ជាមុនសិន។ ទិន្នន័យដែលចាំបាច់ជាទិន្នន័យដែលអាចធ្វើឱ្យរំខានដល់ប្រតិបត្តិការក្នុងស្ថាប័នអ្នកប្រសិនបើគ្មានវា។ ទិន្នន័យទាំងនោះអាចជា របាយការណ៍ហិរញ្ញវត្ថុ ឯកសាររូបថត អីុមែលទំនាក់ទំនងជាដើម។ល។
២- កុំទុកទិន្នន័យក្នុងឧបករណ៍តែមួយ
ប្រសិនបើឧបករណ៍នោះខូច បាត់ ឬមានបញ្ហាណាមួយកើតឡើង ទិន្នន័យរបស់អ្នកក៏ត្រូវបាត់បង់ដែរ។ ដើម្បីការពារការបាត់បង់ដោយយថាហេតុ អ្នកគួរតែថតចម្លងទិន្នន័យទាំងនោះទុកក្នុងឧបករណ៍ផ្សេងគ្នាដូចជា ក្នុង USB ទុកក្នុងដ្រាយដាច់ដោយឡែក ឬនៅក្នុងកុំព្យូទ័រផ្សេងណាមួយទៀត។ អ្នកគួរតែកំណត់សិទ្ធិនៃការចូលប្រើឧបករណ៍ទាំងនោះផងដែរ ដើម្បីឱ្យប្រាកដថាអ្នកដទៃមិនអាចចូលទៅកាន់ទិន្នន័យទាំងនោះដោយគ្មានការអនុញ្ញាតពីអ្នកនោះទេ។
៣- ពិចារណាទុកនៅលើអីុនធឺណែត
ការទុកទិន្នន័យនៅលើអីុនធឺណែតមានន័យថា អ្នកបានយកទិន្នន័យរបស់អ្នកទៅទុកនៅទីតាំងដាច់ដោយឡែកពីទីតាំងរបស់អ្នក។ ទិន្នន័យទាំងនោះគឺស្ថិតនៅក្នុងកុំព្យូទ័រណាមួយ នៅលើហេដ្ឋារចនាសម្ព័ន្ធក្រុមហ៊ុន នៅប្រទេសណាមួយដែលអ្នកបានជ្រើសរើស។ អត្ថប្រយោជន៍នៃការរក្សាទុកទិន្នន័យនៅលើអីុនធឺណែត គឺចំណាយតិច និងមានសុវត្ថិភាព ដោយអ្នកមិនចាំបាច់ចំណាយថវិកាច្រើនលើឧបករណ៍ផ្នែករឹងនោះទេ។ អ្នកក៏អាចជ្រើសរើសការប្រើសេវាកម្មមិនគិតថ្លៃដូចជា Dropbox ឬGoogle Drive ជាដើម តែទំហំផ្ទុកទិន្នន័យមិនមានទំហំធំទេ។
៤- ធ្វើឱ្យការរក្សាទុកទិន្នន័យជាផ្នែកមួយនៃការងាររបស់អ្នក
យើងដឹងហើយថា ការថតចម្លង ឬការបម្រុងទិន្នន័យមិនមែនជាការងារដែលគ្រប់គ្នាសប្បាយចិត្តនឹងធ្វើទេ។ ដើម្បីធានាថាទិន្នន័យសំខាន់ៗរបស់អ្នក ឬស្ថាប័នអ្នកមានសុវត្ថិភាពអ្នកគួរតែមានគោលការណ៍ច្បាស់លាស់ ពីការរក្សាទុកទិន្នន័យនៅក្នុងស្ថាប័នអ្នក។
