Tag: Privacy

  • សុវត្ថិភាព និងឯកជនភាពនៅលើ Telegram

    សុវត្ថិភាព និងឯកជនភាពនៅលើ Telegram

    Image by Ümit Solmaz from Pixabay

    មុខ​ងារ​កូដ​នីយកម្ម (End-to-end Encryption) មិន​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ

    ចំណុច​មួយ​សំខាន់​ដែល​អ្នក​គួរ​តែ​ដឹង​អំពី Telegram គឺ​ថា ការ​ផ្ញើ​សារ​នៅ​លើ​កម្ម​វិធី​នេះ ​មិន​បាន​ប្រើ​មុខ​ងារ​សុវត្ថិភាព End-to-end encryption​ ដោយ​ស្វ័យ​ប្រវត្តិ​នោះ​ទេ។ ការ​ដែល​អវត្ត​មាន​មុខ​ងារ​សុវត្ថិភាព​នេះ មាន​ន័យ​ថា Telegram​ មិន​ត្រឹម​តែ​អាច​ដឹង​ថា អ្នក​ណា​ខ្លះ​បាន​ផ្ញើ​សារ​មក​អ្នក ​នៅ​ពេល​ណា និង​ញឹក​ញាប់​ប៉ុណ្ណា​នោះ​ទេ តែ​ថែម​ទាំង​អាច​អាន ឬ​ស្តាប់​បាន​នូវ​រាល់​ខ្លឹម​សារ​នៃ​ការ​ទំនាក់​ទំនង​របស់​អ្នក​ផង​ដែរ។ ដើម្បី​ទទួល​បាន​មុខ​ងារ​សុវត្ថិភាព End-to-end encryption នៅ​លើ Telegram អ្នក​ត្រូវ​តែ​បើក​មុខ​ងារ Secret Chat ដោយ​ខ្លួន​ឯង ដូច​ដែល​បាន​បង្ហាញ​លម្អិត​ខាង​ក្រោម។

    ផ្នែក​សុវត្ថិភាព

    ១- បើក​មុខ​ងារ Secret Chat

    Secret Chat នឹង​ជួយ​ឱ្យ​ការ​ទំនាក់​ទំនង​នៅ​លើ Telegram របស់​អ្នក​មាន​សុវត្ថិភាព ព្រោះ​វា​បាន​ដាក់​បញ្ចូល​នូវ​មុខ​ងារ​អ៊ីន​គ្រីប​សារ (End-to-end encryption) ដែល​មាន​ន័យ​ថា គ្មាន​អ្នក​ណា​ម្នាក់​អាច​លួច​ចូល​អាន ឬ​ស្តាប់​ការ​ទំនាក់​ទំនង​របស់​អ្នក​បាន​ទេ សូម្បី​តែ Telegram ក៏​មិន​ដឹង​ថា​អ្នក​បាន​និយាយ​អ្វី ជា​មួយ​អ្នក​ណា​ដែរ។ បន្ថែម​ពី​លើ​នេះ នៅ​ពេល​ដែល​អ្នក​ប្រើ Secret Chat អ្នក​នឹង​ទទួល​បាន​មុខ​ងារ​មួយ​ទៀត​ដែល​អាច​អនុញ្ញាត​ឱ្យ​អ្នក​អាច​ធ្វើ​ការ​កំណត់​ពេល​វេលា​ក្នុង​ការ​លុប​សា​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​រយៈ​ពេល​ជាក់​លាក់​ណា​មួយ ដែល​មុខ​ងារ​បន្ថែម​នេះ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ថា Self-destructing Media។

    សូម​បញ្ជាក់​ថា Secrete Chat អាច​ប្រើ​បាន​តែ​នៅ​លើ​ទូរស័ព្ទ Android, iOS និង កុំព្យូទ័រ Mac តែ​ប៉ុណ្ណោះ។ ចំ​ពោះ​អ្នក​ប្រើ Telegram នៅ​លើ​កុំព្យូទ័រ Windows និង​នៅ​លើ Web Browser នៅ​មិន​ទាន់​មាន​មុខ​ងារ​នេះ​នៅ​ឡើយ​ទេ។ ហើយ​មុខ​ងារ​នេះ​អាច​ប្រើ​បាន តែ​ចំពោះ​ការ​ទំនាក់​ទំនង​ពី​ម្នាក់​ទៅ​ម្នាក់​តែ​ប៉ុណ្ណោះ វា​ក៏​នៅ​មិន​ទាន់​អាច​ប្រើ​បាន​នៅ​ក្នុង​ក្រុម​របស់ Telegram នោះ​ទេ។

    ដើម្បី​បើក​មុខ​ងារ​នេះ​អ្នក​ត្រូវ ចុច​លើ​រូប Profile លើ​មនុស្ស​ដែល​អ្នក​ចង់​ទាក់​ទង > ចុច​លើ​សញ្ញា … > ជ្រើស​រើស Start Secret Chat

    របៀប​ក្នុង​ការ​កំណត់ ពេល​វេលា​លុប​សារ​ដោយ​ស្វ័យ​ប្រវត្តិ (Self-destructing Media) ចុច​លើ​រូប Profile អ្នក​ដែល​អ្នក​បាន​បើក​មុខ​ងារ Secret Chat រួច​ហើយ > ចុច​លើ​សញ្ញា​ចុច​បី​ដង (…) > Set self-destruct timer > កំណត់​ពេល​វេលា​ដែល​អ្នក​ចង់​ឱ្យ​សារ​លុប​ដោយ​ស្វ័យ​ប្រវត្តិ (អ្នក​អាច​កំណត់​បាន​ចាប់​ពី​១​វិនាទី រហូត​ដល់​១​សប្តាហ៍) > Done

    ២- ការ​ចាក់​សោ​កម្មវិធី (Passcode Lock)

    ការ​ចាក់​សោ​លើ​កម្ម​វិធី វា​ជួយ​ការ​ពារ​ពី​ការ​លួច​បើក​មើល​ការ​ទំនាក់​ទំនង ឬ​ប្រើ Telegram របស់​អ្នក​នៅ​លើ ដោយ​មិន​មាន​ការ​អនុញ្ញាត។  នៅ​ពេល​ដែល​បើក​មុខ​ងារ​នេះ Telegram នឹង​តម្រូវ​ឱ្យ​អ្នក​វាយ​បញ្ចូល​លេខ​កូដ​សម្ងាត់​ជា​មុន​សិន ទើប​អ្នក​អាច​ប្រើ Telegram បាន។

    របៀប​បើក​មុខ​ងារ​នេះ​នៅ​លើ​កុំព្យូទ័រ Windows
    ចូល​ទៅ​កាន់ Setting > Privacy and Security > Turn on local passcode

    បើក​មុខ​ងារ​នេះ​នៅ​លើ​ទូរស័ព្ទ Android
    ចូល​ទៅ​កាន់ Setting > Privacy and Security > នៅ​ខាង​ក្រោម ផ្នែក Security ចុច​លើ Passcode Lock

    នៅ​ពេល​ដែល​អ្នក​ចុច​អូស​ទៅ​ខាង​ស្តាំ​ដើម្បី​បើក​មុខ​ងារ​នេះ កម្ម​វិធី​តម្រូវ​ឱ្យ​អ្នក​ដាក់​លេខ​សម្ងាត់ PIN អ្នក​អាច​ជ្រើស​រើស​យក​ពាក្យ​សម្ងាត់ (Password) ជំនួស​ឱ្យ PIN ក៏​បាន។

    • PIN ជា​លេខ​កូដ​សម្ងាត់ ដែល​មាន​តែ​លេខ​សុទ្ធ​ចំនួន​៤​ខ្ទង់
    • Password ជា​ពាក្យ​សម្ងាត់​ដែល​អ្នក​អាច​លាយ​ចូល​គ្នា​រវាង​លេខ អក្សរ និ​មិត្ត​សញ្ញា​ផ្សេងៗ និង​មិន​កំណត់​ចំនួន​តួ​អក្សរ

    នៅ​ក្នុង​ចំណុច​នេះ អ្នក​ក៏​អាច​បើក​មុខ​ងារ​បើក​សោ​ដោយ​ប្រើ​ខ្ចៅ​ដៃ​បាន​ដែរ (Unlock with Fingerprint) ប្រ​សិន​បើ​ទូរស័ព្ទ​របស់​អ្នក​មាន​មុខ​ងារ​នេះ ហើយ​អ្នក​ក៏​អាច​កំណត់​ពេល​ឱ្យ​កម្ម​វិធី​ធ្វើ​ការ​ចាក់​សោ​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​ខ្លួន​ឯង (Auto-lock) ក្នុង​រយៈ​ពេល​ណា​មួយ​ដែរ។ បន្ទាប់​ពី​អ្នក​បាន​បើក​មុខ​ងារ​នេះ​រួច​ហើយ អ្នក​ត្រូវ​ចុច​លើ​រូប​មេ​សោ ដើម្បី​ចាក់​សោ​កម្ម​វិធី Telegram របស់​អ្នក។

    ៣- ពិនិត្យ​មើល​ថា Telegram របស់​អ្នក​កំពុង​ប្រើ​នៅ​លើ​ឧបករណ៍​ណា​ខ្លះ (Active Session )

    ដូច​អ្នក​បាន​ដឹង​ស្រាប់​ហើយ​ថា អ្នក​អាច​ប្រើ Telegram បាន​ទាំង​នៅ​លើ​ទូរស័ព្ទ កុំព្យូទ័រ និង​នៅ​លើ Web Browser បាន​ក្នុង​ពេល​តែ​មួយ។ ការ​ដែល​អាច​ប្រើ​បាន​នៅ​លើ​គ្រប់​ឧបករណ៍​បែប​នេះ ក៏​អាច​មាន​ហា​និភ័យ​ខ្ពស់​ពី​ការ​លួច​ចូល​ប្រើ​គណនី​របស់​អ្នក​ផង​ដែរ។ ដើម្បី​ឱ្យ​ប្រា​កដ​ថា គ្មាន​អ្នក​ណា​លួច​ចូល​ប្រើ Telegram របស់​អ្នក អ្នក​អាច​ចូល​ទៅ​ពិនិត្យ​មើល​បាន តាម​រយៈ Settings > Privacy and Security > Active Sessions

    បន្ទាប់​ពី​បាន​ចុច​លើ Active Sessions អ្នក​នឹង​ឃើញ​ដូច​រូប​ខាង​លើ ដែល​បង្ហាញ​ជំនាន់​របស់​កម្មវិធី Telegram ឈ្មោះ​ឧបករណ៍ ជា​មួយ​នឹង​ប្រព័ន្ធ​ប្រ​តិ​បត្តិ​ការ និង​ព័ត៌​មាន​អំពី​ទី​តាំង​ដែល​បាន​ចូល​ទៅ​ប្រើ​គណនី Telegram របស់​អ្នក​ជា​ដើម។ល។

    ប្រ​សិន​បើ​អ្នក​រក​ឃើញ​ឈ្មោះ​ឧបករណ៍​ដែល​មិន​មែន​ជា​កម្ម​សិទិ្ធ​របស់​អ្នក ឬ​ទី​តាំង​ដែល​អ្នក​មិន​ធ្លាប់​បាន​ទៅ​ដល់ មាន​នៅ​ក្នុង Active Session អ្នក​អាច​ចុច​នៅ​លើ​ឈ្មោះ​ឧបករណ៍ ឬ​ទី​តាំង​នោះ​ដើម្បី​ធ្វើ​ការ log out ពួក​គេ​ចេញ​ពី Telegram របស់​អ្នក។

    ក្នុង​ករណី​ដែល​អ្នក​រក​ឃើញ ឬ​សង្ស័យ​ថា​មាន​អ្នក​ផ្សេង​ចូល​ប្រើ Telegram របស់​អ្នក អ្នក​អាច ចុច​នៅ​លើ Terminate All Other Sessions ដើម្បី​ធ្វើ​ការ Log out គ្រប់​ឧបករណ៍​ទាំង​អស់​ចេញ រួច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ពាក្យ​សម្ងាត់​ថ្មី និង​ដាក់​បន្ថែម​នូវ​មុខ​ងារ សុវត្ថិភាព Two-Step Verification​។

    ៤- បើក​មុខ​ងារ Two-Step Verification

    ជា​ទូ​ទៅ​នៅ​ពេល​ដែល​អ្នក Login ដោយ​ប្រើ​ទូរស័ព្ទ កុំព្យូទ័រ ឬ Web Browser ថ្មី Telegram និង​ធ្វើ​ការ​បញ្ជាក់​អត្ត​សញ្ញាណ​ដោយ​ផ្ញើ​សារ SMS ជា​មួយ​នឹង​លេខ​កូដ Login ចំនួន​៥​ខ្ទង់​ទៅ​កាន់ គណនី Telegram ដែល​អ្នក​កំពុង​ប្រើ។ បន្ទាប់​ពី​អ្នក​វាយ​បញ្ចូល​លេខ​កូដ​៥​ខ្ទង់​ដែល​ទទួល​បាន​នោះ អ្នក​នឹង​អាច​ចូល​ទៅ​កាន់​គណនី Telegram បាន​តែ​ម្តង។

    Two-Step Verification វា​នឹង​បន្ថែម​សុវត្ថិភាព​មួយ​ជាន់​ទៀត​ពី​លើ​លេខ​កូដ​៥​ខ្ទង់​នោះ។ មាន​ន័យ​ថា​ នៅ​ពេល​ដែល​អ្នក Login ចូល​ទៅ​កាន់​គណនី Telegram អ្នក​ត្រូវ​ការ​ទាំង​លេខ​កូដ​៥​ខ្ទង់ និង​លេខ​កូដ​សម្ងាត់​ដែល​អ្នក​បាន​ដាក់​នៅ​ពេល​ដែល​អ្នក​បើក​មុខ​ងារ Two-Step Verification នេះ។

    ដើម្បី​បើក​មុខ​ងារ Two-Step Verification អ្នក​ត្រូវ​ចូល​ទៅ​កាន់ Settings > Privacy and Security > Two-Step Verification:
    ជំ​ហាន​ទី១ៈ
    ចុច​លើ Two-Step Verification > វាយ​បញ្ចូល​ពាក្យ​សម្ងាត់ > បញ្ជាក់​ពាក្យ​សម្ងាត់ > Next

    ជំ​ហាន​ទី​២៖ បង្កើត Password Hint ឬ​ចុច​ Skip > បំ​ពេញ​អាសយ​ដ្ឋាន​អ៊ីមែល នៅ​ត្រង់ Recovery Email > អ្នក​នឹង​ទទួល​បាន​អ៊ី​មែល​មួយ ជា​មួយ​នឹង​លេខ​កូដ​៦​ខ្ទង់​ពី Telegram  > វាយ​បញ្ចូល​លេខ​កូដ​៦​ខ្ទង់​នោះ ចូល​ទៅ​ក្នុង​ប្រអប់ Verification Code។

    • Password Hint: គឺ​ជា​ពាក្យ ឬ​ឃ្លា​ខ្លី​ដែល​ជួយ​ឱ្យ​អ្នក​អាច​ចង​ចាំ​ពាក្យ​សម្ងាត់​របស់​អ្នក។ ឧ. ពាក្យ​សម្ងាត់​របស់​អ្នក​គឺ​ថ្ងៃ​ខែ​ឆ្នាំ​កំណើត ដូច្នេះ Password Hint អាច​ជា​ឈ្មោះ​របស់​អ្នក ឬ​ពាក្យ​អ្វី​ផ្សេង​ដែល​ជួយ​រំ​លឹក​អ្នក​ពី​ពាក្យ​សម្ងាត់​នោះ។ អ្នក​អាច​រំលង (Skip) ត្រង់​ចំណុច​នេះ​បាន។
    • Recovery Email: នឹង​ជួយ​អ្នក​ក្នុង​ករណី​ដែល​អ្នក​ភ្លេច​ពាក្យ​សម្ងាត់​ដែល​បាន​ដាក់​នៅ​លើ Two-Step Verification ដោយ​វា​នឹង​ផ្ញើ​លេខ​កូដ​ថ្មី​ចូល​ទៅ​ក្នុង​អ៊ី​មែល​របស់​អ្នក។ ប្រ​សិន​បើ​អ្នក​ភ្លេច​ពាក្យ​សម្ងាត់ ហើយ​មិន​បាន​បើក​មុខ​ងារ Recovery Email នេះ​ទេ នោះ​អ្នក​ក៏​មិន​អាច​ចូល​ទៅ​កាន់​គណនី Telegram របស់​អ្នក​បាន​ដែរ។

    ផ្នែក​ឯក​ជន​ភាព

     រាល់​ព័ត៌​មាន​របស់​អ្នក​នៅ​លើ Telegram ត្រូវ​បាន​ចែក​រំ​លែក​ទៅ​កាន់​អ្នក​ប្រើ Telegram ផ្សេង​ទៀត​ដោយ​ស្វ័យ​ប្រវត្តិ ប្រ​សិន​បើ​អ្នក​មិន​បាន​កំណត់​បាន​ចូល​ទៅ​ធ្វើ​ការ​កំណត់​នៅ​ក្នុង​ផ្នែក​ឯក​ជន​ភាព​នោះ​ទេ។ យើង​ណែ​នាំ​ឱ្យ​អ្នកទាំង​អស់​គ្នា​ធ្វើ​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម​នេះ ដើម្បី​ការ​ពារ​ឯក​ជន​ភាព​របស់​អ្នក​នៅ​លើ Telegram។

    ចូល​ទៅ​កាន់ Setting > Privacy and Security > ស្វែង​រក Privacy បន្ទាប់​មក​ធ្វើ​ការ​កំណត់​ដូច​រូប​ខាង​ក្រោម។

    • Phone Number Who can see my phone number — Nobody.
    • Phone Number → Who can find me by my number — My Contacts.
    • Last Seen & Online → Who can see my timestamp — Nobody.
    • Profile photo → Who can see my profile photo — My Contacts.
    • Forwarded Messages → Who can add a link to my account when forwarding my messages — Nobody.
    • Calls → Who can call me — My Contacts (or Nobody, if you prefer).
    • Calls → Peer-to-peer — Nobody
    • Groups → Who can add me — My Contacts.

    ប្រភព៖


  • របៀបកំណត់សិទ្ធិរបស់កម្មវិធីនៅលើទូរស័ព្ទ Android

    របៀបកំណត់សិទ្ធិរបស់កម្មវិធីនៅលើទូរស័ព្ទ Android

    ឧទាហរណ៍៖ កម្ម​វិធី Google Map អាច​ទាម​ទារ​សិទ្ធិ​ក្នុង​ការ​ប្រើ​មុខ​ងារ GPS​  ឬ​ទី​តាំង​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ដើម្បី​ឱ្យ​អ្នក​អាច​ប្រើ​ផែន​ទី​បាន តែ​ហាក់​ដូច​ជា​មិន​ចាំ​បាច់​ចូល​ទៅ​ប្រើ​ទិន្នន័យ​បញ្ជី​លេខ​ទូរស័ព្ទ​(Contacts) ឬ​មុខ​ងារ​កា​មេរ៉ា​ទេ។ កម្មវិធី​ប្រជុំ​តាម​អន​ឡាញ​ Zoom អាច​ត្រូវ​ការ​សិទ្ធិ​ក្នុង​ការ​ប្រើ Microphone និង កា​មេ​រ៉ា ដើម្បី​ឱ្យ​អ្នក​អាច​ធ្វើ​ការ​ខល​វីឌីអូ​បាន តែ​ហាក់​ដូច​ជា​មិន​ចាំ​បាច់​ទាម​ទារ​ប្រើ​មុខ​ងារ GPS នោះ​ទេ។ល។

    ការ​ស្នើ​សុំ​ចូល​ទៅ​ប្រើ​ទិន្នន័យ និង​ប្រើ​មុខ​ងារ​ដែល​មិន​ចាំ​បាច់ ឬ​មិន​ទាក់​ទង​នឹង​ការ​ដំណើរ​ការ​កម្មវិធី ​អាច​អនុញ្ញាត​ឱ្យ​កម្មវិធី​នោះ​ប្រមូល​យក​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ទៅ​ប្រើ​ក្នុង​គោល​បំណង​ផ្សេងៗ​ដូច​ជា យក​ទៅ​ធ្វើ​ការ​វិភាគ​ពី​អ្នក​ប្រើ​ប្រាស់ ដើម្បី​ធ្វើ​ទីផ្សារ លក់​ទិន្នន័យ​ដែល​ទាក់​ទង​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ផ្សេង ឬ​ជន​ទី​បី​ជាដើម ដែល​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​ឯក​ជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់។

    ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Android អាច​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ត្រួត​ពិនិត្យ​ ផ្លាស់​ប្តូរ​ ឬ​បិទ​មុខ​ងារ​ណា​ដែល​មិន​ចាំ​បាច់ ចេញ​ពី​កម្មវិធី​ ទាំង​នោះ​បាន ដោយ​អនុវត្ត​តាម​វីធី​ដូច​ខាង​ក្រោមៈ

    សម្គាល់ៈ ទូស័ព្ទ​ដែល​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Android មាន​ច្រើន​ប្រភេទ​ នោះ​ការ​ចូល​ទៅ​កាន់​ការ​កំណត់​ផ្សេងៗ​អាច​ខុសៗ​គ្នា​តាម​ប្រភេទ​ទូសព្ទ​និមួយៗ។

    ជំហាន​ទី​១៖ ចូល​ទៅ​កាន់​កម្មវិធី​ណា​មួយ​ក្នុង​ទូរស័ព្ទ​របស់​អ្នក (ឧ. Drive)  à ចុច​លើ​កម្មវិធី​នោះឱ្យ​ជាប់

    ជំហាន​ទី២៖ ចុច​លើ​និមិត្ត​សញ្ញា App info

    ជំហាន​ទី៣៖ ចុច​លើ​ពាក្យ Permissions
    បន្ទាប់​មក​អ្នក​នឹង​ឃើញ​ថា កម្មវិធី​នោះ​មាន​សិទ្ធិ​ចូល​ទៅ​ប្រើ​ទិន្នន័យ ឬ​មុខ​ងារ​ណា​ខ្លះ​ក្នុង​ទូរស័ព្ទ​របស់​អ្នក។ មុខ​ងារ​ខ្លះ​គឺ​ជា​តម្រូវ​ការ​ចាំ​បាច់​ដើម្បី​អាច​ឱ្យ​កម្មវិធី​អាច​ដំណើរ​ការ​បាន ប្រសិន​បើ​អ្នក​បិទ​មុខ​ងារ​ដែល​ចាំ​បាច់​នោះ កម្មវិធី​អាច​ដំណើរការ​មិន​រលូន ឬ​អាច​មិន​ដំណើរ​ការ​តែ​ម្តង។ ដូច្នេះ​អ្នក​ត្រូវ​តែ​ធ្វើ​ការ​ត្រូវ​ពិនិត្យ ឱ្យ​បាន​ល្អិត​ល្អន់។

    ជំហាន​ទី៤៖ ចុច​លើ​មុខ​ងារ (ឧ. Storage)> ជ្រើស​រើស Allow ប្រសិន​បើ​អ្នក​អនុញ្ញាត​ឱ្យ​កម្មវិធី​អាច​ចូល​ទៅ​ប្រើ​ទិន្នន័យ ឬ​មុខ​ងារ​នោះ ឬ​ក៏​ចុច Deny ប្រ​សិន​បើ​មិន​អនុញ្ញាត​ឱ្យ​កម្មវិធី​មាន​សិទ្ធិ​ប្រើ​ទិន្នន័យ ឬ​មុខ​ងារ​នោះ​ទេ។

    ដើម្បី​ឱ្យ​មាន​សុវត្ថិភាព និង​រក្សា​បាន​នូវ​ឯក​ជន​ភាព​កាន់​តែ​ខ្ពស់ សូម​ធ្វើ​ការ​ត្រួត​ពិនិត្យ​គ្រប់​កម្មវិធី​ដែល​មាន​នៅ​ក្នុង​ទូរស័ព្ទ​របស់​អ្នក លុប​កម្មវិធី​ដែល​មិន​ប្រើ ឬ​មិន​ចាំ​បាច់​ចេញ​ តម្លើង​តែ​កម្មវិធី​ដែលមាន​នៅ​ក្នុង Play Store ត្រួត​ពិនិត្យ ឬ​កែ​ប្រែ​សិទ្ធិ​នៃ​ការ​ចូល​ទៅ​ប្រើ​មុខ​ងារ ឬ​ទិន្នន័យ​នៅ​ក្នុង​ទូរស័ព្ទ ​និង​ជា​ពិ​សេស​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​កម្មវីធី​ទាំង​អស់​ឱ្យ​បាន​ជា​ប្រចាំ។

    ទាញយកអត្ថបទនេះជា PDF

    ប្រភពៈ https://guidebooks.google.com/android/changesettingspermissions/changeyourapppermissions