៣​យ៉ាង​ដែល​អ្នក​គួរ​ធ្វើ ដើម្បី​ឱ្យ​អ្នក​មាន​សុវត្ថិភាព​ជាង​មុន

ប្រសិន​បើ​អ្នក​ស្មុគ​ស្មាញ ក្នុង​ការ​រៀប​ចំទុក​ដាក់​ឯកសារ និង​មិន​ដឹង​ថា​គួរ​ចាប់​ផ្តើម​ធ្វើ​អ្វី​មុន ដើម្បី​ឱ្យ​អ្នក​មាន​សុវត្ថិភាព​ជាង​មុន អ្នក​អាច​សាក​ល្បង​អនុវត្ត​ចំណុច​ទាំង​៣ ដូច​ខាង​ក្រោម ដែល​ជា​វិធី​ងាយៗ គ្រប់​គ្នា​អាច​អនុវត្ត​បាន​ដោយ​ខ្លួន​ឯង។

  

១- លុប​កម្មវិធី​៣ ដែល​អ្នក​មិន​ដែល​ប្រើ​ចេញ​ពី​ឧបករណ៍​អ្នក៖

កម្មវិធី​និមួយៗ​នៅ​ក្នុង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​អ្នក តែង​តែ​ប្រើ​អង្គ​ចង​ចាំ (memory) ដែល​វា​ប៉ះ​ពាល់​ដល់​ល្បឿន​នៃ​ដំណើរ​ការ​នៅ​ក្នុង​ទូរស័ព្ទ ឬ​កុំព្យូទ័រ​អ្នក ហើយ​វា​ក៏​ប្រើ​ថាមពល​ថ្ម ក្នុង​ឧបករណ៍​នោះ​ដែរ។ ដូច្នេះ​ កម្មវិធី​ច្រើន​ពេក​នៅ​ក្នុង​ឧបករណ៍​អ្នក នឹង​មិន​ជួយ​ឱ្យ​ឧបករណ៍​នោះ​ដំណើរ​ការ​បាន​រលូន​នោះ​ទេ។ កម្មវិធី​ខ្លះ​ថែម​ទាំង​មិន​មាន​សុវត្ថិភាព លែង​ទទួល​បាន​ការ​ធ្វើ​បច្ចុប្បន្នភាព (Update) មាន​ផ្ទុក​នៅ​មេរោគ ឬ​ថែម​ទាំង​លួច​តាម​ដាន​សកម្មភាព​នៃ​ការ​ប្រើ​ប្រាស់​ឧបករណ៍ និង​អ៊ីន​ធឺណិត​ប្រចាំ​ថ្ងៃ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ឯកជនភាព​របស់​អ្នក​ទៀត​ផង។

ការ​កាត់​បន្ថយ​ចំនួន​កម្មវិធី និង​ប្រើ​តែ​កម្មវិធី​ណា​ដែល​ចាំ​បាច់​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ នឹង​ជួយ​ឱ្យ​ឧបករណ៍​អ្នក​ដំណើរ​ការ​បាន​រលូន និង​ធ្វើ​ឱ្យ​អ្នក​មាន​សុវត្ថិភាព​ជាង​មុន។

សាក​ល្បង​កំណត់​កាល​វិភាគ ក្នុង​ការ​លុប​កម្មវិធី​ដែល​អ្នក​មិន​ប្រើ ក្នុង​រយៈ​ពេល​ពីរ ឬ​បី​សប្តាហ៍ និង​បន្ត​អនុវត្ត​ឱ្យ​ក្លាយ​ជា​ទម្លាប់ នោះ​នឹង​ជួយ​ឱ្យ​អ្នក​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន មុន​នឹង​សម្រេច​ចិត្ត​ទាញ​យក​ និង​តម្លើង​កម្មវិធី​ណា​មួយ​ចូល​ក្នុង​ឧបករណ៍​អ្នក។

២- ធ្វើ​បច្ចុប្បន្ន​ភាព​ជា​ប្រចាំ (Update, Update, Update)៖

នេះ​ជា​វិធី​ដ៏​សំខាន់​បំផុត ជួយ​ការ​ពារ​អ្នក​ឱ្យ​មាន​សុវត្តិភាព ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​បាន​មើល​រំលង​ និង​តែង​តែ​បដិសេធ​នៅ​ពេល​ដែល​មាន​ការ​ជូន​ដំណឹង​ពី​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ។

ប្រសិន​បើ​អ្នក​មិន​ចុច update ដើម្បី​ជៀស​វាង​កុំ​ឱ្យ​ឧបករណ៍​របស់​អ្នក​បិទ ឬ​ពន្យារ​ពេល update ដោយ​សារ​អ្នក​គិត​ថា​វា​ជា​ការ​រំខាន ឬ​រំលង​ការ update ព្រោះ​តែ​អ្នក​កំពុង​ប្រើ​កម្មវិធី​ដែល​មិន​មាន​អាជ្ញាបណ្ណ​ (Cracked Software) នោះ​អ្នក​ក៏​នឹង​បាត់​បង់ ការ​ទទួល​បាន​នូវ​មុខ​ងារ​ការពារ​ថ្មី​បំផុត​ពី​កម្មវិធី​ទាំង​នោះ​ផង​ដែរ។

សូម​ចំណាយ​ពេល​ឥឡូវ​នេះ ដើម្បី​ពិនិត្យ​មើល​ប្រព័ន្ធ​ប្រតិបត្តិការ (Operating System) និង​កម្មវិធី​ផ្សេងៗ​នៅ​ក្នុង​ឧបករណ៍​អ្នក​ ធ្វើ​បច្ចុប្បន្ន​ភាព​ជា​បន្ទាន់ ដើម្បី​ឱ្យ​ប្រាកដ​ថា​គ្រប់​កម្មវិធី​ទាំង​អស់​កំពុង​ដំណើរ​លើ​ជំនាន់​ចុង​ក្រោយ​របស់​ខ្លួន។

ត្រូវ​ចាំ​ថា ដើម្បី​សុវត្ថិភាព អ្នក​មិន​ត្រូវ​ប្រើ​កម្មវិធី​ដែល​គ្មាន​អាជ្ញាបណ្ណ (Cracked Software) និង​ត្រូវ​ទាញ​យក​តែ​កម្មវិធី ពី​ប្រភព​ផ្លូវ​ការ​របស់​កម្មវិធី​នោះ​ប៉ុណ្ណោះ។

ប្រសិន​បើ ឧបករណ៍​អ្នក​ចាស់​ពេក មិន​អាច​ទទួល​យក​ការ​ធ្វើ​បច្ចុប្បន្នភាព​ជំនាន់​ថ្មីៗ នោះ​ក៏​មានន័យ​ថា ឧបករណ៍​នោះ​ក៏​មិន​សូវ​មាន​សុវត្ថិភាព​ដែរ បើ​មាន​លទ្ធភាព អ្នក​គួរ​ពិចារណា ទិញ​ឧបករណ៍​ថ្មី​ជំនួស​វិញ។

៣- បម្រុង​ទុក​អ្វី​ដែល​សំខាន់ (Backup)៖

អ្នក​ត្រូវ​កំណត់ ព័ត៌​មាន​ឬ ទិន្នន័យ​ណា​សំខាន់​សម្រាប់​អ្នក ហើយ​ធ្វើ​ការ​បម្រុង​ទុក ឬ Backup ទិន្នន័យ​នោះ​ឥឡូវ​នេះ និង​អនុវត្ត​ការ​បម្រុង​ទុក​ទិន្នន័យ​ឱ្យ​បាន​ជា​ប្រចាំ។

ចាប់​ផ្តើម​ជា​មួយ​ទូរស័ព្ទ ដែល​អ្នក​កំពុង​ប្រើ អ្នក​ត្រូវ​គិត​ថា ប្រសិន​បើ​អ្នក​បាត់​វា តើ​អ្នក​ដឹង​ពី​របៀប​ក្នុង​ការ​ហៅ​ត្រលប់​មក​វិញ​នូវ​បញ្ជី​ទំនាក់​ទំនង (contact list) ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​នោះ​ទេ? ចុះ​រូប​ថត​របស់​អ្នក​វិញ​ តើ​វា​នឹង​បាត់​ទៅ​តាម​ទូរស័ព្ទ​នោះ​ដែរ​ឬ​ទេ? ចុះ​គណនី ដូច​ជា Facebook, Telegram តើ​អ្នក​ដឹង​ពីរ​បៀប​យក​វា​មក​ប្រើ​ឡើង​វិញ​លើ​ទូរស័ព្ទ​ថ្មី​ដែរ​ទេ? សូម​ស្វែង​រក របៀប​ក្នុង​ការ​អនុវត្ត​ខាង​លើ​បន្ថែម​នៅ​លើ​គេហទំព័រ DigitalHub101 របស់​យើង។