Tag: DDoS Attack

  • ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជូនដំណឹងឱ្យប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រនៅកម្ពុជា

    ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ជូនដំណឹងឱ្យប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រនៅកម្ពុជា

    កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានជូនដំណឹងឱ្យមានការប្រុងប្រយ័ត្នចំពោះកំណើននៃការវាយប្រហារសាយប័រ ដោយក្រសួងសង្កេតឃើញថា មាន​ការ​វាយ​ប្រហារ​សាយប័រ​មក​លើ​វេបសាយ​ និង​ប្រព័ន្ធ​អនឡាញ​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​កើន​ឡើងគួរ​ឱ្យ​កត់​សម្គាល់ ដែល​ការ​វាយ​ប្រហារ​នោះ​រួម​មាន ការ​វាយ​ប្រហារ​បែប Distribute Denial of Service (DDoS) ការវាយប្រហារលួចចូលគ្រប់គ្រងវិបសាយ និងការលួចយកគណនីរបស់អ្នកប្រើប្រាស់ ឬអ្នកគ្រប់គ្រងប្រព័ន្ធជាដើម

    ស្របពេលជាមួយគ្នានេះដែរ នៅថ្ងៃទី២៨ ខែមិថុនា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដែលជាអង្គភាព​ចំណុះ​ក្រសួង​មហាផ្ទៃ ក៏បានជូនដំណឹងបន្ថែមអំពីការវិវឌ្ឍពីការវាយប្រហារ ដែលឈានដល់ការប្រើវិធីសាស្ដ្រវាយប្រហារតាមរយៈការប្រើមេរោគចាប់ជំរិត (Ransomware) ដែលជាប្រភេទមេរោគចាក់សោឯកសារ (encryption) នៅក្នុងកុំព្យូទ័ររបស់អ្នកប្រើប្រាស់ និងទាមទាររូបិយបណ្ណគ្រីបតូ ដើម្បីបើកសោរយកឯកសារមកវិញ (decryption)។
    ​​

    ស្ថាប័នទាំងពីរ ក៏បានណែនាំពីវិធានការអនុវត្តិដើម្បីពង្រឹងសន្តិសុខបន្ថែមដូចជា៖ 

    • ប្រើប្រាស់មុខងារសុវត្ថិភាពចាក់សោ ពីរជាន់ (2FA)
    • ប្រុងប្រយ័ត្នមុននឹងចុចលើ សារ ឬឯកសារភ្ជាប់ដែលមានប្រភពមិនច្បាស់លាស់ (គិតមុននឹងចុច)
    • បំពាក់ប្រព័ន្ធការពារពីការវាយប្រហារ បែប DDoS
    • ត្រួតពិនិត្យ និងទប់ស្កាត់ការព្យាយាមប៉ុនប៉ងការវាយប្រហារផ្សេងៗ ដែលអាចធ្វើប៉ះពាល់ដល់វេបសាយ ឬប្រព័ន្ធ
    • ប្រើប្រាស់កម្មវិធីកុំព្យូទ័រដែលមានអាជ្ញាបណ្ណត្រឹមត្រូវ
    • ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ជាប្រចាំ
    • ធ្វើការបម្រុងទុកទិន្នន័យឱ្យបានបានត្រឹមត្រូវ និងជាប្រចាំ

    គួរបញ្ជាក់ថា ការវាយប្រហារបែប DDoS គឺជារបៀបដែលឧក្រិដ្ឋជនធ្វើការបញ្ជូនចរាចរណ៍អ៊ីនធឺណិតយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងពេលតែមួយ ទៅកាន់ម៉ាស៊ីនមេនៃប្រព័ន្ធមួយ ឬគេហទំព័រណាមួយ ដែលជាគោលដៅដែលពួកគេបានកំណត់។

    ការបញ្ជូនចរាចរណ៍យ៉ាងច្រើនពីកន្លែងផ្សេងគ្នា ទៅកាន់ប្រភពតែមួយបែបនេះ ធ្វើឱ្យម៉ាស៊ីនមេមិនអាចរ៉ាប់រងបាន ដែលបណ្ដាលឱ្យប្រព័ន្ធ ឬគេហទំព័រដែលជាគោលដៅនៃការវាយប្រហារនោះ យឺត គាំង ឬមិនដំណើរការតែម្ដង។​ ចរាចរណ៍ដែលត្រូវបានឧក្រិដ្ឋជនបញ្ជូនទៅវាយប្រហារ គឺចេញពីឧបករណ៍ផ្សេងៗ ដែលបានឆ្លងមេរោគ ដែលគេឱ្យឈ្មោះថា Botnet ដែលត្រូវបានគ្រប់គ្រងដោយពួកគេ។

    អ្នកប្រើប្រាស់ មិនដឹងថាឧបករណ៍ខ្លួនក្លាយជា Botnet នោះទេ។​ ការឆ្លងមេរោគទាំងនោះ ផ្នែកមួយធំ គឺតាមរយៈការប្រើប្រាស់ កម្មវិធីដែលមិនមានអាជ្ញាប័ណ្ណ (cracked software)។ អ្នកប្រើប្រាស់នៅកម្ពុជាជាច្រើន នៅប្រើកម្មវិធីដែលមិនមានអាជ្ញាប័ណ្ណច្រើននៅឡើយ ដែលនេះ ជាចន្លោះប្រហោងដ៏ធំមួយ នៅពេលដែលមានការវាយប្រហារណាមួយកើតឡើង។    

    រូបភាព៖ indusface.com/
    រូបភាពនេះ បង្ហាញពីរបៀបនៃការវាយប្រហារ បែប DDoS

    សម្រាប់គេហទំព័រ វិធីសាស្រ្តមូលដ្ឋាន ដើម្បីជួយការពារពីការវាយប្រហារនេះ មានដូចខាងក្រោម៖

    ១- ប្រើពាក្យសម្ងាត់រឹងមាំ និងបើកមុខងារ សុវត្ថិភាពពីរជាន់ (2FA)

    អ្នកគ្រប់គ្រងគេហទំព័រ ត្រូវប្រាកដថា ខ្លួនបានប្រើពាក្យសម្ងាត់រឹងមាំ នៅលើគេហទំព័ររបស់ខ្លួន និងបានបំពាក់ ឬបើកមុខងារសុវត្ថិភាពពីរជាន់ផងដែរ។ 

    ២- កំណត់ចំនួនដង និងរយៈពេល នៃការព្យាយាមចូលទៅកាន់ គេហទំព័រ
    ឧទាហរណ៍ថា ប្រសិនបើវាយខុសពាក្យសម្ងាត់ចំនួន ៣ដង គណនីនោះ នឹងឈប់ឱ្យចូលទៅកាន់គេហទំព័រនោះរហូតដល់ ១២ ម៉ោងក្រោយ។​

    ៣- ប្រើ Web Application Firewall (WAF)
    WAF វាជាកម្មវិធីសុវត្ថិភាពមួយ ដែលជួយការពារគេហទំព័រពីការវាយប្រហារនៅលើអ៊ីនធឺណិត។ កម្មវិធីនេះមាននាទីក្នុងការច្រោះ ឬរាំងខ្ទប់ មិនឱ្យចរាចរណ៍ដែលគួរសង្ស័យដែលមានបំណងវាយប្រហារ ចូលមកកាន់គេហទំព័ររបស់អ្នកបាន។

    ៤- ដាក់គេហទំព័ររបស់អ្នកនៅលើបណ្តាញសុវត្ថិភាព

    ដាក់គេហទំព័ររបស់អ្នកនៅលើបណ្តាញម៉ាស៊ីនមេ ដែលមានសុវត្ថិភាពដែលអាចជួយការពារពីការវាយប្រហារពី DDoS ដូចជានៅលើ បណ្តាញរបស់ Cloudflare ជាដើម។ល។

    ៥- ធ្វើការបម្រុងទុកគេទំព័ររបស់អ្នកឱ្យបានជាប្រចាំ
    ត្រូវប្រាកដថា អ្នកបានបម្រុងទុកគេហទំព័ររបស់អ្នកជាប្រចាំ។​ ជាទូទៅនៅលើម៉ាស៊ីនមេ (hosting server) ដែលអ្នកបានបង្ហោះគេហទំព័រ ភាគច្រើនមានមុខងារបម្រុងទុកទិន្នន័យជារាល់ថ្ងៃដោយស្វ័យប្រវត្តិ តែដើម្បីឱ្យប្រាកដ អ្នកត្រូវពិនិត្យមើលថា​ តើ hosting មានមុខងារនេះដែរឬទេ។ អ្នកក៏គួរតែធ្វើការបម្រុងទុកគេហទំព័រទំព័រអ្នកដោយខ្លួនឯង និងរក្សាទុកនៅកន្លែងដែលមានសុវត្ថិភាពដែរ។