Tag: កម្មវិធីរុករក

  • Tor និង Mullvad VPN សហការ​គ្នា​បង្កើត​កម្មវិធី​រុករក​ដែល​ផ្តោត​លើ​ការ​ការ​ពារ​ឯកជនភាព

    Tor និង Mullvad VPN សហការ​គ្នា​បង្កើត​កម្មវិធី​រុករក​ដែល​ផ្តោត​លើ​ការ​ការ​ពារ​ឯកជនភាព

    រូបភាព៖ torproject.org

    កម្មវិធីនេះ​រុក​រក​នេះ បាន​បញ្ចូល​មុខ​ងារ​សំខាន់ៗ​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​មិន​តម្រូវ​ឱ្យ​អ្នក​ប្រើ​ពិបាក​ក្នុង​ការ​ចូល​ទៅ​ផ្លាស់​ប្តូរ​ ឬ​តម្លើង​អ្វី​បន្ថែម​នោះ​ទេ។ តាម​ពិត​មុខ​ងារ​សុវត្ថិភាព និង​ឯក​ជន​ភាព​នៅ​លើ​កម្មវិធី​រុក​នេះ ក៏​អាច​ធ្វើ​បាន​នៅ​លើ​កម្មវិធី​រុករក​ដទៃ​ទៀត​ដែរ ដូច​ជា​កម្មវិធី Firefox ជា​ដើម។ ប៉ុន្តែ​នៅ​លើ​កម្មវិធីរុករក​ទាំង​នោះ តម្រូវ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ចេះ​ពី​របៀប​ចូល​ទៅ​កែ​ប្រែ ដោយ​ខ្លួន​ឯង ដែល​ជា​ទូ​ទៅ​អាច​មាន​ភាព​ស្មុគ​ស្មាញ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ធម្មតា។

    វិធី​ដែល​ងាយ​បំផុត​ក្នុង​ការ​បញ្ចៀស​ការ​តាម​ដាន និង​ធ្វើ​ឱ្យ​កាន់​តែ​មាន​ភាព​អនាមិក​នៅ​លើ​អ៊ីន​ធឺណិត គឺ​ប្រើកម្មវិធីរុករក Tor​ ដោយ​គ្រាន់​តែ​ទាញ​យក​កម្មវិធី​រុករក Tor និង​ប្រើ​វា​ដូច​ទៅ​នឹង​កម្មវិធី​រុក​រក​ដទៃ​ទៀត នោះ Tor រ៉ាប់​រង​ក្នុង​ការ​ការពារ​អត្តសញ្ញាណ និង​សកម្មភាព​នៃ​ការ​ប្រើ​អ៊ីន​ធឺណិត​របស់​អ្នក​ឱ្យ​មាន​សុវត្ថិភាព។ ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​ចង់​ប្រើ Tor គ្រប់​ពេល​នោះ​ទេ ​ព្រោះ​ដំណើរ​ការ​របស់ Tor ត្រូវ​ឆ្លង​កាត់​បណ្តាញ Server (Tor Network) ជា​ច្រើន ដែល​ធ្វើ​ឱ្យ​ការ​ប្រើ​អ៊ីន​ធឺណិត​របស់​អ្នក​យឺត។

    ចំណែក​ឯ VPN វិញ ជួយ​ការ​ពារ​ឯក​ជន​ភាព ដោយ​ជួយ​ធ្វើ​ការ​ផ្លាស់​ប្តូរ​អាស័យ​ដ្ឋាន​អាយ​ភី (IP Address) និង​ធ្វើ​កូដនីយកម្ម​ចរាចរណ៍​អ៊ីន​ធឺណិត​របស់​អ្នក​ប្រើ​ប្រាស់ ប៉ុន្តែ​អ្នក​ប្រើ​ប្រាស់​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ក្រុម​ហ៊ុន VPN ដែល​ពួក​បាន​ជ្រើស​រើស។ ​ជា​រឿយៗ ក្រុមហ៊ុន VPN ​មួយ​ចំនួន មាន​បញ្ហា​ទាក់​ទង​នឹង​ការ​ការពារ​ឯកជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់​ដែរ។ ស្វែងយល់បន្ថែមអំពី VPN

    Mullvad ដែល​ជា​ក្រុម​ហ៊ុន VPN មួយ​ដែរ (Mullvad VPN) ត្រូវ​បាន​ចាត់​ទុក​ថា ជា​ក្រុមហ៊ុន​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្អ​ និង​អាច​ទុក​ចិត្ត​បាន ដោយ​សារ​តែ​ពួក​គេ​ប្រើ​កូដ​បើក​ចំហរ (Open Source) មិន​យក​ទិន្នន័យ​របស់​អ្នក​ប្រើ​ប្រាស់​ទៅ​ប្រើ​ដើម្បី​ស្វែង​រក​ប្រាក់​ចំណេញ​ និង​មាន​ការ​ធ្វើ​សវនកម្ម​ទៀង​ទាត់​ពី​ស្ថាប័ន​ឯករាជ្យ​លើ​កម្មវិធី​របស់​ពួក​គេ។

    លោក Isabela Fernandez នាយក​ប្រតិបត្តិ Tor Project លើក​ឡើងថា «ពួក​គេ​មិន​បង្កើត​កម្ម​វិធី​នេះ ដើម្បី​ប្រកួត​ប្រជែង​ជា​មួយ​នឹង​កម្មវិធី​ផ្សេង​ទៀត​ទេ តែ​ដើម្បី​លើក​កម្ពស់​សិទ្ធិ​មនុស្ស នឹង បច្ចេក​វិទ្យា ដែល​ជា​បេសកកម្ម​របស់​គម្រោង Tor»។ លោក​បន្ត​ថា «ការ​បង្កើត​កម្មវិធី​នេះ ​គឺ​គ្រាន់​តែ​ចង់​ផ្តល់​ជម្រើស​បន្ថែម ដល់​អ្នក​ប្រើ​ប្រាស់​ដែល​ចង់​ការពារ​ឯកជនភាព និង​ចង់​បញ្ចៀស​ការ​តាម​ដាន​តាម​អ៊ីនធឺណិត​របស់​ពួក​គេតែ​ប៉ុណ្ណោះ»។

    លោក Jan Jonsson នាយក​ប្រតិបត្តិ Mullvad មាន​ប្រសាសន៍​ថា «បេសកកម្ម​របស់ Mullvad គឺ​រា​រាំង​ការ​តាម​ដាន និង​ការ​ឃ្លាំ​មើល​តាម​អ៊ីន​ធឺណិត។​ ការ​ប្រើ​ប្រាស់​តែ​VPN  មិន​គ្រប់​គ្រាន់​ក្នុង​ការ​ការ​ពារ​ឯកជន​ភាព​នោះ​ទេ។ យើង​ត្រូវ​ការ​កម្មវិធី​រុក​រក​មួយ​ដែល​ផ្តោត​សំខាន់​លើ​ការ​ជួយ​ការ​ពារ​ឯកជន​ភាព​របស់​អ្នក​ប្រើ​ប្រាស់»។ នាយក​ប្រតិបត្តិ​រូប​នេះ​បន្ថែម​ទៀត​ថា យើង​ចង់​ផ្តល់​ជូន​នូវ​កម្មវិធី​រុករក​មួយ​ដែល​ល្អ ដូច​នឹង​កម្មវិធី​រុករក Tor ដែរ​ប៉ុន្តែ​មិន ភ្ជាប់​ទៅ​កាន់​បណ្តាញ​របស់ Tor (Tor Network)។  អ្នក​ប្រើ​ប្រាស់​អាច​ប្រើ​កម្មវិធី​នេះ ដើម្បី​ការ​ពារ​តាម​ដាន​ពី​គេហ​ទំព័រ​ដែល​ពួក​គេ​ចូល​មើល និង​ប្រើ VPN ដើម្បី​លាក់​អាស័យ​ដ្ឋាន​អាយភី (IP Address) ពិត​ប្រាកដ​របស់​ពួក​គេ។​ការ​ប្រើ VPN ជា​មួយ​នឹង​កម្មវិធី​នេះ គឺ​ជួយ​ឱ្យ​មាន​ភាព​ប្រសើរ​ច្រើន​ក្នុង​ការ​ការពារ​ពួក​គេ។ ។

    ក្រៅ​ពី​កម្មវិធី​រុករក Mullvad ថ្មី​នេះ​ក៏ មាន​កម្មវិធី​រុករក​ដទៃ​ទៀត ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​កម្មវិធី​ល្អ​ដូច​ជា​ Brave ជា​ដើម ។ បទ​ពិសោធ​ពី​ កម្មវិធី​ទាំង​នោះ ជួយ​វែក​ផ្លូវ​ផ្នែក​បច្ចេក​ទេស​ក្នុង​ការ​ជួយ​ឱ្យ​ការ​បង្កើត​កម្មវិធី​រុករក Mullvad កាន់​តែ​ល្អ​ប្រសើរ​ឡើង។

    សូម​បញ្ជាក់​ថា​ក្រុមហ៊ុន Mullvad បាន​គាំ​ទ្រ​ថវិកា ដល់​គម្រោង Tor ដែល​ជា​អង្គការ​មិន​រក​ប្រាក់​ចំណេញ ជា​យូរ​មក​ហើយ។

    កម្មវិធី​រុករក Mullvad អាច​ទាញ​យក​បាន​នៅ​លើគេហទំព័ររបស់ Mullvad

    ប្រភពៈ

  • កំណត់​មិន​ឱ្យ​ក្រុម​ហ៊ុន​អ៊ីនធឺណិត (ISP) ដឹង​ពី​គេហទំព័រ​ដែល​អ្នក​ចូល​មើល​តាម​រយៈមុខងារ DNS over HTTPS

    កំណត់​មិន​ឱ្យ​ក្រុម​ហ៊ុន​អ៊ីនធឺណិត (ISP) ដឹង​ពី​គេហទំព័រ​ដែល​អ្នក​ចូល​មើល​តាម​រយៈមុខងារ DNS over HTTPS

    ដើម្បី​អាច​យល់​ពី DNS over HTTPS (DoH) អ្នក​គួរ​យល់​ពី DNS ជា​មុន​សិន។

    DNS ជាអ្វី?

    ពាក្យ​ពេញ​របស់ DNS គឺ Domain Name System វា​មាន​នាទី​ជា​អ្នក​បក​ប្រែ​ពី​ឈ្មោះ Domain ឬ​ឈ្មោះ​គេហទំព័រ (ឧ. www.digitalhub101.com) ​ដែល​បង្កើត​ឡើង​ដើម្បី​ឱ្យ​មនុស្ស​ងាយ​អាន និងងាយ​ចង​ចាំ​ ទៅ​ជា​លេខ (ឧ. 35.213.146.231) ​សម្រាប់​ឱ្យ​ម៉ាស៊ីន​អាច​អាន និង​យល់​បាន។

    គេ​អាច​ប្រៀប​ធៀប DNS ទៅ​នឹង​បញ្ជី​លេខ​ទូរស័ព្ទ។ ជា​ទូទៅ​ យើង​តែង​តែ​រក្សា​ទុក​លេខ ដោយ​ភ្ជាប់​ជាមួយ​និងឈ្មោះ ដើម្បី​ឱ្យ​ងាយ​ស្រួល​ចង​ចាំ និង​អាច​ដឹង​ថា​លេខ​ទូរស័ព្ទ​ណា ជា​របស់​អ្នក​ណា។ DNS ក៏​ដូច​គ្នា គ្រប់​ឈ្មោះ​គេហទំព័រ​ដែល​មាន​នៅ​លើ​អ៊ីន​ធឺណិត គឺ​មាន​ភ្ជាប់​មក​ជា​មួយ​នូវ​លេខ ដែល​ត្រូវ​បាន​គេហៅថា អាស័យដ្ឋាន​អាយភី (IP Address)។

    រូបភាពៈ cloudflare.com

    តើ DNS ដំណើរការយ៉ាងដូចម្តេច?

    នៅ​ពេល​ដែល​អ្នក​​ចូល​ទៅ​កាន់​គេហទំព័រ​ណា​មួយ អ្នក​គ្រាន់​តែវាយអាស័យដ្ឋាន ឬឈ្មោះគេហទំព័រនោះ​នៅលើ​កម្មវិធីរុករករបស់អ្នក ភ្លាមៗ​អ្នក​នឹងឃើញ​គេហទំព័រ​នោះ​នៅលើអេក្រង់កុំព្យូទ័រ ឬទូរស័ព្ទរបស់អ្នក។ ប៉ុន្តែ​តាមពិត ​ដំណើរ​ការ​នៃការ​បញ្ជូន​គេហទំព័រ ចេញពីឧបករណ៍របស់អ្នក ដើម្បី​ស្វែង​រកគេទំព័រ​ដែល​អ្នក​បាន​ចង់​មើល​នោះ ត្រូវ​ឆ្លង​កាត់​តាម​រចនា​សម្ព័ន្ធ​របស់ DNS ជា​ច្រើនដំណាក់​កាល។ រចនាសម្ព័ន្ធ​ DNS សំខាន់ៗ​ចំនួន​៤​ដែល​មាន​តួនាទី​ខុសៗ​គ្នា ក្នុងការ​ស្វែងរក​គេហទំព័រ និង​បញ្ជូនត្រលប់មក​វិញនូវ​គេហទំព័រមាន​ដូចខាង​ក្រោម៖

    1. DNS Resolver: ជា​ភ្នាក់​ងារ​ដំបូង​គេ​ដែល​ជួយ​ក្នុង​ការ​បញ្ជូន​បន្ត សំណើ​របស់​អ្នក​ទៅ​កាន់ DNS Server ផ្សេង​ទៀត។ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត (ISP) ដើរ​តួ​ជា DNS Resolver។
    2. Root Nameserver: គឺ​ជា DNS Sever ដែល​ស្ថិត​នៅ​លើ​គេ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធ DNS។ DSN Server ​មិន​មាន​រក្សា​ទុក​ព័ត៌​មាន​អ្វី​ពី​គេហទំព័រ​ណា​មួយ​ទេ ប៉ុន្តែ​ជា​អ្នក ចង្អុល​បង្ហាញ​ផ្លូវ ឱ្យ​បាន​ត្រឹម​ត្រូវ​ប្រាប់ DNS Resolver ទៅ​កាន់ TLD Nameserver។
    3. TLD Nameserver: មាន​នាទី​ក្នុង​ការ រក្សា​ទុក និង​គ្រប់​គ្រង​ព័ត៌​មាន​អំពី Top-level Domain (TLD)។ Top-level Domain គឺ​ជា​ផ្នែក​ខាង​ក្រោយ​នៃ​ឈ្មោះ​គេហទំព័រ​ដែល​មាន​ដូច​ជា .com, .org, .net ជា​ដើម។ល។
    4. Authoritative Nameserver: ជា DNS Server ចុង​ក្រោយ​គេ ដែល​រក្សា​ទុក​រាល់​ព័ត៌​មាន​ពី​គេហទំព័រ រួម​ទាំង​អាស័យ​ដ្ឋាន​អាយ​ភី (IP Address) ផង​ដែរ។ Authoritative Nameserver ជា​កន្លែង​ដែល​រក្សា​ទុក​គេ​ទំព័រ​របស់​អ្នក​នៅ​លើ​អ៊ីន​ធឺណិត ឬត្រូវ​បាន​គេ​ស្គាល់ថា Hosting។ 
    ដំណើរការ DNS នៅពេលដែលអ្នកចូលទៅកាន់គេហទំព័រណាមួយ

    នៅ​ពេល​ដែល​អ្នក​វាយ​អាស័យ​ដ្ឋាន​គេហទំព័រ​ណា​មួយ នៅ​លើ​កម្មវិធី​រុក​រក ឬ Web Browser (ឧ. www.digitalhub101.com) នោះ​មាន​ន័យ​ថា អ្នក​កំពុង​ស្នើ​សុំ​ភ្ជាប់​ទៅ​កាន់​គេហទំព័រ​នោះ ដោយ​ឆ្លង​កាត់ DNS Server ទាំង​៤​ខាង​លើ តាម​លំដាប់​លំ​ដោយ។ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សេវា​អ៊ីនធឺណិត (ISP) ធ្វើ​ការ​មុន​គេ ​ក្នុង​ការបក​ប្រែ​ឈ្មោះ​គេហទំព័រ (ឧ. www.digitalhub101.com) ទៅ​ជា​អាស័យ​ដ្ឋាន​អាយ​ភី (IP Address) ឧ. 35.213.146.231 បញ្ជូន​បន្ត​បន្ទាប់​រហូត​ទៅ​ដល់ ​Authoritative Nameserver ឬ​កន្លែង​ដែល​ផ្ទុក​គេហទំព័រ​នៅ​លើ​អ៊ីនធឺណិត និង​បញ្ជូន​ត្រលប់​មក​វិញ នៅ​អាស័យ​ដ្ឋាន​អាភី​ត្រឹម​ត្រូវ ដែល​អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ឃើញ​គេហទំព័រ​នោះ​នៅ​លើ​កម្មវិធី​រុករក​របស់​ពួក​គេ។

    អ្វី​ជា DNS over HTTPS?

    ដំណើរ​ការ​នៃ​ការ​បញ្ជូន​បន្ត​បន្ទាប់​តាម​រយៈ​រចនា​សម្ព័ន្ធ​របស់ DNS ខាង​លើ ​គឺ​មិន​ត្រូវ​បាន​ការ​ពារ ឬ​ធ្វើ​កូដនីយកម្ម (Encrypt) នោះ​ទេ។ មាន​ន័យ​ថា​ ចាប់​ពី DNS Resolver ឬ​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​អ៊ីន​ធឺណិត (ISP) និងភាគី​បន្ត​បន្ទាប់ ពួក​គេ​បាន​ដឹង​នូវ​គ្រប់​គេហទំព័រ​ដែល​អ្នក​បាន​ចូល​មើល។

    ប្រសិន​បើ​គេហទំព័រ​នោះ មាន HTTPS នឹង​អាច​ជួយ​ការ​ពារ​មិន​ឱ្យ​ក្រុម​ហ៊ុន​អ៊ីន​ធឺ​ណិត និង​ក្រុម​ផ្សេងៗ​ដឹង​ពី​ទំព័រ ជាក់​លាក់​ដែល​អ្នក​បាន​ចូល​មើល​នៅ​លើ​គេហទំព័រ​មួយ​នោះ។ HTTPS ជា​មុខ​ងារ​សុវត្ថិភាព​មួយ ដែល​អាច​ជួយ​ការ​ពារ ឬ​ធ្វើ​កូដ​នីយកម្ម (Encrypt) រាល់​តំណ​ភ្ជាប់ ឬ​អាស័យ​ដ្ឋាន​ដែល​នៅ​ខាង​ក្រោយ​បន្ទាប់​ពី​ឈ្មោះ​គេហទំព័រ ប៉ុន្តែ​មិន​អាច​ការ​ពារ ឬ​បិទ​បាំង​នូវ​ឈ្មោះ​គេហទំព័រ (Domain Name) បាន​ទេ។ ឧទាហរណ៍ ​ប្រសិន​បើ​អ្នក​ចូល​ទៅ​កាន់ https://digitalhub101.com/useful-resources/ នោះ​ក្រុម​ហ៊ុន​អ៊ីន​ធឺណិត​ដឹង​ថា​អ្នក​បាន​ចូល​ទៅ​កាន់​គេហ​ទំព័រ https://digitalhub101.com ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ថា​អ្នក​បាន​ចូល​ទៅ​កាន់​ទំព័រ useful-resources នោះ​ទេ។

    រូបភាព៖ ssd.eff.org
    រូបភាពនេះបង្ហាញថា នៅពេលអ្នក​ចូល​មើល​គេហទំព័រដែលមាន HTTPS នោះរាល់អាស័យដ្ឋាន នៅខាងក្រោយឈ្មោះគេហទំព័រនឹងត្រូវបានការពារ

    មុខ​ងារ DNS over HTTPS មាន​ន័យ​ថា នឹង​ជួយ​ការ​ពារ ឬ​ធ្វើ​កូដ​នីយកម្ម (Encrypt) ទាំង​ឈ្មោះ​គេហទំព័រ ​បន្ថែម​លើ​មុខ​ងារ HTTPS ដែល​មាន​ស្រាប់។ នៅ​ពេល​ដែល​អ្នក​បើក​មុខ​ងារ DNS over HTTPS ក្រុម​ហ៊ុន​អ៊ីនធឺណិត ​លែង​ដឹង​ពី​អាស័យ​ដ្ឋាន​គេហទំព័រ​ដែល​អ្នក​បាន​ចូល​មើល និង​ក៏​មិន​អាច​ដឹង​ថា​អ្នក​បាន​ចូល​ទៅ​កាន់​ទំព័រ​ណា​ខ្លះ​ដែរ។ មុខ​ងារ​នេះ DNS over HTTPS នេះ​ជួយ​ការ​ពារ​បាន​ទាំង​ស្រុង ​នូវ​គ្រប់​អាស័យ​ដ្ឋាន​គេហទំព័រ (URL) ដែល​អ្នក​បាន​ចូល​មើល។

    នៅ​ពេល​ដែល​អ្នក​ប្រើ​មុខ​ងារ​នេះ ក្រុម​ហ៊ុន​អ៊ីន​ធឺណិត (ISP) នឹង​ដឹង​ថា​អ្នក​បាន​ធ្វើ​ការ​ភ្ជាប់​ទៅ​កាន់​ម៉ាស៊ីន​មេ​របស់​ភ្នាក់​ងារ ឬសេវាកម្ម DNS ណាមួយ​ដែល​អ្នក​បាន​ប្រើ (ឧទាហរណ៍ ប្រសិន​បើ​អ្នក​ប្រើ Cloudflare នោះ​ពួក​គេ​នឹង​ដឹង​ថា​អ្នក​ភ្ជាប់​ទៅ​កាន់​ Cloudflare) ប៉ុន្តែ​ពួក​គេ​មិន​ដឹង​ពី​គេហទំព័រ​ដែល​អ្នក​ចូល​មើល​នោះ​ទេ។ អ្នក​អាច​បើក​មុខ​ងារ DNS over HTTPs បាននៅលើកម្មវិធី​រុក​រក នៅលើ​កុំព្យូទ័រ​ និងទូរស័ព្ទ។

    រូបភាព៖ ssd.eff.org
    រូបភាពនេះ បង្ហាញថា​ នៅពេលដែលអ្នកបើកមុខងារ DNS over HTTPS នោះអាស័យដ្ឋានគេហទំព័រ និងតំណភ្ជាប់បន្តបន្ទាប់នៃគេហទំព័រដែលអ្នកចូលមើល នឹងត្រូវបានការពារ

    ​ក្នុង​អត្ថបទ​នេះ យើង​នឹង​បង្ហាញ​តែ​ពី​របៀប​ក្នុង​ការ​បើក​មុខ​ងារ​ DoH នៅ​លើ​កម្មវិធី​រុក​រក​ (Firefox និង Google Chrome) នៅលើទូរស័ព្ទអែនដ្រយ (Android) និងកុំព្យូទ័រដំណើរការដោយ Windows 11។

    របៀប​បើក​មុខ​ងារ DoH នៅ​លើ Firefox

    Firefox បាន​ដាក់​ដំណើរ​ការ​មុខ​ងារ​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​ដល់​អ្នក​ប្រើ​ប្រាស់​របស់​ខ្លួន​នៅ​ ប្រទេស​មួយ​ចំនួន ដូច​ជា​នៅ​សហរដ្ឋ​អាមេរិក បាន​ដាក់​ដំណើរ​ការ​តាំង​ឆ្នាំ​២០១៩ នៅ​ប្រទេស​កា​ណា​ដា ដាក់​ដំណើរ​ការ​ក្នុង​ឆ្នាំ​២០២១ នៅ​រុស្សី និង​អ៊ុយ​ក្រែន ដាក់​ដំណើរ​ការ​ក្នុង​ខែ​មីនា ឆ្នាំ​២០២២​នេះ។ សម្រាប់​ប្រទេស​ដទៃ​ផ្សេង​ទៀត ដូច​ជា​នៅ​កម្ពុជា​ជា​ដើម អ្នក​ប្រើ​ប្រាស់​ត្រូវ​ចូល​ទៅ​បើក​មុខ​ងារ​នេះ​ដោយ​ខ្លួន​ឯង។

    ដើម្បី​ចូល​ទៅ​បើក​មុខ​ងារ​នេះ សូម​មើល​តាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម៖

    1. ចុច​លើ Menu > Settings
    2. ចូល​ទៅ​កាន់ General > ស្វែង​រក Network Settings
    3. ចុច Settings ត្រង់ Network Settings > បន្ទាប់​មក​អ្នក​នឹង​ឃើញ​ផ្ទាំង Connection Settings បង្ហាញ
    4. អូស​ចុះ​ក្រោម​ ទៅ​កាន់ Enable DNS over HTTPS
    5. ធីក​លើ​ប្រអប់​នៅ​ខាង​មុខ Enable DNS over HTTPS ដូច​រូប​ខាង​ក្រោម > បន្ទាប់​មក​ចុង OK

    របៀប​បើក​មុខងារ DoH នៅ​លើ Google Chrome

    នៅ​លើ Google Chrome អ្នក​អាច​ចូល​ទៅ​កាន់​មុខ​ងារ​នេះ ដូច​ខាង​ក្រោម៖

    1. ចុច​លើ​សញ្ញា ចុច​បី (…)
    2. Settings
    3. Privacy and Security
    4. Security ដែល​នៅ​ផ្នែក​ខាង​ស្តាំ
    5. អូស​ចុះ​ក្រោម ស្វែង​រក Use Secure DNS
    6. បើក​មុខ​ងារ​នេះ ដោយ​អូស​ទៅ​ខាង​ស្តាំ ដូច​បង្ហាញ​ក្នុង​រូប

    របៀប​បើក​មុខ​ងារ DoH នៅ​លើទូរស័ព្ទ Android

    ដើម្បីអាចបើក​មុខងា DNS over HTTPS (DoH) នៅលើទូរសព្ទ Android បាន សូមអុនុវត្តតាមជំហានដូចខាងក្រោម៖

    1- ចូលទៅកាន់ Settings

    2- ចុចលើ Network & internet

    3- ចុចលើពាក្យ Advanced

    1. ចុចនៅលើ Private DSN

    4- ជ្រើស​រើស​យក​ Private DNS provider hostname និងបំពេញ​អាស័យដ្ឋាន DNS របស់ស្ថាប័នណាដែលអ្នកពេញចិត្ត > SAVE

    បើអ្នកចង់ប្រើ DNS របស់ក្រុមហ៊ុន Google អ្នកអាចវាយ dns.google ប្រសិនបើអ្នកចង់ប្រើ DNS របស់ Cloudflare សូមវាយបញ្ចូល one.one.one.one1dot1dot1dot1.cloudflare-dns.com។ យើង​ណែនាំ ឱ្យប្រើ DNS របស់​ Cloudflare ព្រោះគោល​ការ​ក្នុង​ការ​គោរព​ឯក​ជនភាព​ របស់អ្នក​ប្រើប្រាស់​ មាន​ភាព​ប្រសើរជាង។

    របៀប​បើក​មុខ​ងារ DoH នៅ​លើកុំព្យូទ័រប្រើ Windows 11

    1- ចូលទៅកាន់ Start Menu > Setting

    2- ស្វែង​រកពាក្យ Network and Internet នៅផ្នែក​ខាង​ឆ្វេង > ចុច​លើ Wi-Fi នៅផ្នែក​ខាង​ស្តាំ

    3- ចុចលើ Hardware properties

    4- ស្វែង​រក DNS server assignment > ចុច Edit

    5- ត្រង់ Automatic (DHCP) ជ្រើស​រើស​យក Manual

    6- ចុចលើ IPv4 អូស​ទៅ​​ខាង​ស្តាំ > ON

    7- ត្រង់ Preferred DNS បំពេញ​ អាស័យដ្ឋាន DNS Server ណាដែល​អ្នកពេញចិត្ត។ ក្នុងឧទាហរណ៍នេះយើងប្រើ DNS របស់ Cloudflare

    8- ត្រង់ DNS over HTTPS > ជ្រើស​រើស​យក On (automatic template)

    9- ត្រង់ Alternate DNS បំពេញ DNS មួយផ្សេងទៀត (ជាទូទៅយ៉ោងហោចណាស់ យើង​ត្រូវ​បំពេញ DNS ចំនួន២ ការពារក្នុងករណី DNS ណាមួយ​មានបញ្ហា នោះ​ឧបករណ៍របស់អ្នក​ និងប្រើ DNS មួយ​ផ្សេងទៀត)។

    10- អូសចុះក្រោម ត្រង់ IPv6 ចុច On និង​អនុវត្តដូច​ IPv4 ខាងលើ ប៉ុន្តែនៅត្រង់ កន្លែងបំពេញអាស័យ​ដ្ឋាន DNS អ្នក​ត្រូវប្រើ​ទម្រង់ DNS ដែលអាចប្រើជាមួយ IPv6 ដូចរួប​បង្ហាញខាង​ក្រោម។

    វិឌីអូ ពីរបៀបក្នុង​ការ បើក​មុខងារ DNS over HTTPs នៅលើ​ Windows 11

    ប្រភពៈ